FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណជាង១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ និងគ្រូបង្វឹក ចំពោះការដណ្តើមមេដាយមាសពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាដណ្តើមបានមេដាយមាសពិភពលោកលើកីឡាប៉េតង់ ៥សម័យកាលជាប់គ្នា។ ៤សម័យកាលដណ្តើមបានដោយកីឡាការិនី កែវ ឡេង និង១សម័យកាលដោយ អ៊ុក ស្រីមុំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហាក់ជារឿងចម្លែកលើកីឡាប៊ូល ឬប៉េតង់នេះ ខណៈប្រទេសជាអ្នកបង្កើតកីឡា គឺបារាំង បែរជាចាញ់បណ្តាប្រទេសនៅអាស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡាការិនីដទៃទៀត ជាកិត្តិយសរបស់ជាតិទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចេញប្រកួតរបស់កីឡាករ កីឡាការិនី គឺជាការតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំង១៦លាននាក់។ អាស្រ័យហេតុនេះហើយ ដែលសម្តេចតែងតែទូន្មាន និងអប់រំ ដល់កីឡាករ កីឡាការិនី ពេលចេញប្រកួតត្រូវរក្សាភាពថ្លៃថ្នូរ និងគោរពលក្ខខន្តិកៈការប្រកួត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអរគុណដល់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងសម្តេចក្រឡាហោម ស ខេង ដែលបានប្រឹងប្រែងជំរុញកសាងកីឡានេះឡើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានមេដាយលើកីឡាប៊ូល និងប៉េតង់សរុប៣៧០។ ក្នុងនោះមេដាយមាស១០៨ ប្រាក់១៣១ និងសំរឹទ្ធ១៣១។
* សម្តេចតេជោ ហ៊ុន សែន បា នថ្លែងថា វិស័យកីឡាកម្ពុជា កំពុងដើរតាមលំអាននៃព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ ដោយព្រះអង្គយកទឹកព្រះទ័យខ្ពស់លើវិស័យកីឡា រហូតឈានទៅសាងសង់ពហុកីឡដ្ឋានអូរឡាំពិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របបសង្គមរាស្ត្រ គឺជារបបសន្តិភាព តែខ្វះស្ថេរភាព។ សម្តេចតេជោ បានរំលឹកថា ក្រោយទាមទារបានឯករាជ្យ៩ វិច្ឆិកា ១៩៥៣ សង្គ្រាមបានរំខានជាប់ជានិច្ចលើរបបសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ វិស័យកីឡាកម្ពុជា ប្រហែលមិនដើរថយក្រោយនោះទេ។ សម្តេចតេជោ បន្តថា ពេលនេះកម្ពុជាកំពុងប្រឹងប្រែងងើបឡើងវិញលើវិស័យកីឡា។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យកីឡា មិនប្រកាន់ប្រទេសតូច-ធំ ឬប្រទេសមានប្រជាជនតិច-ច្រើននោះឡើយ។ តែស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត និងការហ្វឹកហាត់ ក៏ដូចជាទេពកោសលពីធម្មជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈកម្មការអូរឡាំពិកអន្តរជាតិ គួរតែអនុញ្ញាតឱ្យកីឡា ITF របស់កូរ៉េខាងជើង និងកីឡា WTF របស់កូរ៉េខាងត្បូង អាចចូលរួមប្រកួតក្នុងប្រកួតកីឡាអូរឡាំពិក ដើម្បីជាការលើកទឹកចិត្តដល់ការបង្រួបបង្រួមឧបទ្វីបកូរ៉េ។
* សម្តេចតេជោ ហ៊ុន សែន បន្តណែនាំដល់អភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល ពន្លឿនការសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មកដល់ពេលនេះកម្ពុជានៅសល់អ្នកជំងឺកូវីដ១៩ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ចំនួន១២៦នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លើសង្គ្រាមជាមួយជំងឺកូវីដ១៩រយៈពេលជិតពីរឆ្នាំមកនេះ កម្ពុជាដើរមួយជំហានមុនជានិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទាន់ប្រាកដក្នុងចិត្តថា តើវៀតណាម អាចបើកការប្រកួតកីឡាស៊ីហ្គេមបានឬអត់ ខណៈជំងឺកូវីដ១៩ កំពុងឆ្លងក្នុងអត្រាខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់៤៨០ថ្ងៃទៀត ដល់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទទូចឱ្យមានការយកចិត្តទុកដាក់លើការប្រកួតនោះ ហើយទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យប្រើវ៉ាក់សាំង Pfizer ចាក់ដូសជំរុញ ឬដូសទី៤ ជូនកីឡាករ កីឡាការិនី និងជនជួរមុខ ជនអាទិភាព ដែលរួមមានអ្នកព័ត៌មានផងដែរនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩ករណី ជាការនាំចូល ហើយជាមេរោគបំប្លែងអូមីក្រុង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកផ្ទុកមេរោគបំប្លែងថ្មីអូមីក្រុង មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអនុញ្ញាតឱ្យមានការអន្តរាគមន៍សម្រាប់អ្នកផ្ទុកមេរោគបំប្លែងថ្មីអូមីក្រុង ព្យាបាលនៅផ្ទះនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរោគបំប្លែងអូមីក្រុង បានកើតមាននៅកម្ពុជា ៩៤ករណី ហើយករណីមួយចំនួនបានព្យាបាលជាហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចអញ្ជើញទៅមីយ៉ាន់ម៉ា ហើយបើមានឆ្លងមេរោគអូមីក្រុង ក៏សម្តេចអញ្ជើញទៅស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកផ្ទុកមេរោគអូមីក្រុង ទោះបីឋានៈណាក៏ដោយ ក៏មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះនោះឡើយ ហើយកុំសុំអន្តរាគមន៍មកសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១០ ខែមករា សម្តេចនឹងថ្លែងសុន្ទរកថាបើកបវេសនកាលក្នុងឆ្នាំសិក្សា២០២១-២០២២។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យសាលាមត្តេយ្យសិក្សាបើកទ្វារសិក្សានៅសាលាដោយផ្ទាល់ឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែអាមេរិក និងអង់គ្លេសប៉ុណ្ណោះ ដែលអាចបញ្ជាក់លើកម្រិតសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើអាមេរិកការពារមនុស្សខូច ឬត្រូវការពារកិត្តិយសសាលារបស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែអាមេរិក និងអង់គ្លេសប៉ុណ្ណោះ ដែលអាចចេញមកបញ្ជាក់ភាពស្អាតស្អំស្ថាប័នអប់រំរបស់ពួកគេ។ ជាពិសេសសាលាដែលលោក ហ៊ុន ម៉ាណែត បានសិក្សា។
* សម្តេចតេជោបានថ្លែងថា បណ្ឌិត ហ៊ុន ម៉ាណែត ជាបណ្ឌិតពិសេស ចេះទាំងយោធា សេដ្ឋកិច្ច និងនយោបាយ។ ជាពិសេសជាអ្នកចេះលោតឆ័ត្រយោងថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលបន្ទោសបង្អាប់កូនៗរបស់មេដឹកនាំនយោបាយរូបណាមួយនោះឡើយ រួមទាំងមេដឹកនាំប្រឆាំងផងដែរ។ ប្លែកតែគេតាមវាយកូនសម្តេចជាប់រហូត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសកាន់របបនយោបាយប្រជាធិបតេយ្យ។ ដូច្នេះនាយករដ្ឋមន្ត្រី ត្រូវតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសពីការកាន់តំណែងនាយករដ្ឋមន្ត្រីពីកូន រហូតដល់ចៅ គឺជាសារឌឺឱ្យអ្នកតាមវាយត្រកូល «ហ៊ុន»។
* សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍រាល់ការវិភាគនានាជុំវិញដំណើរសម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោ បានថ្លែងថា ដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ា នឹងមិនជជែកលើសពីកុងសង់ស៊ីសទាំង៥ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅពលរដ្ឋមីយ៉ាន់ម៉ាថា ចង់បន្តឱ្យប្រទេសស្ថិតក្រោមវិបត្តិនយោបាយបែបនេះ ឬក៏ចង់មានដំណោះស្រាយ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចទៅមីយ៉ាន់ម៉ា គឺមិនមានបានប្រយោជន៍អ្វីពីមីយ៉ាន់ម៉ានោះឡើយ។ កម្ពុជាតូច ហើយមានប្រជាពលរដ្ឋតិចជាងមីយ៉ាន់ម៉ា តែអ្វីដែលសម្តេចចង់បាននោះ គឺការរួមវិភាគទានដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើមីយ៉ាន់ម៉ា អាចមានដំណើរការប្រជាធិបតេយ្យ គឺជាគុណសម្បត្តិនៃការប្រឹងប្រែងរបស់បណ្តារដ្ឋជាសមាជិកអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលការណ៍កុងសង់ស៊ីសទាំង៥ សម្រាប់ដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា គឺសម្តេចជាអ្នកផ្តួចផ្តើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហារបស់មីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវរកដំណោះស្រាយពិសេសផងដែរ ទើបអាចដោះស្រាយបាន។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវគួរតែបញ្ឈប់ទង្វើអសីលធម៌របស់គូស្រករមួយចំនួន ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម ក្រោយការចែកផ្លូវគ្នា។
* សម្តេចតេជោ ហ៊ុន សែន ស្នើសុំឱ្យគូស្រករដែលបែកបាក់គ្នានោះ កុំហែកកេរ្តិ៍គ្នាលើ Facebook គួរទុកកិត្តិយសឱ្យគ្នា ជាពិសេសកិត្តិយសកូនៗ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសុភមង្គលរបស់គូស្រករនីមួយៗមិនសំខាន់លើការរៀបចំពិធីធំតូចនោះទេ។ អ្នករៀបពិធីត្រឹមសែន តែរួមរស់គ្នាដល់ចាស់ គូខ្លះរៀបចំពិធីធំដុំ តែរួមរស់នឹងគ្នាបន្តិច ក៏បែកទៅវិញ។