សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តកំពត ដកស្លាកឈ្មោះដែលប្តូរពី «រមណីយដ្ឋានភ្នំបូកគោ» ទៅជា «រមណីយដ្ឋានសុខា» មុនម៉ោង១១ថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យអភិបាលខេត្តកំពត ដកស្លាកឈ្មោះដែលប្តូរពី «រមណីយដ្ឋានភ្នំបូកគោ» ទៅជា «រមណីយដ្ឋានសុខា» មុនម៉ោង១១ថ្ងៃនេះ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧)។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារឲអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សា ឈ្មោះដើមជាដាច់ខាត»។ ការចេញបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្លាកសញ្ញាស្វាគមន៍នៅខ្លោងទ្វារចូលទៅកាន់ «រមណីយដ្ឋានភ្នំបូកគោ» ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ ត្រូវបានគេប្តូរទៅជា «រមណីយដ្ឋានសុខា» ជាកម្មសិទ្ធិផ្តាច់មុខក្រុមហ៊ុនសុខា របស់អ្នកឧកញ៉ា សុខ គង់។ តំបន់រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុនសុខា សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។ តែក្នុងសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនមិនបានបង្ហាញពីមូលហេតុ នៃការផ្លាស់ប្តូរឈ្មោះនេះឡើយ។ ការផ្លាស់ប្តូរឈ្មោះតំបន់រមណីយដ្ឋានដ៏ទាក់ទាញរបស់កម្ពុជា…

ប្រជាពលរដ្ឋខ្មែរជាង១៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោលមានជាង៥០០នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញានេះថា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាង១៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន៥០០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញានេះ។ គ.ជ.ប បានឲ្យដឹងថាដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី២២ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ១៥៥,៨៣៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ ចំណែកដែលត្រូវលុបឈ្មោះចោលមានចំនួន៥៤៣នាក់។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