សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ខួរក្បាលរបស់ ហ៊ុន​សែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា

គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំលឺថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីខ្ញុំ ! ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុន​សែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក

តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។ រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។ សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។