FN ៖ ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បញ្ជាក់ថា ឆ្នាំ២០១៦ ប្រជាពលរដ្ឋកម្ពុជា បានទទួលការព្យាបាលជំងឺផ្លូវចិត្ត ចំនួន១០៧,៤៩៧នាក់ ដែលក្នុងនោះមានជំងឺថប់បារម្ភ២១%, ជំងឺធ្លាក់ទឹកចិត្ត១៣%, វិបតិ្ត នៃការដេក១២%, វិកលចរិតរ៉ាំរ៉ៃ១១%, ជំងឺបាយប៉ូឡា៦%, ជំងឺមេនៀ៥% និងជំងឺផ្លូវចិត្តផ្សេងៗជាច្រើនទៀត៣១%។
នេះតាមការលើកឡើង របស់លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានថ្លែងក្នុងទិវាសុខភាពពិភពលោក០៧មេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ជំងឺធ្លាក់ទឹកចិត្ត» នាទីសី្តការក្រសួងសុខាភិបាលនៅថ្ងៃទី០៧មេសានេះ ។
លោកវេជ្ជបណ្ឌិត បន្តថា ចំនួនខាងលើនេះ អាចមានអត្រាទាបនៅឡើយ បើប្រៀបធៀបនឹងរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញថា ជាមធ្យមប្រេវ៉ាឡង់ ចំនុចនៃជំងឺផ្លូវចិត្ត (ពីកម្រិតស្រាលទៅកម្រិតធ្ងន់) មានប្រមាណ១០% ក្នុងចំណោមមនុស្សពេញវ័យ នៃប្រជាពលរដ្ឋទូទៅ ។ ដោយផ្អែកលើប្រេវាឡង់នេះ នៅប្រទេសកម្ពុជា អាចមានអ្នកជំងឺផ្លូវចិត្ត ក្នុងចំណោមមនុស្សពេញវ័យ ប្រមាណ១លាននាក់ នេះបង្ហាញឲ្យឃើញថានៅមានអ្នកជំងឺផ្លូវចិត្តជាច្រើនទៀត ដែលមិនទាន់មកទទួលការព្យាបាល ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ថ្មីៗនេះ ក្នុងឆ្នាំ២០១៦ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោកនៅកម្ពុជា និងតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានធ្វើការអង្កេតស្តីពីការយល់ដឹង នៃជំងឺធ្លាក់ទឹកចិត្ត ឥរិយាបថ និងការស្វែងរកសេវា នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងចំណោមប្រជាពលរដ្ឋចំនួន១៥០នាក់ ហើយជាលទ្ធផលបឋម បានបង្ហាញថា ការយល់ដឹងពីជំងឺធ្លាក់ទឹកចិត្ត ដោយប្រើកម្រងសំនួរ ដែលមានពិន្ទុសរុប ពី០ ដល់២២ ឃើញថា ក្នុងចំណោមអ្នកផ្តល់ការសម្ភាសទាំងអស់ មានពិន្ទុជាមធ្យមភាគ៨,២៥។
លោកបន្ដថា នេះអាចបង្ហាញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ចំពោះជំងឺធ្លាក់ទឹកចិត្ត មានកម្រិតទាប ហើយឥរិយាបថ ចំពោះជំងឺផ្លូវចិត្ត ដោយប្រើកម្រងសំនួរ ដែលមានពិន្ទុសរុបពី០ ដល់៧៥ ឃើញថា ក្នុងចំណោមអ្នកផ្តល់ការសំភាសទាំងអស់ មានពិន្ទុជាមធ្យមភាគ ៤៥,០៣។ នេះអាចបង្ហាញពីឥរិយាបថអវិជ្ជមានរបស់ប្រជាពលរដ្ឋ ចំពោះជំងឺផ្លូវចិត្ត ក្នុងនោះមាន ការម៉ាក់ងាយ និងការរើសអើងផងដែរ ហើយការស្វែងរកសេវាសុខភាពផ្លូវចិត្ត ដោយប្រើកម្រងសំនួរ ដែលមានពិន្ទុសរុបពី០ ដល់៣០ ឃើញថាក្នុងចំណោមអ្នកផ្តល់ការសម្ភាសទាំងអស់ មានពិន្ទុជាមធ្យមភាគ ១៨,៦៩ នេះអាចបង្ហាញពី ឥរិយាបថក្នុងការស្វែងរកសេវាមិនបានសមស្រប ។
ជាប្រវតិ្តសាស្រ្ត បានកត់ត្រា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា «នៅប្រទេសកម្ពុជា សេវាសុខភាពផ្លូវចិត្ត បានចាប់កំណើតជាលើកដំបូងនៅឆ្នាំ១៩៤០ ដោយវេជ្ជបណ្ឌិតទី១ នៅកម្ពុជា គឺលោកវេជ្ជបណ្ឌិត សុន ម៉ម ដែលជាស្ថាបនិក នៃសេវាសុខភាពផ្លូវចិត្តនៅកម្ពុជា ដែលកាលណោះ បានដាក់ឈ្មោះសេវា សុខភាពផ្លូវចិត្តនោះថា ជាមនី្ទរពេទ្យ សុន ម៉ម ហើយជាការគួរឲ្យចាប់អារម្មណ៍ វេជ្ជបណ្ឌិតទី១ នៅកម្ពុជា បានជ្រើសរើស យកអាជីពជាវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា ។ ប៉ុន្តែមនី្ទរពេទ្យនោះ ត្រូវបានបំផ្លាញចោលក្នុងរបប ប៉ុល ពត ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលបច្ចុប្បន្ននេះ គឺជាមនី្ទរពេទ្យបង្អែកជ័យជំនះ នៅខេត្តកណ្តាល» ។
សូមបញ្ជាក់ថា សេវាសុខភាពផ្លូវចិត្តនេះ មានផ្តល់សេវាគ្រប់រាជធានី ខេត្តទាំងអស់ តែបើគិតចំនួនសេវាបច្ចុប្បន្នមាន១៧៧សេវា ក្នុងបណ្តាមនី្ទរពេទ្យ មានចំនួន៦៥ ទាំងមនី្ទពេទ្យបង្អែក និងមនី្ទរពេទ្យថ្នាក់ជាតិ ក្នុងមណ្ឌលសុខភាព មានចំនួន១១២ ។ បើនិយាយពីសេវាគ្រប់ដណ្តប់ គឺនៅមានកំរិតទាបនៅឡើយ ដោយសារតែនៅផ្នែកមនី្ទរពេទ្យមានប្រហែល៦០% តែបើនៅក្នុងមណ្ឌលសុខភាព មានតែ១០% ប៉ុណ្ណោះ តែក្រសួងសុខាភិបាល បានខិតខំរៀបចំផែនការ ដើម្បីពង្រីកសេវាសុខភាពផ្លូវចិត្តនេះ កាន់តែទូលំទូលាយជារៀងរាល់ឆ្នាំ ។
បើតាមរបាយការណ៍អង្គការសុខភាពពិភពលោក បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥ មានមនុស្ស៧៨,៨០០០ បានស្លាប់ដោយសារការធ្វើអត្តឃាត ដែលស្មើនឹង១.៥% នៃចំនួនអ្នកស្លាប់ទាំងអស់ ទូទាំងពិភពលោក នាឆ្នាំ២០១៥ ។ ការធ្វើអត្តឃាតជាមូលហេតុចម្បងដែលបណ្តាលឲ្យមានការស្លាប់ទូទាំងពិភពលោក ក្នុងចំណោមមនុស្សដែលមានអាយុ១៥ឆ្នាំ-២៩ឆ្នាំ ក្នុងឆ្នាំ២០១៥ ហើយ៧៨% នៃការធ្វើអត្តឃាតកើតឡើងនៅបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងឆ្នាំ២០១៥ ៕