FN ៖ តាមសំណើក្រសួងសុខាភិបាល, នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តីបានសម្រេចចេញលិខិតប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញទឹកដោះម្តាយនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs Co., Ltd នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។
ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងលិខិតថា ការនាំចេញទឹកដោះម្តាយ ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកដោយក្រុមហ៊ុន គុណមាតា រាជរដ្ឋាភិបាលបានសម្រេច៖ ទី១៖ ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា, ទី២៖ បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ។