ពិធីពីរប្រារព្ធក្នុងពេលតែមួយ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានរួមជាមួយឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក៏ដូចជា កីឡាករ/ការិនី និងបងប្អូនជនរួមជាតិ ដើម្បីធ្វើ ពិធីពីរដំណាលគ្នាតែម្ដង។ ពិធីទី ១ គឺសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលមួយចំនួន ដែលបាន កសាងឡើងតាំងពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៣។ ដែលពេលនោះ ដែលអាចនឹងផ្ដល់ឱកាស សម្រាប់ ការហ្វឹកហាត់ និងការប្រកួតទៅលើកីឡាមួយចំនួន។ ឯពិធីទី ២ គឺការបើកការដ្ឋាន សម្រាប់ទីលានប្រកួត ដែលហៅថា កីឡាដ្ឋានធំ ដែលជាជំនួយឥតសំណង នៃសាធារណរដ្ឋប្រជាមានិតចិន។
មូលហេតុដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣
ថ្ងៃនេះ វិស័យកីឡារបស់យើង គឺពិតជាមានសមិទ្ធផលថ្មី ដែលសម្រាប់បម្រើទៅដល់កិច្ចអភិវឌ្ឍន៍ នៃ វិស័យកីឡា។ ប៉ុន្តែ ដំបូងខ្ញុំគួរតែធ្វើការសូមអភ័យទោសសាជាថ្មីម្ដងទៀត ចំពោះជនរួមជាតិ ជាពិសេស កីឡាករ/ការិនី ដែលទាក់ទងនឹងការពន្យារជាម្ចាស់ផ្ទះស៊ីហ្គេម (SEA Games) រហូតទៅដល់ឆ្នាំ ២០២៣។ ដូចដែល ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍អម្បាញ់មិញនេះថា ប្រទេសនៅក្នុងតំបន់របស់យើងនេះ នៅតាមអក្ខរក្រម និងត្រូវផ្លាស់ប្ដូរវេនគ្នា ២ ឆ្នាំម្ដង ដើម្បីនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games)។ កម្ពុជាបានខកខានក្នុងទសវត្សរ៍ ៦០ ក៏ប៉ុន្តែ មកខកខានជាបន្តទៀតនៅក្នុងទសវត្សរ៍ ៩០ និងនៅក្នុងឆ្នាំ ២០០០ កន្លងទៅផង។
មូលហេតុដែលមានការពន្យារពេល ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ហេដ្ឋារចនាសម្ព័ន្ធ និង ធនធានមនុស្ស នៃវិស័យកីឡារបស់យើង ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ ម្យ៉ាងទៀត សេចក្ដីត្រូវការ របស់យើងនៅក្នុងប៉ុន្មានឆ្នាំមុននេះ និងនៅពេលនេះ គឺបញ្ហាទាក់ទងនឹងការកសាង និងស្ដារអភិវឌ្ឍន៍ ឡើងវិញ។ តម្រូវការថវិការបស់យើង គឺការកសាងផ្លូវ, កសាងស្ពាន, កសាងប្រឡាយទឹក, មន្ទីរពេទ្យ, សាលារៀនជូនប្រជាជន។ ដូច្នេះហើយ បានជាកម្ពុជាបានស្នើសុំការយោគយល់ពីសំណាក់ដៃគូអាស៊ាន នានា ថាកម្ពុជាសុំពន្យារការធ្វើជាម្ចាស់ផ្ទះនេះ។ ហើយនៅឆ្នាំ ២០១១ កន្លងទៅ មុនពេលដែលកីឡាករ/ ការិនីរបស់យើងទៅប្រកួតនៅឯប្រទេសឥណ្ឌូនេស៊ី ពេលនោះយើងក៏បានសម្រេចចិត្តថា នឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ ២០២៣។ ក្នុងពេលនោះដែរ ការប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០១១ នៅឯប្រទេសឥណ្ឌូនេស៊ី ខ្ញុំក៏បញ្ជាក់ប្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ាន ដែលសុំការយោគយល់ ដែល កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែ ត្រូវពន្យារពេលរហូតទៅដល់ឆ្នាំ ២០២៣។
ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន ដែលផ្ដល់ការយោគយល់ចំពោះកម្ពុជា នៅក្នុងពេលដែលខ្លួនមានអាទិភាពអំពីតម្រូវការ នៃការកសាងប្រទេស ទាក់ទងជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច (និង)សង្គមរបស់ខ្លួន។ ដូចដែលបានដឹងហើយថា គ្រាន់តែ ចំណាយទៅលើការរៀបចំកីឡាមួយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គបានរហូតទៅដល់ ៣ ឬ ៤ ឬ ៥ ឯ ណោះ។ អញ្ចឹងទេ បានជាតម្រូវការពេលនោះ មិនទាន់ហ៊ានសុំមិត្តចិន ដើម្បីជួយកសាងពហុកីឡាដ្ឋាន នេះទេ ប៉ុន្តែ សុំមិត្តចិនឲ្យជួយកសាងស្ពាន កសាងផ្លូវឯណោះទៅវិញ។
អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ យល់ថា ប្រជាពលរដ្ឋរបស់យើង ជាពិសេស កីឡាករ/ការិនីរបស់យើង មិនបន្តុះ បង្អាប់អំពីអសមត្ថភាពរបស់ខ្ញុំ ឬរបស់គណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាល ទៅលើបញ្ហាការធ្វើ ស៊ីហ្គេម (SEA Games) នោះទេ។ ដោយសារតែតម្រូវការពិតប្រាកដរបស់ប្រជាជន គឺទាក់ទងនឹងហេដ្ឋា រចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងជីវភាពគ្រួសារ បន្ទាប់ពីប្រទេសនេះបានឆ្លងកាត់ នូវសង្គ្រាម ក៏ដូចជារបបប្រល័យពូជសាសន៍។
ថ្ងៃទី ៤ ខែ មេសា
ថ្ងៃនេះ គឺជាថ្ងៃទី ៤ ខែ មេសា ដែលបងប្អូនជនរួមជាតិបានធ្វើការជូនពរមកដល់ខ្ញុំ។ ដែលអម្បាញ់មិញនេះ ឯកឧត្តម ថោង ខុន ក៏បានជូនពរខ្ញុំ។ ប៉ុន្តែ ខ្ញុំគួរតែបញ្ជាក់បន្ដិច មុននឹងនិយាយទៅដល់វិស័យកីឡា។ ទាក់ទងទៅនឹងថ្ងៃទីនេះ ការពិតមិនមែនជាថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំនោះទេ តែវាគឺជាថ្ងៃចាប់ផ្ដើម នៃ ការផ្លាស់ប្ដូរជីវភាពពីជនស៊ីវិល ទៅកាន់ក្របខណ្ឌជាអ្នកចូលរួមរំដោះជាតិ ក្រោយពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ រដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ដែលបង្កើតឡើងនូវសង្គ្រាម និងការឈ្លានពាន របស់បរទេស។ នៅពេលនោះ ខ្ញុំមិនបានចាំទៅថ្ងៃខែដែលខ្ញុំកើតនោះទេ។ ថ្ងៃទី ៤ នេះ យុវជនប្រមាណ ជាង ៣០០ នាក់ បានចូលទៅកាន់ព្រៃម៉ាគី។ ពេលដែលមានការចុះឈ្មោះនោះ គេសួរថាកើតថ្ងៃអី ខែអី? ខ្ញុំមិនដឹងយកថ្ងៃអីខែអី ក៏យកថ្ងៃ ៤ ខែ ៤ ហ្នឹងតែម្ដង ព្រោះចូល(ព្រៃម៉ាគី) ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ១៩៧០។ អញ្ចឹង យកថ្ងៃទី ៤ ខែ មេសា ឆ្នាំ ១៩៥២ ធ្វើជាថ្ងៃកំណើត។
បើគិតទៅតាមថ្ងៃកើតពិតប្រាកដ គឺនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ ដែលត្រូវនឹងថ្ងៃ អង្គារ៍ ១៥ កើត ខែ ស្រាពណ៍ ឆ្នាំរោង ឯណោះទៅវិញទេ។ អញ្ចឹង មនុស្សកើតឆ្នាំរោង និងថ្ងៃ អង្គារ៍ គឺជាមនុស្សក្បាលរឹង ក៏ ប៉ុន្តែ រឹងតែជាមួយពួកអាក្រក់ទេ តែទន់ជាមួយនឹងប្រជាពលរដ្ឋ ហើយដែលស្ថានភាពនេះហើយ តម្រូវឲ្យខ្ញុំ បន្តការងាររហូតមកដល់ពេលនេះ។ ប៉ុន្តែ មានចំណុចមួយថា ហេតុអីបានជាបញ្ហាអាយុកើតឆ្នាំ ១៩៥២ មកចេញ ១៩៥១? ចំណុចនេះវាមានប្រវត្តិមួយរបស់វាទៀត។ នៅថ្ងៃ ៨ ខែ មករា ឆ្នាំ ១៩៧៩ នៅពេលនោះគឺមានការបង្កើតរដ្ឋាភិបាល ដែលហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា។ ខ្ញុំត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសនៅពេលនោះ ដែលមានវ័យត្រឹមតែ ២៧ ឆ្នាំ តែប៉ុណ្ណោះ។ អញ្ចឹង ក៏ដាក់ថ្ងៃ ៤ ខែ មេសា ឆ្នាំ ១៩៥២ ទៅទៀត។ ដល់ទៅពេលគេយកទៅវាយ វាយចេញ ១៩៥១ ហើយប្រវត្តិរូបប្រកាស បាត់ទៅហើយ ព្រោះគេឲ្យប្រកាសប្រវត្តិរូបរដ្ឋមន្រ្តីការបរទេស។ អញ្ចឹង បានវាចេញ ១៩៥១ ដល់ឥឡូវហ្នឹង គេជូនពរខុសរហូត។ ប៉ុន្តែ អរគុណជាមួយនឹងការជូនពរទាំងអស់នេះ ពិតមែនតែមិនមែនចំ(ថ្ងៃ)កំណើត ពិត ប៉ុន្តែ ជា(ថ្ងៃ)កំណើតផ្លូវការ នៃការធ្វើការងារ តែក៏លើសមួយឆ្នាំហើយដែរ។
តែងយកថ្ងៃ ៤ មេសា សម្ពោធសមិទ្ធផលនានា ឬធ្វើពិធីជាផលប្រយោជន៍សាធារណៈ
ឥឡូវថ្ងៃនេះ ក៏ជាថ្ងៃដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលផង និងបើកការដ្ឋានសម្រាប់ការ សាងសង់ពហុកីឡាដ្ឋានផង ហើយល្ងាចនេះ គឺជាពេលវេលានៃការជួបជុំជាមួយកីឡាករ/ការិនីមួយឆ្នាំ ម្តង។ ល្ងាចនេះយើងនឹងជួបគ្នា ដើម្បីទទួលទានអាហារនៅកោះពេជ្រ ដែលជាការជួបជុំដ៏ធំមួយ ប្រមាណ ជាជាង ៣.០០០ នាក់ នៃកីឡាករ/ការិនី សង្ឃឹមថា ល្ងាចនេះយើងនឹងនាំគ្នារាំបទឆ្កែរត់បុកប៉ោត។ ត្រៀម ភ្លេងឲ្យហើយទៅ មានរាំញីកែងជើង មានរាំអញ្ចេះ មានរាំឆ្កែរត់បុកប៉ោត។ មិនមែនជាបញ្ហាការធ្វើបុណ្យ ខួបកំណើតរបស់ខ្ញុំនោះទេ ក៏ប៉ុន្តែ ខ្ញុំតែងតែប្រើប្រាស់នូវថ្ងៃទី ៤ ខែ មេសា ដើម្បីសម្ពោធសមិទ្ធផល ឬក៏ ធ្វើពិធីនេះពិធីនោះ ដែលជាផលប្រយោជន៍សាធារណៈរបស់ប្រជាជន។
អាងហែលទឹកដែលអាចលោត និងរាំក្នុងទឹកបាន
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះ ឯកឧត្តម ថោង ខុន ក៏ដូចជា ក្រុមការងារ ដែលបានខិតខំកសាងនូវសមិទ្ធផលទាំងឡាយ ដែលក្នុងនោះ មានអាងហែលទឹក ដែលសូមផ្តាំផ្ញើទៅ កីឡាករ/ការិនី ឬក៏អ្នកស្រឡាញ់នូវកីឡា ឲ្យមកចូលរួមទីនេះ យើងមានកន្លែងរាំក្នុងទឹកហើយដែរ។ ដូច្នេះ ជាកន្លែងប្រកួតខ្នាតអន្តរជាតិ ក្រៅពីខេត្តកំពង់ចាម និងខេត្តមួយចំនួន។ កន្លែងនេះ យើងអាចលោតពី ខាងលើ ហើយមករាំនៅក្នុងទឹកជាដើម។ មណ្ឌលសម្រាប់ការហ្វឹកហាត់នានា អគារសម្រាប់ស្នាក់នៅ កន្លែងបាល់បោះ បាល់ទះ និងកីឡាជាច្រើនទៀត។ ហើយថ្ងៃនេះ ចៅរបស់ខ្ញុំមួយថាទាមទារមកដែរ ស្រាប់តែមិនឃើញគេទាមទារមកដែរ ព្រោះគេថា គេជាអ្នកត្រូវចូលរួមដើម្បីហ្វឹកហាត់ការ៉ាតេនៅក្នុងនេះ។ មើលទៅខ្ញុំបង្កើតកីឡាបាល់ទាត់ត្រកូល ហ៊ុន មិនបានទេ? ព្រោះអាមួយចង់នេះ អាមួយចង់នោះ ចូលចិត្ត បាល់ទាត់តែ ៣ នាក់ អាប៉ុន្មានទៀតវាទៅផ្សេងអស់ទៅ។ អញ្ចឹង ទៅបង្ខំមិនបានទេ ឥឡូវ សុខចិត្តថាឲ្យ គេទៅខាងណាក៏ទៅៗចុះ។
ក្រៅពីជាកន្លែងហ្វឹកហាត់ និងប្រកួត ក៏ជាតំបន់ទេសចរណ៍ទាក់ទាញមួយផងដែរ
