ដកស្រង់ប្រសាសន៍ជាសារសំឡេង ពាក់ព័ន្ធនឹងបញ្ហាទន្ទ្រានយកដី នៃបឹងទន្លេសាប

សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំចេញសារសំឡេង ប៉ុន្តែសារសំឡេងរបស់ខ្ញុំម្ដងនេះ មិនសំដៅទៅលើជំងឺ កូវិដ-១៩ ដូចមុនៗនោះទេ។ សារសំឡេងថ្ងៃនេះ សំដៅដោះស្រាយបញ្ហាដ៏ធំមួយ ដែលបាននិងកំពុងកើតនៅក្នុងតំបន់ទន្លេសាបរ​​បស់យើង។ យោងតាមរបាយការណ៍ស្រាវជ្រាវដែលរាជបណ្ឌិត្យសភា ដឹកនាំដោយបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើការសិក្សាស្រាវជ្រាវអំពីបឹងទន្លេសាប បាននិងឃើញអំពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ នោះគឺការកាប់នូវព្រៃលិចទឹកជាតំបន់ស្នូល ដែលជាតំបន់ត្រូវការពារ យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តមួយចំនួន ជាពិសេស​ នៅក្នុងក្របខណ្ឌនៃខេត្តកំពង់ឆ្នាំង ហើយអាចនឹងមានខេត្តមួយចំនួនផ្សេងទៀត។ អនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬក៏មន្រ្តីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្រ្ទាន​យកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចនឹងទទួលយកបានទេ នូវការកាប់ទន្ទ្រានដីនៅក្នុងព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង។ ដូច្នេះ ដើម្បីការពារនូវបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការ ដែលខ្ញុំដាក់ចេញ៖ ដំបូង ប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហា ពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងឈានទៅដល់ការកើតឡើងវិញ បន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនឹងដីដែលបានកាប់(ទន្ទ្រាន)រួចហើយ។…