សម្ដេច ស ខេង ណែនាំក្រសួងស្ថាប័នថ្នាក់ជាតិ ទទួលខុសត្រូវឲ្យបានជាក់លាក់ ចំពោះការផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និងថវិកាទៅថ្នាក់ក្រោមជាតិ

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសណែនាំទៅក្រសួង-ស្ថាប័ន-អង្គភាពនានា នៅកម្រិតថ្នាក់ជាតិ ចាំបាច់ត្រូវទទួលខុសត្រូវឲ្យបានច្បាស់លាស់ ចំពោះការងារផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និងថវិកាទៅដល់ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រមុខក្រសួងមហាផ្ទៃថ្លែងសង្កត់ធ្ងន់បែបនេះ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញឡើងសម្ពោធបើកឲ្យដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងរួមគ្នា នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ពីមុនកិច្ចការទាំងអស់ ថ្នាក់ជាតិអ្នកសម្រេច តែឥឡូវថ្នាក់ក្រោមជាតិ ជាអ្នកសម្រេចម្ដង ប៉ុន្តែការផ្ទេរសិទ្ធិ អំណាច មិនគ្រប់គ្រាន់នោះទេ គឺត្រូវផ្ទេរទាំងធនធានមនុស្ស ថវិកាជាមួយគ្នាផងដែរ ដើម្បីឲ្យថ្នាក់ក្រោមជាតិ អាចកសាងធនធានមនុស្សនៅនឹងកន្លែង ពោលគឺក្រសួង-ស្ថាប័ននីមួយៗ…

គ.ជ.ប នឹងលុបឈ្មោះគណបក្សសង្រ្គោះជាតិពីបញ្ជីបោះឆ្នោត បើក្រសួងមហាផ្ទៃ សម្រេចលុបចោលគណបក្សនេះ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា គ.ជ.ប នឹងមិនអនុញ្ញាត ឱ្យគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងការបោះឆ្នោតឃុំ/សង្កាត់ឡើយ បើសិនជាក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយនោះ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្រសួងមហាផ្ទៃ គាត់ប្រកាសលុបឈ្មោះគណបក្សហ្នឹងចេញ…គ.ជ.ប នឹងលុបឈ្មោះ គណបក្សនោះដែរ»។ លោកបានបន្ថែម៖ «គ.ជ.ប អនុញ្ញាតឱ្យប្រកួតប្រជែងតែគណបក្សដែល​ស្របច្បាប់ ចុះបើគណបក្សនោះ ត្រូវបានសម្រេចថា ជាបក្សដែលមិនស្របច្បាប់ទៅហើយ អញ្ចឹងគ.ជ.ប មិនមានរឿងអ្វីត្រូវទទួលស្គាល់ទេ»។ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានមើលឃើញថា ករណីនេះ មិនទាន់ឈានដល់ការលុបគណបក្សនៅឡើយទេ ដោយគ្រាន់តែ សមាជខុសលក្ខន្តិកៈ ហើយក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជប៉ុណ្ណោះ។ លោកថ្លែងថា «រឿងរ៉ាវដែលកើតឡើង គ្រាន់តែជាការមិនទទួល ស្គាល់សមាជនោះទេ មិនទាន់ដល់ការលុបគណបក្សនោះទេ»។ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងអគ្គនាយក នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សារឿងនេះ…

ទីស្តីការគណៈរដ្ឋមន្រ្តី ប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញទឹកដោះម្តាយនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក

FN ៖ តាមសំណើក្រសួងសុខាភិបាល, នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តីបានសម្រេចចេញលិខិតប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញទឹកដោះម្តាយនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs Co., Ltd នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងលិខិតថា ការនាំចេញទឹកដោះម្តាយ ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកដោយក្រុមហ៊ុន គុណមាតា រាជរដ្ឋាភិបាលបានសម្រេច៖ ទី១៖ ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា, ទី២៖ បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ។