តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។ រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។
វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។
សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។