សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃនេះ ខ្ញុំចេញសារសំឡេង ប៉ុន្តែសារសំឡេងរបស់ខ្ញុំម្ដងនេះ មិនសំដៅទៅលើជំងឺ កូវិដ-១៩ ដូចមុនៗនោះទេ។ សារសំឡេងថ្ងៃនេះ សំដៅដោះស្រាយបញ្ហាដ៏ធំមួយ ដែលបាននិងកំពុងកើតនៅក្នុងតំបន់ទន្លេសាបរបស់យើង។
យោងតាមរបាយការណ៍ស្រាវជ្រាវដែលរាជបណ្ឌិត្យសភា ដឹកនាំដោយបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើការសិក្សាស្រាវជ្រាវអំពីបឹងទន្លេសាប បាននិងឃើញអំពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ នោះគឺការកាប់នូវព្រៃលិចទឹកជាតំបន់ស្នូល ដែលជាតំបន់ត្រូវការពារ យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តមួយចំនួន ជាពិសេស នៅក្នុងក្របខណ្ឌនៃខេត្តកំពង់ឆ្នាំង ហើយអាចនឹងមានខេត្តមួយចំនួនផ្សេងទៀត។ អនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬក៏មន្រ្តីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្រ្ទានយកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចនឹងទទួលយកបានទេ នូវការកាប់ទន្ទ្រានដីនៅក្នុងព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង។
ដូច្នេះ ដើម្បីការពារនូវបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការ ដែលខ្ញុំដាក់ចេញ៖
ដំបូង ប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហា ពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងឈានទៅដល់ការកើតឡើងវិញ បន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនឹងដីដែលបានកាប់(ទន្ទ្រាន)រួចហើយ។ អាជ្ញាធរខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ អភិបាលខេត្តក៏ជាប្រធានគណៈកម្មការសូរិយោដីថ្នាក់ខេត្ត ហើយជាមួយនោះក៏មានមន្ទីរជំនាញ ដែលមានការពាក់ព័ន្ធ ដូចជាបញ្ហាបរិស្ថាន ធនធានទឹក កសិកម្ម និងមន្ទីររៀបចំដែនដី នគរូបនីយកម្មនៅតាមខេត្ត ដែលត្រូវប្រើប្រាស់កម្លាំងទាំងអស់នេះ ជាកម្លាំងក្រោមឱវាទរបស់ខ្លួន និងដែលមានការគាំទ្រពីកម្លាំងកងទ័ព នគរបាល និងអាវុធហត្ថ ដើម្បីធ្វើការបង្ក្រាប។ ខ្ញុំប្រើពាក្យថា “នេះជាការបង្រ្កាប” មិនមែនជាការអប់រំទេ។ យើងគ្មានពេលវេលាដើម្បីធ្វើការអប់រំបន្ថែមនោះទេ។
ក្រៅពីថ្នាក់ខេត្ត ខ្ញុំសុំចេញបទបញ្ជាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសូរិយោដីថ្នាក់ជាតិ ដឹកនាំការប្រជុំជាបន្ទាន់ ជាមួយនឹងក្រសួងដែលមានការពាក់ព័ន្ធ ដែលក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរទន្លេសាប, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន ផ្នែកពាក់ព័ន្ធនានា រាប់ទាំងផ្នែកអធិការកិច្ចនៃក្រសួងទំនាក់ទំនងសភា រដ្ឋសភា និងអធិការកិច្ច, ឯកឧត្តម នាយកឧត្តមសេនីយ៍ សៅ សុខា ដែលទទួលខុសត្រូវទៅលើបញ្ហាបង្រ្កាបបទល្មើសព្រៃឈើ បែងចែកភារកិច្ចគ្នា ដើម្បីធ្វើការ ចុះទៅត្រួតពិនិត្យរួម ដើរពីក្រោយជាមួយនឹងការធ្វើរបស់ខេត្ត។
ហើយខ្ញុំចេញបទបញ្ជាឱ្យដកយកត្រឡប់មកវិញទាំងអស់ នូវដីទាំងឡាយ ដែលបានកាប់(ទន្ទ្រាន)រួចមកហើយ ដូចជានៅខេត្តកំពង់ឆ្នាំង។ ប្រសិនបើរបាយការណ៍នេះខុស ក៏ខ្ញុំសូមអធ្យាស្រ័យ។ ឮថា អតីតអភិបាលខេត្ត(កំពង់ឆ្នាំង)ដែលទើបនឹងចាកចេញពីតំណែងក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាជាង ២.០០០ ហិកតាឯណោះ។ ដូច្នេះ ខ្ញុំមិនគិតថា មិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលដីនេះយកមកវិញទាំងអស់។ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ។
ដូច្នេះ ឯកឧត្តម ជា សុផារ៉ា ត្រូវតែធ្វើកិច្ចការងារនេះបន្ទាន់ ដើម្បីនឹងបែងចែកភារកិច្ច ព្រោះថា ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាអាជ្ញាធរទន្លេសាប បានបោះនូវព្រំដី ដែលបានកំណត់តំបន់ដែលត្រូវការពារ ហើយដែលមិនអាចនឹងមាននរណាប៉ះពាល់បាន។ ឥឡូវ អ្នកដែលបានធ្វើការប៉ះពាល់នោះ បានប៉ះពាល់រួចជាស្រេចទៅក្នុងតំបន់ស្នូលនេះរួចទៅហើយ។ ខ្ញុំសូមស្នើឱ្យមានការចាត់វិធានការ ហើយរៀបចំក្រុមសម្រាប់គ្រប់ខេត្ត ព្រោះតាមក្រសួងនីមួយៗ គឺមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការយ៉ាងច្រើន ដូច្នេះត្រូវរៀបចំជាច្រើនក្រុម ដើម្បីចុះទៅកាន់ខេត្តនៅតំបន់ទន្លេសាប៖ ក្រុមសម្រាប់ខេត្តកំពង់ឆ្នាំង ក្រុមសម្រាប់ខេត្តពោធិ៍សាត់ ក្រុមសម្រាប់ខេត្តបាត់ដំបង ក្រុមសម្រាប់ខេត្តបន្ទាយមានជ័យ ក្រុមសម្រាប់ខេត្តសៀមរាប ក្រុមសម្រាប់ខេត្តកំពង់ធំ ហើយក្រុមដែលអាចនឹងមានផ្ទៃរាយរងដែលពាក់ព័ន្ធជាមួយនឹងទន្លេសាប ក៏មានមួយផ្នែក ដូចជាខេត្តកំពង់ចាម និងខេត្តកណ្ដាលផងដែរ។ ប៉ុន្តែ ត្រូវចុះទៅតំបន់ដែលមានភាពធ្ងន់ធ្ងរ គឺទាក់ទងនឹងខេត្តកំពង់ឆ្នាំង ហើយផ្នែកខ្លះអាចទាក់ទងនឹងជាមួយនឹងខេត្តដទៃទៀត ត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ជាមួយនឹងខេត្ត។ ត្រូវតែដកហូតត្រឡប់មកវិញទាំងអស់ ទាំងរបស់មន្រ្តី ទាំងរបស់ប្រជាជន នៅក្នុងព្រំដែនដែលយើងបានកំណត់ជាតំបន់មួយ តំបន់ពីរ និងតំបន់បី ដែលមិនត្រូវឱ្យមានការរំលោភបំពានទៅលើតំបន់ដែលបានកំណត់ ដែលត្រូវការពារនោះទេ។
