ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់នៅអេស្ប៉ាញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណជាង១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ * ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ និងគ្រូបង្វឹក ចំពោះការដណ្តើមមេដាយមាសពិភពលោក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាដណ្តើមបានមេដាយមាសពិភពលោកលើកីឡាប៉េតង់ ៥សម័យកាលជាប់គ្នា។ ៤សម័យកាលដណ្តើមបានដោយកីឡាការិនី កែវ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់រង្វាន់លើកទឹកចិត្តម្ចាស់ជ័យលាភីមេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោក (នៅអេស្ប៉ាញ) កីឡាការិនីជម្រើសជាតិ អ៊ុក ស្រីមុំ

កម្ពុជាទទួលបានមេដាយមាសផ្នែកប៊ូល ៥ ជំនាន់ ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអបអរសាទរជាមួយនឹងកីឡាការិនី អ៊ុក ស្រីមុំ និងលោកគ្រូ សុខ មុំ។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការទទួលបានថ្មីៗថែមទៀត នូវមេដាយមាស សម្រាប់កីឡាប៊ូល ដែលអាចចាត់ទុកថា ជាការបំបែកនូវឯតទគ្គ​កម្មសម្រាប់ពិភពលោក ដោយសារតែយើងទទួលបាននូវមេដាយមាសផ្នែកប៊ូលនេះតជំនាន់ រហូតទៅដល់ ៥ ជំនាន់ ដោយវីរកីឡាការិនី កែ ឡេង បាន ៤ ជំនាន់ ឥឡូវនេះ មកដល់កីឡាការិនី អ៊ុក ស្រីមុំ បានមួយជំនាន់ទៀត គ្រប់ ៥ ជំនាន់។ វាហាក់ដូចជារឿងចម្លែកបន្តិច សម្រាប់កីឡាប៊ូល ដែលបង្កើតឡើងដោយប្រទេសនៅអឺរ៉ុប ជាពិសេស គឺប្រទេសបារាំង។ បើតាមប្រវត្តិ គឺប្រទេសបារាំង គឺជាម្ចាស់ ហើយដែលខ្ញុំនៅចាំបានថា កាលពេលអតីតនាយករដ្ឋមន្រ្តី François Fillon មកប្រទេសកម្ពុជានោះ កាដូគាត់សម្រាប់ខ្ញុំ គឺប៊ូលតែម្តង។ ប៉ុន្តែ…