FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យអភិបាលខេត្តកំពត ដកស្លាកឈ្មោះដែលប្តូរពី «រមណីយដ្ឋានភ្នំបូកគោ» ទៅជា «រមណីយដ្ឋានសុខា» មុនម៉ោង១១ថ្ងៃនេះ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧)។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារឲអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សា ឈ្មោះដើមជាដាច់ខាត»។
ការចេញបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្លាកសញ្ញាស្វាគមន៍នៅខ្លោងទ្វារចូលទៅកាន់ «រមណីយដ្ឋានភ្នំបូកគោ» ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ ត្រូវបានគេប្តូរទៅជា «រមណីយដ្ឋានសុខា» ជាកម្មសិទ្ធិផ្តាច់មុខក្រុមហ៊ុនសុខា របស់អ្នកឧកញ៉ា សុខ គង់។
តំបន់រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុនសុខា សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។ តែក្នុងសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនមិនបានបង្ហាញពីមូលហេតុ នៃការផ្លាស់ប្តូរឈ្មោះនេះឡើយ។
ការផ្លាស់ប្តូរឈ្មោះតំបន់រមណីយដ្ឋានដ៏ទាក់ទាញរបស់កម្ពុជា ហើយមានប្រវត្តិទាក់ទងជាមួយអតីតព្រះមហាក្សត្រខ្មែរនេះ មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនោះទេ តែក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ទៅលេងកម្សាន្តនៅទីនោះ ផ្ទុះការរិះគន់យ៉ាងច្រើនផងដែរ។
ក្រុមអ្នករិះគន់បានលើកឡើងថា ក្រុមហ៊ុនមិនគួរប្តូរឈ្មោះរមណីយដ្ឋានមួយនេះនោះឡើយ ព្រោះតំបន់ទេសចរណ៍នេះមានប្រវត្តិសាស្រ្តយូរលង់របស់ខ្មែរ ជាពិសេស ជាប់ទាក់ទងជាមួយអតីតព្រះមហាក្សត្រខ្មែរតាំងពីរជ្ជកាលព្រះស៊ីសុវត្ថិ មុនីវង្ស ដែលព្រះអង្គតែងយាងទៅលំហែព្រះកាយនៅទីនោះ ហើយរហូតព្រះឈួនសោយទិវង្គតនៅព្រះរាជតំណាក់លើភ្នំបូកគោថែមទៀតផង។
ប្រជាពលរដ្ឋ បានចោទប្រកាន់ថា ការកែប្រែឈ្មោះរមណីយដ្ឋានបូកគោពីសំណាក់ក្រុមហ៊ុនសុខា តើជាចេតនាក្នុងការក្តោបក្តាប់យកតំបន់រមណីយដ្ឋាន ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនឬ ? ខណៈដែលប្រជាពលរដ្ឋខ្មែរជាច្រើនបានចាត់ទុកតំបន់រមណីយដ្ឋានមួយនេះ ជាសម្បត្តិរបស់រដ្ឋ និងជាសម្បត្តិរបស់ពលរដ្ឋខ្មែរទាំងមូល។ ការកែប្រែឈ្មោះនេះ គួរតែមានមានពាក្យ «បូកគោ» ដែលភ្នំប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជា។
រមណីដ្ឋានភ្នំបូកគោ មានកំពស់ ១០៧៥ម៉ែត្រ ស្ថិតនៅចម្ងាយ ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពត និងមានចម្ងាយជិត ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ឧទ្យានជាតិភ្នំបូកគោ ត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ។
រមណីយដ្ឋានភ្នំបូកគោ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បាញល្បីនៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃខេត្តកំពត។ រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះពពកវិល, ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅប្រាំ, ព្រះវិហារកាតូលិកចាស់, ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់), ដំណាក់ស្លាខ្មៅ, ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច, វាលស្រែ៥០០ និងកន្លែងសមាធិ។
ក្រុមហ៊ុនសុខា ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងឆ្នាំ២០០៨។ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍតំបន់រមណីយដ្ឋានមួយនេះ យ៉ាងច្រើនដូចជា ការសាងសង់ផ្លូវ សាងសង់សណ្ឋាគារ និងសំណង់ផ្សេងៗ ដើម្បីធ្វើឲ្យតំបន់រមណីយដ្ឋានកាន់តែមានការទាក់ទាញបន្ថែមទៀត។
ទន្ទឹមការរិះគន់ និងការភ្ញាក់ផ្អើលប្រជាពលរដ្ឋខ្មែរ ក៏ចង់ឃើញក្រុមហ៊ុនសុខា រក្សាឈ្មោះរមណីយដ្ឋានបូកគោនេះឲ្យនៅដដែល ព្រោះជាឈ្មោះសម្គាល់ទីតាំង រមណីយដ្ឋាន ដែលពលរដ្ឋខ្មែរបានស្គាល់ទូទាំងប្រទេសតាំងពីដើមមក និងជាប់ទាក់ទងយ៉ាងច្រើនជាមួយប្រវត្តិសាស្រ្តខ្មែរ។ លើសពីនេះទៀត ការបំបាត់ឈ្មោះ «រមណីយដ្ឋានភ្នំបូកគោ» ស្មើនឹងការបំបាត់អត្តសញ្ញាណដើមនៃតំបន់រមណីយដ្ឋានទេសចរណ៍នេះផងដែរ៕