យើងមានការកសាងលើផ្ទៃដីនេះ ដោយមានអគារទាំងនេះ ហើយចាប់ផ្តើមប្រើប្រាស់ចាប់ពីពេលនេះតទៅ ទៅលើការហ្វឹកហាត់ និងការប្រកួតនានា ដែលមានតម្រូវការ ត្រូវមកចូលរួមការប្រកួតនៅទីនេះ។ ផ្ទៃដី ៨៥ ហិកតា គឺប្រើប្រាស់សម្រាប់ការកសាងមជ្ឈមណ្ឌល ឬនៅទីនេះប្រសិទ្ធនាមថា ពហុកីឡាដ្ឋានជាតិមរតក តេជោ។ យើងបានកសាងនូវដំណាក់កាលទី ១ រួចហើយ ដែលសូមអរគុណ និងកោតសរសើរ ចំពោះការ ខិតខំកសាងនូវសមិទ្ធផលនេះ។ ហើយសូមប្រជាពលរដ្ឋ ដែលនៅទីជិត/ឆ្ងាយ និងចង់មកទស្សនា ក៏សូមអញ្ជើញមកទស្សនានៅកន្លែងនេះ នាំកូនចៅមកមើល បើទោះបីមិនមកហាត់ ឬលេងកីឡា ក៏អាចក្លាយ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ។
កីឡាដ្ឋាននេះជាជំនួយឥតសំណងធំជាងគេទៅបរទេសរបស់ចិន ដែលមិនធ្លាប់មានពីមុនមក
សម្រាប់ផ្នែកទី ២ ថ្ងៃនេះ យើងនឹងបើកការដ្ឋាន ដើម្បីសាងសង់កីឡាដ្ឋានដ៏ធំ ដែលជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងជំនួបជាមួយខ្ញុំ បាន ប្រកាសជូនជាអំណោយជាជំនួយឥតសំណង សម្រាប់ពហុកីឡាដ្ឋានរបស់កម្ពុជា ដែលភាគច្រើនទាក់ទង ជាមួយនឹងផ្នែកកីឡាបាល់ទាត់ ហើយដែលស្ថាបត្យកម្ម និងការរៀបចំទាំងអស់នេះ ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានលើកអម្បាញ់មិញរួចហើយ ថានេះជាការផ្តល់ជំនួយធំជាងគេទៅ បរទេសដែលមិនធ្លាប់មានពីមុនមក។ តាមរយៈ ឯកឧត្តមអគ្គរដ្ឋទូត ខ្ញុំសូមផ្ញើនូវការអរគុណ ចំពោះឯក ឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម នាយករដ្ឋមន្រ្តី លី កឺឈាង ក៏ដូចជា ថ្នាក់ដឹកនាំបក្សកុំម្មុយ នីស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានឧបត្ថម្ភគាំទ្រ ទៅដល់វិស័យកីឡារបស់កម្ពុជា ដែលនេះ ជាផ្នែកមួយនៃទំនាក់ទំនងខាងវប្បធម៌ និងកីឡា រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមា និតចិន នៅក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២។
ថ្ងៃនេះ យើងពិតជាទទួលសមិទ្ធផលដ៏ធំ ហើយដែលប្លង់ស្ថាបត្យកម្មត្រូវបានឆ្លងចុះឆ្លងឡើង ហើយមាន ការអនុម័តចុងក្រោយដោយខ្លួនខ្ញុំផ្ទាល់។ យើងបានជ្រើសរើសយករចនាបទដូចសំពៅនៅផ្នែកខាងលើ។ ចំណុចនេះបង្ហាញពីទំនាក់ទំនងទៅមករកគ្នា រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ហើយវាក៏សមស្របជាមួយនឹងវិថីសូត្រសមុទ្រ និងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលដាក់ចេញដោយ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង។
ទំនាក់ទំនង រវាងកម្ពុជា និងចិន មានតាំងពីឆ្នាំ ១២៩៦
ប្រវត្តិសាស្រ្តដើមរបស់កម្ពុជាក្តី របស់ប្រទេសក្នុងតំបន់ក្តី របស់ប្រទេសចិនក្តី គឺការធ្វើដំណើរតាមសំពៅ ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នា ទំនាក់ទំនង រវាងកម្ពុជា និងចិន មានតាំងពីឆ្នាំ ១២៩៦ ដែល Zhou Daguan បានធ្វើដំណើរមកកាន់កម្ពុជា។ យើងបានឃើញនូវស្លាកស្នាមជាច្រើន ដែលកាណូត សំពៅ នៅពេលនោះ បានលិចនៅក្នុងតំបន់កោះកុង និងខេត្តព្រះសីហនុ បានលិចនៅក្នុងតំបន់ទន្លេសាប បានលិចនៅក្នុងតំបន់កោះចិន។ កោះចិនហ្នឹង គឺកន្លែងចិនលិចសំពៅ លិចទូក ហើយនៅកណ្តាលទន្លេសាប។ មាននៅវត្តព្រែកហ្លួងរបស់យើងនេះ នៅមានចាមមួយចំនួន ដែលមាននៅក្នុងរជ្ជកាលឆេង ហើយដែល មានពាក្យពេជន៍សរសេរនៅក្នុងនោះ។ ខ្ញុំមិនចេះចិនទេ ក៏ប៉ុន្តែ មានការនិយាយថា ទឹកហូរមិនត្រឡប់។ ខ្ញុំមិនមែនមើលភាសាចិនទេ ខ្ញុំឲ្យគេបកប្រែឲ្យស្តាប់ទេ។ អញ្ចឹង បានខ្ញុំសួរគេថា ម៉េចសរសេរនៅក្នុងចានអញ្ចឹង? គេចង់និយាយថា ការផ្លាស់ប្តូររជ្ជកាល គឺមិនអាចវិលត្រឡប់បានទេ។ ការផ្លាស់ប្តូរពីរជ្ជកាលថាង ទៅរជ្ជកាលសុង ហើយពីសុងមកម៉េង ពីម៉េងមកឆេង …។ ពិតមែនតែមានការតស៊ូ ដែលប៉ុន្មានថ្ងៃនេះ រាប់ទាំងថ្ងៃនេះផង វាមានទាំងឆេងម៉េង ម៉េចទៅបានហៅថា ឆេងម៉េង? ការពិតនៅស្រុកចិនអត់មានឆេងម៉េង ទេ មានតែចិននៅស្រុកខ្មែរឆេងម៉េងទាំងអស់ មិនដឹងថានៅស្រុកចិនពេលវេលាហ្នឹងសែនផ្នូរឬអត់ ឯក ឧត្តមអគ្គរដ្ឋទូត? អញ្ចឹងដូចគ្នាចិននៅស្រុកខ្មែរ និងចិននៅស្រុកចិន។ ព្រោះអញ្ចេះ ស្រុកខ្មែរយើងមាន ឆេងម៉េង មិនដឹងថាស្រុកចិនមានឬអត់? បានជាសួរគាត់។ រួចអារឿងសែនក្បាលទឹក សែនក្បាលទឹក នៅស្រុកចិន សែនអ្នកស្រុកខ្មែរដែរ។ អ្នកណាដែលនៅក្រោមតំបន់ទីបេ អ្នកហ្នឹងនិយមសែនក្បាលទឹក ដោយសារតែទាក់ទងទឹកធ្លាក់ពីតំបន់ទីបេ ហើយហូរចូលមកឡានឆាង និងមេគង្គរបស់យើងនេះ។ ដូច្នេះ បានគេសែនក្បាលទឹក។ ប៉ុន្តែអ្នកនៅឯតំបន់ដូចជាជាប់ព្រំប្រទល់រុស្ស៊ី គាត់មានសែនក្បាលទឹកឯណា? អត់ផងហ្នឹង ប៉ុន្តែ សែនព្រះខែអាហ្នឹង គឺមាន។ អញ្ចឹង ការជ្រើសរើសយកសំពៅ គឺបង្ហាញអំពីទំនាក់ ទំនងមិត្តភាព រវាងកម្ពុជា និងចិន ដែលជ្រើសរើសរចនាបថនៅខាងលើ។
កីឡាដ្ឋានមរតកតេជោ នឹងប្រើប្រាស់ប្រកួតផ្ទៃក្នុង ប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតជាម្ចាស់ផ្ទះ
ការកសាងនេះ ដោយសម្រិតសម្រាំងខ្ពស់ណាស់ ស្ថាបត្យកម្ម និងអ្នកកសាង ហើយវិធីដែលយើងដោះ ស្រាយ ដែលយើងធ្លាប់មានពិសោធន៍រួចស្រេចទៅហើយ ការដោះស្រាយត្រូវធ្វើយ៉ាងម៉េចដើម្បីធានាថា នៅកន្លែងនេះមានសុវត្ថិភាពគ្រប់គ្រាន់ បើសិនជាមានសភាពការណ៍អ្វីកើតឡើង រំដោះប្រជាជន ៦ ម៉ឺន នាក់ ដែលកំពុងទស្សនាការប្រកួតកីឡាត្រឹមតែ ៧ នាទីប៉ុណ្ណោះ អាចចេញពីចំណុចដែលត្រូវជម្លៀស។ ដូច្នេះការកសាងនៅទីនេះ វានឹងក្លាយទៅជាកន្លែងដ៏សំខាន់មួយ សម្រាប់កម្ពុជាប្រើប្រាស់ធ្វើការប្រកួតផ្ទៃ ក្នុងផង ប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិផង និងប្រកួតធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម (SEA Games)ផង។
ប្រសិនបើយើងប្រើប្រាស់ថវិកាខ្លួនឯង ប្រហែលជាមានការលំបាកបន្តិច សូម្បីតែ ឯកឧត្តម ថោង ខុន បានលើកឡើងទាក់ទងនឹងដំណាក់កាលទី ៣ ដែលត្រូវការសាងសង់បង្ហើយ ក្នុងនោះ មានទីលានប្រកួតកីឡាវាយកូនបាល់ Tennis ខ្នាតអន្តរជាតិ, ទីលានកីឡា Hockey ក្នុងសាល, ទីលានកីឡាបាញ់កាំភ្លើងក្នុងសាល, អគារស្នាក់នៅបន្ថែមកីឡា ចំនួន ៤០០ នាក់ និងគ្រូបង្វឹក ៣០០ នាក់បន្ថែម ក៏មិនទាន់ត្រៀមទុកនូវថវិកានៅឡើយ ប៉ុន្តែមានក្តីសង្ឃឹមមួយថា មិត្តចិននឹងជួយបំពេញនូវការខ្វះចន្លោះនេះបន្ថែម អបអរសាទរទុកជាមុន។ ខ្ញុំពិតជានឹងលើកសំណើនេះជាមួយមិត្តចិន ក្នុងឱកាសសមស្របណាមួយ តែប្រហែលមិនលើកក្នុងឱកាសខ្ញុំធ្វើទស្សនកិច្ចនៅខែ ឧសភា នេះទេ ដោយសារអានេះទើបបើកការដ្ឋាន មិនទាន់បានសាងសង់ប៉ុន្មានផង ទៅសុំទៀតហើយ។ អញ្ចឹង ប្រហែលជាអាចពន្យារពេលបន្តិច ប៉ុន្តែ សង្ឃឹមច្រើនទៅលើមិត្តចិនតែម្តង។