ឯកឧត្តម នាយកឧត្តមសេនីយ៍ សៅ សុខា ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដឹកនាំកម្លាំង ដើម្បីដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ទាំងកម្លាំងថ្មើរជើង ទាំងជើងទឹក និងទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សានូវតំបន់ព្រៃលិចទឹកនេះ ព្រោះនៅមិនយូរប៉ុន្មានទេទឹកនឹងស្រកផុត ពួកគេនឹងចាប់ផ្ដើមធ្វើការបង្កបង្កើនផល ឬកាប់បន្ថែមនៅទីនោះ។ យើងមិនអនុញ្ញាតឱ្យមានបង្កបង្កើនផលទៅលើដីដែលត្រូវដកហូតនេះត្រឡប់មកវិញទេ។ ដោយសារតែសមត្ថកិច្ចទាំងអស់សុទ្ធតែជានគរបាលយុត្តិធម៌ ដូច្នេះត្រូវតែចាប់ខ្លួនចំពោះអ្នកណាដែលបានបំពានជាមួយនឹងបទប្បញ្ញតិទាំងឡាយ ដែលយើងធ្លាប់បានដាក់ចេញរារាំងចំពោះការល្មើសទៅនឹងការកំណត់របស់រដ្ឋ។
ឯកឧត្តម ឱម យិនទៀង ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចុះស្រាវជ្រាវ តើមន្រ្តីណាខ្លះដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំនូវសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសទាំងអស់។
រាជរដ្ឋាភិបាលពិតជាមានការនឿយហត់ យើងគ្មានឱកាស ដើម្បីនឹងអប់រំច្រំដែលទៅលើបញ្ហាដែលអ្នកទាំងនេះ បានធ្វើទៀតទេ។ សូមចងចាំឱ្យច្បាស់ថា យើងពុំមានពេលអប់រំទេ ប៉ុន្តែ(មានតែ)ច្បាប់ទើបអាចដោះស្រាយបានបញ្ហា។ ត្រូវចាប់បញ្ជូនទៅកាន់តុលាការនូវជនទាំងឡាយណា បើសិនជាគេជាមន្ត្រី ដកហូតត្រឡប់មកវិញ រហូតដល់រឹបអូសនូវទ្រព្យសម្បត្តិទាំងឡាយ ដែលពួកគេមានដែលចេញមកពីការល្មើសច្បាប់នៅក្នុងក្របខណ្ឌ នៃការកាប់ព្រៃលិចទឹកក្នុងតំបន់ទន្លេសាបនេះ។
ដូច្នេះ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដោយគ្មានការពន្យារពេល។ កងទ័ពអាកាសត្រូវត្រៀមរៀបចំឧទ្ធម្ភាគចក្រ ដើម្បីបម្រើឱ្យម្ខាង គឺក្រុមបង្ក្រាបដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា និងមួយផ្នែកទៀតក្រុមដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ដែលត្រូវប្រគល់ភារកិច្ចឱ្យបន្តជាមួយនឹងក្រសួងធនធានទឹក អាជ្ញាធរ ទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬក្រសួងបរិស្ថាន ដែលត្រូវធ្វើដំណើររួមគ្នា ដើម្បីជៀសវាងរបាយការណ៍ខុសគ្នា។ ក្រុមទាំងនេះត្រូវធ្វើដំណើរទៅជាមួយគ្នា លើកលែងតែអង្គភាពបង្រ្កាបដែលមាននាយឧត្តមសេនីយ៍ សៅ សុខា គឺអាចចេញដំណើរមុន។ ហើយមួយផ្នែកទៀត អង្គភាពប្រឆាំងអំពើពុករលួយ គឺជាអ្នកស្រាវជ្រាវ។ ប៉ុន្តែ ក្រុមត្រួតពិនិត្យដែលមានពាក់ព័ន្ធជាមួយនឹងដែនដី សូរិយោដីថ្នាក់ជាតិជាមួយការទទួលខុសត្រូវទៅលើវិស័យកសិកម្មទាក់ទងនឹងនេសាទ ទាក់ទងជាមួយតំបន់ព្រៃលិចទឹក ទាក់ទងបញ្ហាបរិស្ថាន ត្រូវធ្វើដំណើរទៅជាមួយគ្នា ដើម្បីជៀសវាងនូវការបែកខ្ញែកយោបល់ ហើយត្រូវធ្វើការឱ្យបានហ្មត់ចត់ជាមួយខេត្ត។ ហើយសុំអភិបាលខេត្តទាំងអស់ត្រូវប្ដូរផ្ដាច់ធ្វើកិច្ចការងារនេះ ដើម្បីជៀសវាងនូវការធ្វើសកម្មភាពទៅពីក្រោយ ដោយខេត្តមិនទទួលខុសត្រូវនៅក្នុងក្របខណ្ឌនៃភារកិច្ចរបស់ខ្លួន។
ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ ទាំងនៅថ្នាក់ខេត្ត ថ្នាក់ជាតិ ស្ថាប័នដែលមានការពាក់ព័ន្ធ ចាត់វិធានការយ៉ាងឆាប់។ ហើយខ្ញុំនៅតែបញ្ជាក់ថា ត្រូវដកមកវិញទាំងអស់នូវដីទាំងឡាយណា ដែលត្រូវបានកាប់បំផ្លាញ មិនអនុញ្ញាតឱ្យមានការបង្កបង្កើនផលលើដីនោះតទៅទៀត ទោះបីជាត្រូវលះបង់អ្វី ដោយតម្លៃណា ក៏យើងត្រូវតែយកដីនេះមកវិញឱ្យបាន។ ហើយដីទាំងនេះ ត្រូវតែបង្កើតនូវការដាំកូនឈើ ដាំព្រៃឈើឡើងវិញ ហើយត្រូវការពារវាឱ្យក្លាយទៅជាព្រៃ ដែលយើងរក្សាទុក សម្រាប់ជាជម្រកត្រីពងនៅក្នុងតំបន់ទន្លេសាប ដូចដែលយើងបានធ្វើរួចមកហើយ។
ឯចំណែកពួកអ្នកប្រព្រឹត្តិ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយខានមិនបាន។ ខ្ញុំបានបញ្ជាក់ហើយ មានតែផ្លូវច្បាប់ប៉ុណ្ណោះ ដែលអាចដោះស្រាយបានបញ្ហាពួកអ្នកទាំងនេះ។ យើងបានអប់រំគេរាប់សិបឆ្នាំរួចមកហើយអំពីផលវិបាកលើបញ្ហានេះ ហេតុអ្វីក៏នៅតែមានមន្ត្រីបែបនេះទៅទៀត? ហើយខ្ញុំក៏សូមប្រាប់ទៅមន្ត្រីទាំងឡាយដែលបានអនុវត្តខុស បើសិនជាចង់បន្ធូរបន្ថយទោស ក៏ត្រូវតែចេញសារភាពជាបន្ទាន់។ បើមិនចេញសារភាពជាបន្ទាន់ ខ្ញុំសុំឱ្យអ្នកចេញទៅអនុវត្ត ចាត់វិធានការដោយម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្ដង សម្រាប់ផ្ដន្ទាទោសតាមច្បាប់ ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លីនៅនឹងកន្លែងទេ ទ្រព្យសម្បត្តិដែលពួកគេមាន ដែលបានមកអំពីដីធ្លី ដែលពួកគេបំផ្លាញនេះ ត្រូវតែធ្វើការដកហូត។ ដូច្នេះហើយបានជាអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែចេញធ្វើសកម្មភាព ដើម្បីស្រាវជ្រាវ តើមានពាក់ព័ន្ធជាមួយអ្នកណាផ្សេងទៀត? យើងមិនអាចអត់ឱនបានទេ នៅពេលដែលយើងកំពុងខិតខំប្រយុទ្ធប្រឆាំងជាមួយនឹង COVID-19 បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងចំពោះច្បាប់របស់ប្រទេសជាតិ។ អ្នកទាំងនេះ មិនសក្តិសមធ្វើជាមន្ត្រីតទៅទៀតទេ ពួកគេដេកគុកប្រសើរជាងនៅជាមន្ត្រី។
ហើយសុំកុំនិយាយថា ធ្វើការជូនបក្ស ជូនរដ្ឋយូរហើយ បែរជារដ្ឋ ឬក៏គណបក្សមិនយោគយល់។ យើងគ្មានការយោគយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះ សម្រាប់មន្ត្រីរបស់យើងនោះទេ។ ខ្ញុំសុំឱ្យចាត់វិធានការជាបន្ទាន់ទោះបីខ្ញុំនិយាយមិនគ្រប់ ប៉ុន្តែអស់លោកដឹងវិធីនៃការចាត់ចែងនេះ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅគ្រប់បណ្ដាញសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងផ្នែកដទៃទៀតឱ្យបានជ្រាបដល់មូលដ្ឋាន។
ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលបានខកខ្លួនឃើញអ្នកធំទៅធ្វើ ប្រជាជនខ្លួនឯងទៅធ្វើតាមក្រោយ សុំប្រញាប់ប្រញាល់ចាកចេញឱ្យផុតពីទីនោះ បើមិនដូច្នោះនឹងត្រូវរងការចាប់ខ្លួនតែម្ដង។ ប៉ុន្តែអស់លោកថ្នាក់ខេត្ត ថ្នាក់ស្រុក អស់លោកមិនរួចខ្លួនទេ អស់លោកត្រូវចេញសារភាពជាបន្ទាន់ ដើម្បីកុំឱ្យមានការចាប់ខ្លួន អស់លោកចេញសារភាព ប្រគល់ដីធ្លី(ទាំងនោះត្រឡប់មកវិញ) អស់លោក អាចមានសុវត្ថិភាព យ៉ាងហោចណាស់មានការបន្ធូរបន្ថយដោយកិច្ចសហការរបស់អស់លោក។ ប៉ុន្តែអស់លោកនៅតែមានពិរុទ្ធភាពទៅលើរឿងមួយនេះ។
ខ្ញុំពិតជាមានការសោកស្ដាយ ហើយខ្ញុំទទួលយកនូវការទិតៀនពីសំណាក់គ្រប់មជ្ឈដ្ឋានទាំងអស់ ទៅលើបញ្ហានេះ ដោយសារខ្ញុំខ្វះលទ្ធភាពអប់រំសម្រាប់មន្ត្រីរបស់យើង។ ដោយសារតែរឿងបែបនេះហើយ បានជាខ្ញុំមិនអាចនឹងទទួលយកការទិតៀនបែបនេះ ដោយមិនបានចាប់ខ្លួន ឬក៏ដាក់វិន័យចំពោះអ្នកដែលបានប្រព្រឹត្តទៅលើរឿងនេះនោះទេ។ សុំបងប្អូនជនរួមជាតិយោគយល់ចំពោះសភាពការណ៍នេះ យើងកំពុងប្រយុទ្ធនូវសមរភូមិម្ខាង តែមិននឹកស្មានថាមន្ត្រីដ៏អាក្រក់របស់យើងមួយចំនួនឆ្លៀតទៅធ្វើសកម្មភាពនៅក្នុងតំបន់ទន្លេសាបរបស់យើង។
សារមួយនេះ គឺក្ដៅបន្តិចហើយ តែបើមិនក្ដៅ គឺមិនបាន គឺត្រូវធ្វើឱ្យបាន។ ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម នាយកឧត្តមសេនីយ៍ សៅ សុខា, ឯកឧត្តម ឱម យិនទៀង ត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់បំផុត។ ហើយក្រសួងដែលមានការពាក់ព័ន្ធ ជាពិសេសក្រសួងធនធានទឹក មានអាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលខុសត្រូវទៅលើបញ្ហាទាក់ទងជាមួយនឹងបញ្ហាជលផល បញ្ហាព្រៃលិចទឹក និងតំបន់ដែលត្រូវការពារ រាប់ទាំងបញ្ហាបរិស្ថានផងដែរ ត្រូវតែមានការទទួលខុសត្រូវទៅលើរឿងនេះ។ ហើយជាពិសេស ខេត្តត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដោយមិនត្រូវទុកពេលវេលានេះឱ្យមានការដកស្ទូងនៅក្នុងតំបន់ដែលទឹកកំពុងស្រកនៅទីនោះទេ ត្រូវគ្រប់គ្រងសភាពការណ៍នេះឱ្យខាងតែបាន។ សូមអរគុណ៕