មហាវិថី សម្ដេចតេជោ ហ៊ុន សែន ភ្ជាប់ទីក្រុងភ្នំពេញ និងខេត្តកណ្ដាល
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវមហាវិថីដ៏ធំ ដែលតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។ នេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ព្រះ រាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាជននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលតែម្ដង។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយបានពិនិត្យឃើញថា តាមរយៈនៃការខិតខំ របស់អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងក្រុមហ៊ុន ING Holdings បានខិតខំកសាងនូវ សមិទ្ធផលនេះ ដែលអាចចាត់ទុកថា ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏ធំ នៅក្នុងព្រះរាជាណា ចក្រកម្ពុជារបស់យើង។
បើយើងពិនិត្យអំពីទំហំ នៃការចំណាយសម្រាប់ការសាងសង់នូវផ្លូវមួយខ្សែនេះ ដើម្បីបញ្ចៀសចរាចរណ៍សម្រាប់ទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងភាគខាងត្បូងទីក្រុងភ្នំពេញ ហើយក៏ដើម្បីអភិវឌ្ឍនូវតំបន់ជើងឯកនេះផង។ ថវិកាដែលត្រូវចំណាយ(មាន)រហូតដល់ ៧៦ លានដុល្លារសហរដ្ឋអាមេរិក និងនៅលើទំហំផ្ទៃដី ៥៤ ហិកតា ហើយផ្ទៃដីនេះ មិនទាន់គិតជាតម្លៃនៅឡើយទេ។ បើយើងគិតក្នុងរង្វង់ត្រឹមតែ ៥០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ គឺចំនួន ៥៤ ហិកតា ដែលយើងកំពុងធ្វើផ្លូវនេះ គឺច្បាស់ជាចំនួនទឹកប្រាក់នេះធំ។ តម្រូវការរបស់ប្រទេសដែលកំពុងមានការអភិវឌ្ឍមួយ ពិតជាយ៉ាងដូច្នេះឯង។
ទីក្រុងភ្នំពេញរីកពីជាង ៣០០ គីឡូម៉ែត្រក្រឡា មកជាង ៧០០ គីឡូម៉ែត្រក្រឡា
នៅឆ្នាំ ១៩៧៩ នៅក្នុងខែ មេសា នេះឯង ជាពិសេសគឺចូលឆ្នាំខ្មែរ ពេលនោះស្ថានភាពនៅទីក្រុងភ្នំពេញរបស់យើងគ្មានចរាចរណ៍នោះទេ។ (មាន)តិចតួចណាស់។ សូម្បីតែនៅម្ដុំវិមានឯករាជ្យដែលខ្ញុំព្រះករុណាខ្ញុំ នៅទីនោះ ក៏នៅសល់នូវដើមដូង ស្បូវ ហើយនិងទន្ទ្រានខែត្រនៅឡើយទេ។ ក៏ប៉ុន្តែជាបណ្ដើរៗ យើងបានធ្វើអោយទីក្រុងខ្មោចមួយនេះ ក្លាយទៅជាទីក្រុងដែលមានការរស់ឡើងវិញដ៏អស្ចារ្យ។ ឥឡូវនេះ ទីក្រុងនេះ កាន់តែមានការរស់រវើក បន្ថែមទៅដោយទីក្រុងរណបដទៃទៀតដែលមានការពាក់ព័ន្ធ។ បណ្ដាទីក្រុងរណបនោះហើយ ដែលបង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីអាចក្លាយទៅជាទីក្រុងរណបបាន។
ពិនិត្យពីប្រវត្តិ នៃអតីតនៃរាជធានីភ្នំពេញរបស់យើង ចាប់តាំងពីពេលកកើតរហូតមកដល់ពេលបច្ចុប្បន្ន។ ពីផ្ទៃដីទំហំតូចមួយនៅតំបន់ព្រះបរមរាជវាំង និងវត្តភ្នំ និងការបន្តរីកលូតលាស់នៅជាហូរហែ ជាពិសេសក្នុងដំណាក់កាលឆ្នាំ ១៩៥០-១៩៦០ … ទីក្រុងភ្នំពេញ ដែលមុននេះ មានផ្ទៃដីត្រឹមតែជាង ៣០០ គីឡូម៉ែត្រការ៉េ ឥឡូវមានទំហំផ្ទៃដីប្រមាណជិត ៧០០ គីឡូម៉ែត្រការ៉េ រួចស្រេចទៅហើយ។ ម្យ៉ាងទៀត ទន្ទឹមនឹងការរៀបបើកទូលាយពីជាង ៣០០ គីឡូម៉ែត្រការ៉េ ទៅជិត ៧០០ គីឡូម៉ែត្រការ៉េ វាមានការអភិវឌ្ឍតាមបែបស៊ីជម្រៅរបស់វាថែមទៀត។
អ្វីទៅដែលហៅថា ការអភិវឌ្ឍតាមបែបស៊ីជម្រៅ? (ន័យ)នៅត្រង់ ដីនៅទីក្រុងភ្នំពេញ និងជាយទីក្រុងភ្នំពេញរបស់យើង កាលពីមុននេះ ដីមួយហិកតា មានសំណង់ត្រឹមតែ ៥ ពាន់ ឬ ៣ ពាន់ ម៉ែត្រការ៉េតែប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ វាមិនដូច្នោះទៀតទេ ដីមួយហិកតានៅទីក្រុងភ្នំពេញបច្ចុប្បន្ន អាចមានសំណង់រហូតទៅដល់ ៥ ម៉ឺន ឬ ១០ ម៉ឺនម៉ែត្រការ៉េ ក៏អាចថាបាន។ ពីដើម យើងមានអាគារត្រឹមតែ ៣ ជាន់ និង ៨ ជាន់ខ្ពស់ជាងគេហើយ ឥឡូវយើងមានអាគារដែលមានកម្ពស់រហូតទៅដល់ ៤០ ជាន់ ឬ ៥០ ជាន់ ហើយគ្រោងទៅពេលខាងមុខនេះ នឹងអាចមានអគាររហូតទៅដល់ ១២៥ ជាន់ ដែលអាចចាត់ទុកថា ជាអគារខ្ពស់ជាងគេនៅក្នុងចំណោមអាស៊ីអាគ្នេយ៍របស់យើងនេះ ដែលមានកម្ពស់រហូតទៅដល់ ៥២០ ម៉ែត្រ។
នេះជាស្ថានភាពប្រែប្រួលមួយដ៏សំខាន់ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងបានអភិវឌ្ឍ ហើយក៏ត្រូវបំផ្លិចបំផ្លាញទៅវិញដោយសារសង្រ្គាមនៅឆ្នាំ ១៩៧០ និងដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្លួនខ្ញុំព្រះករុណាខ្ញុំ ពិតជាមិននឹកស្មានដល់សោះថា អ្វីៗក៏បានកើតឡើងនៅក្នុងដំណាក់កាលដែលខ្ញុំព្រះករុណាខ្ញុំ រួមចំណែកដឹកនាំ និងកាន់តួនាទីជាអ្នកដឹកនាំ កើតឡើងនៅក្នុងដំណាក់កាលនេះនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ស្រមៃឃើញនូវស្ថានភាពដើមដែលយើងបានឆ្លងកាត់ដ៏លំបាកជាមួយគ្នានៅពេលនោះ គ្រាន់តែទឹកផឹក ក៏យើងត្រូវទៅយកទឹកនៅទន្លេមេគង្គយកមកប្រើប្រាស់ដែរ។ ខ្ញុំព្រះករុណាខ្ញុំ និងសម្ដេច ហេង សំរិន ដែលនៅផ្ទះជិតគ្នា ព្រលឹមឡើងត្រូវទៅដងទឹក ត្រូវទៅអូសទឹកពីទន្លេមេគង្គយកមកប្រើនៅត្រឹម(ផ្ទះ)វិមានឯករាជ្យនេះ។ លំបាកណាស់ ទម្រាំមានពេលដូចសព្វថ្ងៃនេះ។
ការស្នើសុំប្រសិទ្ធនាមផ្លូវ ថា មហាវិថីសម្តេចតេជោ
តាមរយៈរបាយការណ៍របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើសុំប្រសិទ្ធនាម(ផ្លូវនេះ)ថា មហាវិថីសម្ដេចតេជោ ហ៊ុន សែន។ ដាក់យ៉ាងម៉េចក៏ដាក់អញ្ចុះ។ តិចគេជេរខ្ញុំទៀត? អ្នកចាំតែជេរ នៅតែជេរ។ អានេះគេដាក់មហាវិថីសម្តេច ហ៊ុន សែន។ ប៉ុន្តែមិញគេប្រកាសថា មហាវិថីសម្តេចតេជោ សម្តេចតេជោទទេឬ ថែម ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន។ តេជោ នៅអតីតកាលដែលយើងធ្លាប់ស្គាល់គឺ មានតេជោយ៉ត តេជោមាស ហើយនិងមានតេជោដំឌិន និងមានតេជោស្អីមួយទៀត? មានបឹងតេជោណានោះ? ពីដើមយើងស្គាល់ ហើយតេជោដំឌិនហ្នឹងគឺ មិនប្រាកដថាមានពិតឬអត់ទៅទៀត? ព្រោះថា តេជោនោះចេះជ្រែកដី។ ប៉ុន្តែ មានតេជោមាស និងតេជោយ៉ត។ ឥឡូវ តេជោសែនកំពុងតែឈរនេះ។ ព្រះមហាក្សត្រព្រះអង្គបានសព្វព្រះរាជហឫទ័យប្រទានគោរមងារជាសម្តេចអគ្គមហាសេនាបតីតេជោ ដែលមុននេះ មានតែតេជោ ឬឧកញ៉ាតេជោ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំនេះ គឺក្នុងសតវត្សរ៍ទី ២១ ដែលមានងារជាសម្តេច និងមានងារជាតេជោ។
ទូលព្រះបង្គំខ្ញុំ មិនធ្វើអោយព្រះមហាក្សត្រ និងប្រជាពលរដ្ឋមានការខកព្រះទ័យ និងខកចិត្តទេ។ តេជោនេះ គឺកំពុងប្រឈមជាមួយសភាពការណ៍ទំាងឡាយ ហើយក៏នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលពេលណាមានការលំបាក ពេលនោះតេជោចេញមុខ។ ពេលដែលមានការសប្បាយមិនសូវជាឃើញប៉ុន្មានទេ ប៉ុន្តែពេលដែលលំបាកគឺច្បាស់ជាឃើញមុខ។ តែយ៉ាងណាក៏ដោយ ការរួមសុខរួមទុក្ខជាមួយគ្នា គឺជាការចាំបាច់ណាស់ បើមិនដូច្នោះទេ យើងនឹងបាត់បង់ត្រឡប់ទៅវិញ នូវអ្វីដែលជាសុខសន្តិភាព ដែលជាគ្រឹះមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍនោះទេ។
និយាយមកដល់ផ្លូវនេះ វាបង្កើតបាននូវភាពងាយស្រួលសម្រាប់ប្រជាជននៅរាជធានីភ្នំពេញរបស់យើង ក៏ដូចជាប្រជាជននៅក្នុងខេត្តកណ្តាល ប្រជាជនដែលរស់នៅភាគខាងត្បូងទីក្រុងភ្នំពេញ ដូចជាការធ្វើដំណើរទៅកាន់ខេត្តតាកែវ ខេត្តកំពតជាដើម។ ត្រូវចេញដំណើរតាមផ្លូវនេះ ដែលមុននេះយើងប្រើផ្លូវតែមួយខ្សែ គឺផ្លូវជាតិលេខ ២ តភ្ជាប់ទៅផ្លូវព្រះនរាយន៍។ អញ្ចឹងផ្លូវនេះ នៅពេលដែលមានបញ្ហាចរាចរណ៍ម្តងៗ គឺកកស្ទះនៅទីនោះ ប៉ុន្តែតាមរយៈផ្លូវមួយខ្សែនេះ គឺអាចផ្តល់អោយប្រជាពលរដ្ឋរបស់យើង ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់តំបន់នេះ។ ពិតណាស់ ការធ្វើដំណើរនៅទីនេះ ផ្លូវវាធំ។ ហើយផ្លូវធំនេះ ក៏មិនមែនបានសេចក្តីថា ផ្លូវធំហើយវាលែងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការបើកធ្វេសប្រហែសនោះទេ។ សូមប្រជាពលរដ្ឋមេត្តាបន្តគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីធានាអាយុជីវិតខ្លួនឯងផង និងអាយុជីវិតអ្នកដទៃផង។
ដាក់កម្មវិធីចុះ ដាក់កម្មវិធីឡើង អត់មានថ្ងៃសម្រាកមុនចូលឆ្នំា
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ សម្ពោធដាក់អោយប្រើប្រាស់ នូវសមិទ្ធផលខាងត្បូងរាជធានីភ្នំពេញ សម្រាប់ថ្ងៃស្អែកយើងនឹងសម្ពោធដាក់អោយប្រើប្រាស់ នូវសមិទ្ធផលនៅខាងជើងរាជធានីភ្នំពេញម្តង គឺទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធវិស័យកីឡា។ ដល់ថ្ងៃខានស្អែកគឺ ថ្ងៃទី ៥ នឹងសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលភាគខាងត្បូងទីក្រុងភ្នំពេញម្តងទៀត គឺរោងចក្រទឹកស្អាតនៅនិរោធ។ ដល់ថ្ងៃខានស្អែកមួយ ថ្ងៃ ៦ ទៅខាងជើងរាជធានីភ្នំពេញម្តងទៀតហើយ។ អញ្ចឹងដាក់កម្មវិធីចុះ កម្មវិធីឡើង អត់កម្មវិធីសម្រាកមុនចូលឆ្នំាខ្មែរ។ ឥឡូវមិនដឹងថា «រំាអញ្ចេះ» បានអត់ ប៉ុន្តែអា«រំាអញ្ចេះ»ដូចជារំាស្រួលជាង«រំាញីកែងជើង»។ ឆ្នំានេះ គឺដំណើរដែលនៅសេសសល់រយៈពេល ១០ ថ្ងៃទៀត ទើបចូលឆ្នំាមកដល់ ប៉ុន្តែការងារមានរាល់ថ្ងៃទាំងអស់។ អញ្ចឹងទេ ប៉ុន្តែចេះតែប្រឹង ដោយសារតែនេះជាកាតព្វកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងតំណែង គ្មានជំរើសណាផ្សេង ក្រៅពីខិតខំនោះទេ។
ត្រូវសិក្សា និងសាកល្បងចុះចតយន្តហោះលើផ្លូវនេះ
ខ្ញុំព្រះករុណាខ្ញុំ ជាថ្មីម្តងទៀត ថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុន ING Holdings ដែលខ្ញុំហៅកាត់ថា អ៊ីងហូលឌីង ជាមួយនឹងការខិតខំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ព្រមទាំងបងប្អូនដែលរស់នៅតាមតំបន់នេះ ដែលមានផលប៉ះពាល់។ យើងបានកសាងផ្លូវមួយខ្សែនេះ ដើម្បីជាផលប្រយោជន៍សាធារណៈរបស់ជាតិ។ ផ្ទៃដីចំនួន ៥៤ ហិកតា ដែលជាទីតំាងផ្លូវនេះ គឺជាដីសាធារណៈរបស់រដ្ឋ។ ខ្ញុំស្នើថា ឯកឧត្តម ទៀ បាញ់ ក្នុងក្របខណ្ឌជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយមានការសិក្សាអំពីលទ្ធភាពនៃការចុះចតយន្តហោះក្នុងគ្រាមានអាសន្ន ព្រោះថា ពេលខ្លះមានតម្រូវការរបស់វា។ ឧទាហរណ៍ ព្រលានយន្តហោះនៅឯពោធិចិនតុង វាមានបញ្ហាដែលមិនអាចចុះចតបាន។ យន្តហោះគេអាចធ្វើដំណើរវិលត្រឡប់ទៅចុះចតនៅឯសៀមរាប ទៅចុះចតនៅឯទីក្រុងហូជីមិញ ឬក៏មានអ្នកខ្លះសល់សំាងច្រើន អាចទៅចុះចតដល់ទៅបាងកក។ ក៏ប៉ុន្តែ សម្រាប់យន្តហោះដែលមានសំាងតិច ដែលមិនអាចធ្វើដំណើរដល់សៀមរាប មិនអាចធ្វើដំណើរដល់ទីក្រុងហូជីមិញ និងបាងកក ជម្រើសដែលល្អជាងគេគឺនៅតំបន់នេះ។
គួរតែមានការសិក្សា អំពីការចុះចតក្នុងគ្រាមានអាសន្ន នូវប្រភេទយន្តហោះខ្លះ ជាពិសេស គឺប្រភេទយន្តហោះកង្ហាល់ ATR ដែលអាចចុះចតបាននាគ្រាមានអាសន្ន ព្រោះផ្លូវរបស់យើងនេះ អាចទ្រទ្រង់បាន ហើយចម្ងាយដែលវាអាចរត់ក៏អាចចុះចតបាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ ចំណុចនេះទាមទារឲ្យមានការសិក្សា ហើយរហូតទៅដល់មានការចុះសាកល្បងនូវប្រភេទយន្តហោះយោធា មិនមែនជាយន្តហោះ(ប្រភេទ)មិចទេ ក៏ប៉ុន្តែជាយន្តហោះដឹកជញ្ជូនផងដែរ។ ចំណុចនេះ គ្រាន់តែជាការផ្តល់អនុសាសន៍ ដើម្បីបញ្ចៀសជាយថាហេតុ នូវគ្រោះថា្នក់ដែលអាចកើតឡើង សម្រាប់ការចុះចតនូវយន្តហោះ។ នេះជាផ្លូវដែលគ្មានការប៉ះពាល់ បើទោះបីជាមានសំណង់នៅសងខាងមួយចំនួន ក៏នៅសេសសល់ ផ្លូវនេះទំហំធំណាស់ ៦០ ម៉ែត្រ ហើយពីស្តដែលត្រូវរត់នោះ ក៏មិនធំពេកដែរ។ អញ្ចឹងទេ យើងក៏អាចកែច្នៃ។ នៅក្នុងតំបន់ខ្លះ គេក៏អាចបង្កប់ភ្លើង ដែលជាចំណុចសម្រាប់មើលឃើញ ក្នុងការចុះចតនៅពេលយប់។ ពេលដែលមានអាសន្នភ្លាម ភ្លើងត្រូវឆេះឡើង សម្រាប់ការចុះចតនៅពេលយប់ មិនមែនគ្រាន់តែពេលថ្ងៃប៉ុណ្ណោះទេ។
ជូនពរឆ្នាំថ្មី ទេវតាតាមថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស
យើងបានសមិទ្ធផលនេះបន្ថែមទៀត សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ហើយអរគុណណាស់សម្រាប់ការចូលរួមអភិវឌ្ឍក្នុងរយៈពេលកន្លងទៅ។ គ្មានការចូលរួម នឹងគ្មានការអភិវឌ្ឍបានទេ។ ឥឡូវ ទីក្រុងភ្នំពេញកាន់តែរីកធំឡើងៗ មិនមែនគ្រាន់តែទីក្រុងភ្នំពេញមួយទេ បណ្តាខេត្ត/ក្រុងដទៃទៀតសុទ្ធតែមានការរីកចម្រើនដូចគ្នា តាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ប៉ុន្មានថ្ងៃទៀត ដល់ពេលដែលយើងចូលឆ្នាំហើយ។ ឥឡូវនេះ ជាពេលវេលាដែលមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ/ការិនី ក៏ដូចជាប្រជាជននៅទូទាំងប្រទេសត្រៀមទទួលនូវទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គឺជាទេវតាវិលជុំ ក្នុងរយៈពេល ១២ ឆ្នាំ មួយឆ្នាំផ្ទេរឲ្យកូនទេវតាម្តង ប៉ុន្តែនៅតែពូជទេវតាដដែលហ្នឹង។ អស់ពីព្រះនាងច្បង ដល់ព្រះនាងបន្ទាប់ ព្រះនាងរហូត កូនទេវតាទាំងអស់ ប៉ុន្តែ យើងក៏មិនត្រូវភ្លេចទេវតា ដែលរក្សានៅទីនេះជាប់ជាប្រចាំ គឺភូមិទេវតា រុក្ខទេវតា និងអាកាសទេវតា ក៏សូមថែទាំយើងទាំងអស់គ្នា ក៏ដូចជាប្រជាជនទូទាំងប្រទេស និងថែទាំតំបន់អភិវឌ្ឍន៍នេះ និងផ្លូវនេះ សូមឲ្យទាំងអស់គ្នាទទួលបានសេចក្តីសុខ និងការរីកចម្រើន។
ខែ មេសា ប្រាក់បៀវត្សរ៍ចាប់ផ្តើមឡើង បូកប្រាក់ឧបត្ថម្ភ