យើងអាចលេងកីឡាបានដោយសារតែប្រទេសមានសន្តិភាព និងស្ថេរភាព
ឥឡូវ យើងបានមានអគារហ្វឹកហាត់ បានមានទីកន្លែងប្រកួត មិនថានៅកន្លែងនេះ តែនៅកន្លែងដទៃៗ ដែលមានរួចទៅហើយ។ យើងត្រូវពង្រឹងសមត្ថភាពកីឡារបស់យើង។ ល្ងាចនេះ ខ្ញុំនឹងមានសង្កថាដោយឡែក ក្នុងពិធីជួបជុំបាយជាមួយកីឡាករ/ការិនីរបស់យើង។ គ្រាន់តែមានពហុកីឡាដ្ឋានល្អ មានកន្លែងប្រកួតល្អ ហើយបែរជាសមត្ថភាពកីឡាមានកម្រិត … ប៉ុន្តែយ៉ាងណាក៏ដោយ វិស័យកីឡារបស់យើងបានរីកលូតលាស់ពីដំណាក់កាលមួយមកកាន់ដំណាក់កាលមួយ ហើយខ្ញុំពិតជាមានការពេញចិត្តជាមួយការលើកឡើងរបស់ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនថា ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាទទួលបាននូវសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេង ដែលមូលហេតុជាអាទិភាព គឺដោយសារតែមានបរិយាកាសអភិវឌ្ឍន៍ដោយសន្តិភាព និងស្ថេរភាព។
កីឡាគឺជាសកម្មភាពដ៏វិសេសវិសាលមួយ ដែលអាចមានដំណើរក្នុងបរិយាកាសសុខសន្តិភាព។ នៅក្នុងប្រទេស និងតំបន់ ដែលមានសង្គ្រាមមួយចំនួន កីឡាគឺជារបស់ដ៏មានតម្លៃមួយ ដែលអាចប្រើបានត្រឹមតែស្រមៃប៉ុណ្ណោះ មិនអាចសម្រេចក្តីប្រាថ្នាបានឡើយ។ ហេតុដូច្នេះ នៅពេលដែលយើងទាំងអស់គ្នាកំពុងលេងកីឡាដោយក្តីសប្បាយរីករាយ សូមកុំភ្លេចថា យើងត្រូវតែដឹងគុណដល់សន្តិភាព និងស្រឡាញ់សន្តិភាព។ នេះជាការពិតមួយដែលមិនអាចប្រកែកបាន ដែលកម្ពុជាខ្លួនឯងបានឆ្លងកាត់ និងប្រទេសមួយចំនួនបានឆ្លងកាត់ និងប្រទេសមួយចំនួនបានឆ្លងកាត់។ ប្រទេសដែលមានសង្គ្រាម កំពុងមានសង្គ្រាម ការប៉ងប្រាថ្នា ដើម្បីជោគជ័យនៅក្នុងវិស័យកីឡា គ្រាន់តែជាក្តីស្រមៃ ដែលមិនអាចក្លាយទៅជាការពិតបាន។
សម្រាប់ប្រទេសកម្ពុជាឆ្លងកាត់នូវសង្គ្រាម យើងបាត់បង់ មិនត្រឹមតែមិនបានសម្រេចនូវបំណងប្រាថ្នា របស់ខ្លួនទេ។ នៅក្នុងទសវត្សរ៍ ៦០ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គក៏បានធ្វើឲ្យវិស័យកីឡារបស់យើងរីកលូតលាស់ឡើង ប៉ុន្តែ វាក៏បានបាត់បង់ត្រឡប់ទៅវិញ នៅពេលដែលប្រទេសមានសង្គ្រាម។ យើងបានប្រឹងឈានឡើងបន្តិចម្តងៗ ឥឡូវ គ្រប់ទីកន្លែងទាំងអស់ សុទ្ធតែមានតម្រូវការផ្នែកកីឡា ដោយសារតែប្រទេសរបស់យើងបានបញ្ចប់សង្គ្រាម បញ្ចប់នូវស្ថានភាព ប្រទេសមួយតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រាមួយរដ្ឋធម្មនុញ្ញមួយ, ព្រះម ហាក្សត្រតែមួយ, រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ ដូច្នេះហើយបានជាយើងទាំង អស់គ្នាត្រូវខិតខំក្តាប់ឲ្យជាប់ និងរក្សាឲ្យបាននូវសន្តិភាព ដែលយើងរកបានដោយលំបាកលំបិន។ ទម្រាំ មានថ្ងៃនេះ ប្រជាជនបានបូជាជីវិតច្រើនណាស់ ហើយក៏បានស្លាប់ច្រើនណាស់។
សន្តិភាពនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ថ្ងៃនេះ យើងមានសមិទ្ធផល គ្មានការបំផ្លាញណាទៀតទេ ប្រសិនបើគ្មានសង្គ្រាម។ នៅពេលដែលយើងមានសង្គ្រាម កសាងស្ពាន (គឺ)ត្រូវវ៉ៃដាច់ស្ពាន, កសាងសាលា(រៀន) គឺឆេះសាលា ប៉ុន្តែ ចាប់ពីពេលដែលយើងមានសន្តិភាព គឺសន្តិភាពនោះ ផ្តល់ឱកាសឲ្យយើងកសាងសមិទ្ធផលទាំងឡាយ និងផ្តល់ឱកាសឲ្យយើងឈានទៅរកការរីកចម្រើនតាមដំណាក់ៗ។ ឥឡូវនេះ កីឡារបស់យើងកាន់តែមានលទ្ធភាពខ្ពស់ ឡើងៗ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ហ្វឹកហ្វឺនតាមរយៈ នៃការផ្តល់ឱកាសពីសំណាក់រាជរដ្ឋាភិបាល។ ការ លើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជា ឱកាសធំជាងគេ គឺឱកាស នៃសន្តិភាពដែលយើងបាន នឹងកំពុងទទួលផលពីសមិទ្ធផលនេះ។
គ្រប់សហព័ន្ធបន្តពង្រឹងសមត្ថភាពកីឡា/ប្រជាពលរដ្ឋចូលរួមគាំទ្រ និងបង្កើនសកម្មភាពលើវិស័យកីឡា
ខ្ញុំពិតជាអរគុណ ជាមួយនឹងគ្រប់សហព័ន្ធកីឡាទាំងឡាយ ដែលបានខិតខំឆ្លងកាត់ពីដំណាក់កាលមួយ មកកាន់ដំណាក់កាលមួយ ហើយសង្ឃឹមថា គ្រប់សហព័ន្ធទាំងអស់ហ្នឹងបន្ត ដើម្បីពង្រឹងនូវសមត្ថភាព នៃកីឡារបស់យើងនៅតាមសហព័ន្ធនានា។ ហើយក៏សុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ចូលរួម និងគាំទ្រនូវចំពោះវិស័យកីឡា និងចូលរួមហាត់កីឡា ដែលនៅក្នុងឱកាស នៃការប្រកួតថ្នាក់ជាតិលើកទី ១ ខ្ញុំបានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងហាត់កីឡា ហើយ(ត្រូវ)ចេះកីឡាមួយយ៉ាងតិច ប្រសិនបើយើងចេះច្រើន គឺជាការល្អ។
ជនពិការ ពិការតែរាងកាយ តែមិនពិការផ្លូវចិត្តទេ
ថ្ងៃនេះ យើងក៏បង្ហាញនូវវត្តមាន នៃកីឡាជនពិការរបស់កម្ពុជា ដែលជាកីឡាធ្លាប់បានឆ្លងកាត់នូវការ ប្រកួតក្នុងប្រទេស និងកីឡាដែលធ្លាប់បានចេញទៅប្រកួតនៅក្រៅប្រទេស ដែលនាំមកនូវមោទនភាពជាតិ។ ខ្ញុំមិនធ្វើប្រធានគណៈកម្មាការអូឡាំពិកទេ ក៏ប៉ុន្តែ ខ្ញុំធ្វើជាប្រធានគណៈកម្មាការប៉ារ៉ាអូឡាំពិក ដែលទាក់ទងនឹងការលើកទឹកចិត្តជនពិការ។ យើងពិការរាងកាយ តែយើងមិនបានពិការផ្លូវចិត្តនោះទេ។ ប្អូនៗ ក្មួយៗទាំងឡាយ ហ្វឹកហាត់កីឡាជាបន្តទៀត។ ឯខ្ញុំក៏លេងកីឡា ហើយក៏អាចយកឈ្នះអ្នកដែលមិនពិការបានដែរ ជាពិសេស គឺកីឡាវាយកូនហ្គោល ដែលនៅមិនឆ្ងាយពីទីនេះ … (លេង) កីឡាដើម្បីសុខភាព កីឡានាំមកនូវមិត្តភាព កីឡាគ្មានប្រកាន់នូវពូជសាសន៍នោះទេ។
កម្ពុជាបានបំពេញកិច្ចការទាក់ទងនឹងវិស័យកីឡា តាមរយៈផលិតផលនៅក្នុងប្រទេស
នៅលើពិភពលោក ការចំណាយទៅលើកីឡា គឺពិតជាមានចំនួនច្រើនណាស់ ទាំងគ្រប់ផ្នែក។ បើគិតអំពី សម្ភារៈកីឡាដែលគេផលិត សម្រាប់យកទៅផ្គត់ផ្គង់កីឡា គឺពិតជាប្រើប្រាស់នូវថវិកាដ៏ធំ។ ក្នុងនោះ គ្រាន់ តែសម្លៀកបំពាក់កីឡា ស្បែកជើងកីឡា ហើយសម្រាប់កម្ពុជា កម្ពុជាក៏បានបំពេញនូវកិច្ចការទាក់ទងនឹង វិស័យកីឡានេះ តាមរយៈផលិតផលដែលផលិតនៅប្រទេសកម្ពុជា(មាន)ពីរបែប។ ទី ១. គឺកង់ប្រណាំង ដែលផលិតនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង សម្រាប់ការនាំចេញទៅលក់នៅក្រៅប្រទេស បម្រើឲ្យការ ប្រណាំងកង់។ ទី ២. គឺបាល់ទះ បាល់វ័រលាយ(Volley) គឺផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅឯ ខេត្តកោះកុង។ ដូច្នេះ បណ្តាប្រទេសនានា ដែលនៅក្នុងតំបន់នេះ អ្នកលេងកីឡាបាល់ទះមួយចំនួននៅ ក្នុងតំបន់ និងពិភពលោក គឺលេងបាល់ដែលផលិតនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាក៏បានដើរទាន់ ជាមួយនឹងសភាពការណ៍ ដែលពិភពលោក និងតំបន់កំពុងដើរ។
ពហុកីឡាដ្ឋានជាតិមរត៌កតេជោ ជាតំណែលតកូនចៅ
ខ្ញុំមិនបន្តបន្ថែមទេ ដោយសារតែម្សិល(មិញ)ក៏និយាយច្រើន ហើយថ្ងៃនេះក៏បន្ថែមមួយគ្រែទៀត ហើយ ល្ងាចនេះនៅសល់មួយគ្រែទៀត។ ហ្វេសប៊ុករបស់ខ្ញុំ និង Fresh News ប្រហែលជាកំពុងផ្សាយបន្តផ្ទាល់ ទៅកាន់ប្រជាពលរដ្ឋដែលនិយមមើលទៅតាម Fresh News និងទៅតាម Facebook Page របស់ខ្ញុំ។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងហ្នឹងសប្បាយរីករាយ ទទួលយកនូវសមិទ្ធផលសង្គមជាតិ ដែលជា សមិទ្ធផល តកូន តចៅ តជំនាន់ នៅលើផ្ទៃដី ចំនួន ៨៥ ហិកតា។ ប្រជាពលរដ្ឋក៏នឹងសម្តែងនូវការអរ គុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយឥតសំណង កសាងនូវកីឡាដ្ឋានដ៏ធំ សម្រាប់ការប្រកួតខ្នាតអន្តរជាតិ មិនមែនគ្រាន់តែសម្រាប់ជំនាន់យើងទេ តែសម្រាប់ជំនាន់ក្មេងជំនាន់ ក្រោយៗតទៅទៀត។
ពាំនាំ
ថ្ងៃនេះ ខ្ញុំក៏បាននាំមក សម្រាប់ក្រុមកាយប្ញទ្ធិ និងយុវជនកាកបាទក្រហម ចំនួន ២០០ នាក់ ក្នុងមួយ នាក់ៗ ថវិកា ១ ម៉ឺនរៀល។ ជូនកីឡាករ/ការិនី សរុប ១.៧៨២ នាក់ ក្នុងមួយនាក់ៗ ថវិកា ចំនួន ៥ ម៉ឺន រៀល។ ជូនគរុសិស្សអប់រំកាយ និងកីឡា ចំនួន ២០០ នាក់ ក្នុងមួយនាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនលោក គ្រូ អ្នកគ្រូ បង្ហាត់កីឡា ចំនួន ៤៩២ នាក់ ក្នុងមួយនាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ១ លានរៀល។ ជូនគណៈកម្មាធិការរៀបចំអង្គពិធី ថវិកាចំនួន ១០ លានរៀល។
ហើយសុំឲ្យក្រុមភ្លេងត្រៀមឲ្យហើយល្ងាចនេះ ច្បាស់ណាស់ក្រុមកីឡានេះ គេនាំគ្នារាំពេញវង់ហ្នឹង ឆ្នាំទៅ មិនដឹងប៉ុន្មានវង់ទេ។ អញ្ចឹង ល្ងាចនេះយើងហ្នឹងមានការជួបជុំគ្នាមួយទៀត ហើយខ្ញុំក៏មានសង្កថាដោយ ឡែកមួយទៅកាន់កីឡាករ/ការិនីរបស់យើង។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធ ផល ដែលបានកសាងរួចមកហើយលើវិស័យកីឡា និងការបើកការដ្ឋានសាងសង់កីឡាដ្ឋានធំ ដែលជា ជំនួយឥតសំណង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្នុងដំណើរឆ្ពៅទៅកាន់ស៊ីហ្គេម (Sea Game) ឆ្នាំ ២០២៣ ព្រមជាមួយនឹងការតៀ្រមខ្លួន ដើម្បីឆ្លងពីឆ្នាំចាស់ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ទៅកាន់ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ខ្ញុំសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួម ជាតិ កីឡាករ/ការិនីទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