ខែ ៣ ទើបបានកន្លងផុត ជាមួយនឹងប្រាក់បៀវត្សរ៍បានបើករួចស្រេចទៅហើយ។ ឥឡូវ ប្រាក់បៀវត្សរ៍ត្រូវបានឡើង ចាប់ពីថ្ងៃ ១ ខែ មេសា នេះ ហើយនឹងបើកឲ្យបានមុនថ្ងៃ ១០ ដើម្បីធានាថានឹងបានប្រាក់នេះសម្រាប់ការចូលឆ្នាំជាមួយនឹងការបន្ថែមប្រាក់ឧបត្ថម្ភសម្រាប់ការចូលឆ្នាំ ម្នាក់ៗ ៥ ម៉ឺនរៀល ដែលរដ្ឋត្រូវការប្រាក់ប្រមាណជាង ៧ លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយឧបត្ថម្ភ។ ឆ្នាំទៅបានម្នាក់ ៤ ម៉ឺនរៀល ឆ្នាំនេះឡើងបាន ៥ ម៉ឺនរៀល។ សាច់ប្រាក់ពិតជាចេញច្រើន តែតម្លៃប្រាក់រៀលរបស់យើងមិនទាន់ឃើញសញ្ញានៃការចុះថ្លៃនោះទេ។ សង្ឃឹមថា ឆ្នាំនេះ ចូលឆ្នាំជាមួយនឹងធាតុអាកាសល្អ មិនក្តៅពេក ហើយក៏មិនត្រជាក់ពេក តែយ៉ាងណាក៏ដោយ ត្រូវស្តាប់នូវការជូនដំណឹងជាបន្តបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ហើយជាពិសេសគេថា ថ្ងៃស្អែកនេះ និងថ្ងៃខានស្អែក គឺជាថ្ងៃភ្លៀង។ អញ្ចឹងឥឡូវនេះ ឆ្នាំទៅ គឺឆ្នាំអត់ទឹក រហូតដល់យើងប្រកាសអាសន្នអំពីបញ្ហាទឹក ឆ្នាំនេះទឹកជ្រុល សំបូរទឹកទៅវិញ។ ប៉ុន្តែ រវាងអត់ និងសំបូរទឹក យកសំបូរទឹកហើយ ពិបាកណាស់អត់ទឹកនេះ។ ម្សិលម្ង៉ៃនេះ ខ្ញុំព្រះករុណាខ្ញុំទៅវាយកូនគោល វាយអីកើត ភ្លៀងរហូត។ អត់វាយបានតទៅទៀត មកដេកផ្ទះ។ មួយអាទិត្យ បានតែមួយព្រឹកហ្នឹង មួយព្រឹកហ្នឹងវាអត់បានទៀត។
ប្រុងប្រយ័ត្ន ការធ្វើចរាចរ អគ្គីភ័យ ការលេងល្បែងដែលគ្រោះថា្នក់/កុំតម្លើងថ្លៃហួសហេតុរថយន្តឈ្នួល
យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំយកវេទិកានេះ អំពាវនាវចំពោះប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងនោះកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរនៅទូទាំងប្រទេស ត្រូវរៀបចំការពារប្រជាជនឲ្យបានល្អនៅក្នុងឱកាសចូលឆ្នាំខាងមុខនេះ។ សម្រាប់ប្រជាពលរដ្ឋរបស់យើង អ្វីដែលជាសំណូមពររបស់ខ្ញុំព្រះករុណាខ្ញុំ គឺការបើកបរដោយមានការប្រុងប្រយ័ត្ន ចៀសវាងការលេងនូវល្បែងណាដែលនាំទៅដល់គ្រោះថ្នាក់ ជាពិសេសការប៉ាតម្សៅ គប់ទឹកដាក់អ្នកដែលកំពុងបើកបរ ដូចជា ឡាន ឬម៉ូតូ ពេលដែលមានការគប់ទឹកទៅ នាំទៅដល់ការគ្រោះថ្នាក់នៃការធ្វើចរាចរតាមផ្លូវ។ ប្រជាពលរដ្ឋក៏ត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងអគ្គីភ័យ ដែលអាចកើតមានជាយថាហេតុ ដោយសារតែការធ្វើបុណ្យទានរបស់យើង ភ្លើងធូប ភ្លើងទៀន ត្រូវតែមានការប្រុងប្រយ័ត្ន កុំឲ្យថ្ងៃចូលឆ្នាំ ក្លាយទៅជាថ្ងៃនៃសោកនាដកម្ម ការគ្រោះថ្នាក់ដល់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ការគ្រោះថ្នាក់ដល់ជីវិត ឬបាត់បង់ទ្រព្យសម្បត្តិដោយសារតែអគ្គីភ័យ និងគ្រោះថា្នក់ផ្សេងៗ។
ខ្ញុំព្រះករុណាខ្ញុំនៅតែបន្តអំពាវនាវចំពោះម្ចាស់រថយន្តដឹកអ្នកដំណើរទាំងឡាយ មេត្តាកុំតម្លើងថ្លៃហួសហេតុ ប្រសិនបើមានការតម្លើងណាមួយ ក៏គួរតែតម្លើងក្នុងកម្រិតសមល្មម។ ខ្ញុំព្រះករុណាខ្ញុំបានអំពាវនាវស្ទើរតែរៀងរាល់ឆ្នាំ ទាំងពេលភ្ជុំបិណ្ឌ ទាំងពេលចូលឆ្នាំ ក៏ប៉ុន្តែដោយសារតែតម្រូវការខ្ពស់ពេកនៃការធ្វើដំណើរ និងការចង់មានចង់បានពីសំណាក់អ្នកបើកបរ ឬអាចថាក្រុមហ៊ុនផង តំលៃនៃការធ្វើដំណើរ ក៏មានការកើនឡើង។ ដូច្នេះ អំពាវនាវចំពោះអ្នកម្ចាស់រថយន្តខិតខំយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋ ដែលជាសាច់ឈាមរបស់យើង ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ភូមិកំណើត និងពីភូមិកំណើតមកកាន់ទីក្រុងភ្នំពេញវិញ។ សង្ឃឹមថាម្ចាស់រថយន្ត និងទទួលយកនូវការគិតគូរបែបនេះ ដើម្បីកាត់បន្ថយនូវការចំនាយរបស់ប្រជាជនរបស់យើង។
សេវាល្អ ទាញទេសចរមកជាថ្មី
តំបន់ទេសចរណ៍ធំៗ ដែលលាតសន្ធឹងកាន់តែធំទៅៗ មិនមែនគ្រាន់តែសៀមរាប ដែលមានអង្គរសង្រ្កាន្តនោះទេ។ ឆ្នាំនេះ ក៏មានសង្រ្កាន្តនៅតាមខេត្តមួយចំនួនទៀត ដូចជាខេត្តព្រៃវែងជាដើម ដែលឆ្នាំទៅ ខ្ញុំព្រះករុណាខ្ញុំ ក៏បានអំពាវនាវថាសង្រ្កាន្តមិនចាំបាច់ធ្វើនៅតែអង្គរនោះទេ សង្រ្កាន្តអាចរៀបនៅតាមខេត្តនានា ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋរបស់យើង មានការជួបជុំកំសាន្តសប្បាយ។ តំបន់ទេសចរណ៍ ពិតជាមានច្រើនឥឡូវនេះ ហើយជាតំបន់ដែលប្រជាជនចូលចិត្តធ្វើដំណើរទៅ។ សូមតំបន់ទាំងនោះ ទាក់ទាញយកភ្ញៀវទៅ ដើម្បីបង្កើនឡើងនូវមុខរបរក្នុងវិស័យទេសចរណ៍។ ដើម្បីធានាបានលើបញ្ហានេះ អាជ្ញាធរដែនដីដែលគ្រប់គ្រងនៅតំបន់នោះ ត្រូវរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អ អ្នកលក់ដូរទាំងឡាយដែលនៅតំបន់នោះ ត្រូវតែខិតខំរក្សានូវតំលៃ ចៀសវាងការលក់តម្លើងថ្លៃ ធ្វើឲ្យគេរាងចាល ហើយបាត់បង់នូវភាពប្រកួតប្រជែង។ ទាក់ទាញទេសចរមកសារជាថ្មី។
អ្នកដែលឆ្លាត គឺអ្នកដែលយកចំនេញតិច ក៏ប៉ុន្តែលក់បានច្រើន ឯអ្នកល្ងង់លក់បានតិច តែបានថ្លៃខ្ពស់ តែលក់បានតែមួយដង ឬពីរដង គឺរាងចាល។ អាហ្នឹងគេហៅថារកស៊ីកោរគេ។ អញ្ចឹងគ្រប់តំបន់ទេសចរណ៍ ត្រូវមានការឈ្លាសវៃ ធានាឲ្យអតិថិជនដែលទៅកាន់តំបន់ទេសចរណ៍ ទើបបង្កើតថ្មីទៅលេងឆ្នាំនេះហើយ ពេលក្រោយនឹងទៅលេងបន្តបន្ទាប់ទៀត ដើម្បីធានាថាតំបន់ទេសចរណ៍ដែលទើបបង្កើតថ្មីនោះ គឺជាទេសចរណ៍ដែលមានការទាក់ទាញនៅពេលខាងមុខ។ ឆ្នាំកន្លងទៅ យើងទទួលទេសចរបរទេសជាង ៥ លាននាក់ ប៉ុន្តែ យើងមិនភ្លេចថាទេសចរផ្ទៃក្នុង គឺជាទេសចរដែលមិនចេះរីងស្ងួត ហើយជាទេសចរដែលប្រជាជនទទួលបានប្រាក់ចំណូលនៅឯមូលដ្ឋាន។ ដូច្នេះសង្ឃឹមថាឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលកើនឡើងរបស់ប្រជាពលរដ្ឋ ជាមួយនឹងប្រាក់ខែដែលទើបនឹងឡើងថ្មីរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ/ការិនីរបស់យើង ផលប្រយោជន៍នោះវានឹងរាយប៉ាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះជាអ្វីដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយនៅពេលព្រឹកនេះ ហើយចាប់ពីថ្ងៃស្អែកទៅ ប្រហែលជាការនិយាយរបស់ខ្ញុំព្រះករុណាខ្ញុំ កាត់បន្ថយឲ្យនៅកាន់តែខ្លីទៅ ព្រោះវាហត់ណាស់។
ម្សិលមិញ បើទោះបីជាថ្ងៃអាទិត្យ ក៏ត្រូវចំនាយពេល ២ ម៉ោង ដើម្បីនិយាយ ហើយអាទិត្យខាងមុខនេះ ក្រៅពីនិយាយខាងក្រៅ នៅនិយាយខាងក្នុង អានិយាយខាងក្នុងហ្នឹង ត្រូវនិយាយហត់ លើសពីការឈរនិយាយ។ អញ្ចឹងបានប្រជាពលរដ្ឋអាចស្តាប់ឮសូរសម្លេងរបស់ខ្ញុំព្រះករុណាខ្ញុំ គឺបំពង់កវាមិនល្អដូចមុនទេ ដោយសារនិយាយច្រើនពេក ក៏ប៉ុន្តែ រឿងដែលត្រូវនិយាយហើយ គឺត្រូវតែនិយាយហើយ។ ឆ្នាំនេះ ព្រះតេជព្រះគុណឲ្យក្មេងរាំអញ្ចេះទៅ។ ឆ្នាំទៅមានពិសោធន៍ម្តងហើយ មិនបាច់ចាំរំលឹកទេអាហ្នឹងនោះ ក្មេងខាងក្រោមស្រែកសួរព្រះតេជព្រះគុណ ចេះច្រៀងញីកែងជើង ឬអត់? ទេ យប់មិញស្តាប់ចម្រៀងមួយបទមិនដឹងថា ចម្រៀងស្អី បទឆ្កែរត់បុកប៉ោត។ គិតថែមអាហ្នឹងមួយបទទៀត។ ល្ងាចមិញឃើញបុស្តិ៍បាយ័នទេ ចាក់ បទហ្នឹង។ ឥឡូវ វាចង់ទៅដូចជាក្មេងបន្តិចហើយ។
ថ្ងៃនេះ ពាក់អាវហ្នឹងមក ពាក់គ្របទេ ការពិតមកពីខ្លួនមានប្រដាប់ប្រដានៅក្នុងខ្លួនច្រើនពេក ក្តៅដូចតែគេដូចតែគេដូចតែឯងហ្នឹង ប៉ុន្តែ ត្រូវមាន INTERNET មិញហ្នឹងក្មេងវាទៅឆ្ងាយ។ ដល់មាន INTERNET ជាប់នៅនឹងហោប៉ៅអញ្ចឹងទៅ គឺថាទៅដល់កន្លែងណាក៏ទាក់ទងបាន ព្រោះអានេះវាទាក់ទងនឹងផ្កាយរណបផ្ទាល់តែម្តង។ ដាច់សេវាទូរស័ព្ទក៏ដាច់ចុះ ប៉ុន្តែយើងមាន INTERNET សម្រាប់ប្រើប្រាស់បាន។ អញ្ចឹងទេ ថ្ងៃនេះការពិតចង់មកតែអាវប៉ុណ្ណេះទេ ហើយក្បាលពោះរាងចុះបន្តិច …។
នេះជាការខិតខំទាំងអស់គ្នា ហើយថ្ងៃនេះមកស្វាគមន៍ទទួលយកផ្លូវទាំងអស់គ្នា ហើយផ្លូវប្រើទាំងអស់គ្នា មានផ្លូវគឺមានសង្ឃឹម។ ឆ្នាំថ្មី ការសង្ឃឹមថ្មី ជូនពរ ប្រគេនពរចំពោះសម្តេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវមហាវិថីដែលធំជាងគេ តភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ខេត្តកណ្តាល ហើយសូមឲ្យទេវតាឆ្នាំថ្មីនាំមកនូវសេរីសួស្តី ជ័យមង្គល ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស និងកងទ័ពរបស់យើង ដែលកំពុងប្រតិបត្តិការ តាមរយៈអង្គការសហប្រជាជាតិនៅប្រទេសនានា នៅក្រៅប្រទេស សូមប្រកបជាមួយនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំ បីឃ្លៀងឃ្លាតឡើយ៕