Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
កម្ពុជាមិនឲ្យមានកងទ័ព ឬមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន ដែលនឹងរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ … ខ្ញុំក៏ទទួលបាននូវលិខិតរបស់ Mike Pence ដែលជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បង្ហាញអំពីកង្វល់ទាក់ទងជាមួយនឹងការនឹងវត្តមានមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅពេលខាងមុខនៅកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ ក៏ដូចជាមិត្តភក្តិបរទេសទាំងអស់ថា តើកម្ពុជាមានការចាំបាច់ ដើម្បីនឹងរំលោភនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ឬទេ? រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានហាមឃាត់វត្តមានរបស់កងទ័ពបរទេស ឬការមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន។ កងទ័ពរបស់ខ្លួនក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមនៅក្នុងប្រតិបត្តិការជាមួយប្រទេសណា លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដូចដែលយើងកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្រ្វិកកណ្តាល។ នេះជាចំណុចមួយដែលសូមបញ្ជាក់ទៅកាន់សាធារណជន ទៅកាន់មិត្តភក្តិបរទេស។ ខ្ញុំក៏នឹងតបឆ្លើយលិខិតរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជា ទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់នូវវត្តមានកងទ័ព មូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា មិនថា ជើងគោក ជើងទឹក ឬជើងអាកាសនោះទេ។ តើកម្ពុជាចាំបាច់ត្រូវការកងទ័ពបរទេសលើទឹកដីខ្លួនឬទេ? ចំណុចទី ២ ចោទចេញជាសំណួរថា តើកម្ពុជាត្រូវការកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដើម្បីអ្វីទៅ? តើកម្ពុជាត្រូវការច្បាំងជាមួយអ្នកណា? កម្ពុជាមានកម្លាំងគ្រប់គ្រាន់ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួនរួចទៅហើយ មិនមានការចាំបាច់ដើម្បីដាក់កងទ័ពបរទេសមកជំនួយទេ … កម្ពុជា គ្មានការចាំបាច់ដើម្បីនឹងត្រូវការអន្តរាគមន៍ដោយកងទ័ពបរទេសនោះទេ។ តើយើងវាយជាមួយអ្នកណា? វាយជាមួយប្រជាជនខ្លួនឯង(ឬ)? វាយជាមួយថៃ? វាយជាមួយវៀតណាម ឬឡាវ ឬវាយជាមួយប្រទេសណា? នេះជាចំណុចមួយដែលគួរឲ្យងឿងឆ្ងល់ណាស់។ តើគេមានចេតនាចង់ធ្វើអ្វីចំពោះកម្ពុជា?…
ជាង ២ ឆ្នាំ មិនបានមកជួបគ្នា ថ្ងៃនេះ បានមកជួបជាមួយនឹងចៅៗ ក៏ដូចជា ថ្នាក់ដឹកនាំ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានមើលថែទាំ ចំពោះចៅៗនៅតាមសាលារហូតទៅដល់បួន។ បើគិតពីចុងឆ្នាំ ២០១៥ មកដល់ឥឡូវ គឺរយៈជាង ២ ឆ្នាំ ដែលយើងមិនបានជួបគ្នា។ ប៉ុន្តែ អ្វីដែលបាន(សន្យាថានឹង)ផ្តល់មក គឺផ្តល់ជារៀងរាល់ខែទៀតទាត់ទៅតាមការកំណត់ នៅក្នុងរយៈពេលមុននេះ។ ក្នុងនោះ មជ្ឈមណ្ឌលគ-ថ្លង់ ទាំងនៅកន្លែងនេះ និងនៅកន្លែងពីរផ្សេងទៀត ព្រមទាំងកុមារកំព្រាភ្នំពេញ ដែលមុននេះហៅថា អាស្ប៉េកា ក៏បានផ្តល់ជាទៀងទាត់ ទាំងអង្ករ/ថវិកា និងថ្លៃភ្លើង ដែលត្រូវទូទាត់ជូន ហើយយាយក៏បានផ្តល់ ២០ លានរៀល/១ ឆ្នាំ។ អធ្យាស្រ័យចំពោះការអាក់ខានមិនបានមកប៉ុន្មានឆ្នាំ ថ្ងៃនេះ បានវិលត្រឡប់មកជួបចៅៗ ហើយសូមអធ្យាស្រ័យ ចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជា ថ្នាក់ដឹកនាំ ព្រមទាំងចៅៗ អំពីការអាក់ខាន។ ប្រហែលជាចៅៗបានដឹងហើយថា តា និងយាយរវល់ពេក។ យាយចង់មកតាំងពីថ្ងៃម្សិលមិញឯណោះ ប៉ុន្តែ តាហត់។ មកពីប្រជុំនៅប្រទេសសាំងហ្គាពួរ…
នៅថ្ងៃទី ១៥ វិច្ឆិកា ដដែលនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូកបីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលរួមចែករំលែកនូវទស្សនាទានមួយចំនួន ទាក់ទងនឹងការពិនិត្យឡើងវិញ ក៏ដូចជាទិសដៅនៃកិច្ចសហប្រតិបត្តិការនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ក្នុងតំបន់ និងសកលលោក៖ ១) កម្ពុជាសូមចូលរួមជាមួយបណ្ដាប្រទេសនៃកិច្ចប្រជុំអាស៊ីបូព៌ា ព្រមទាំងស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការរបស់យើង ជាពិសេស ការអនុម័តនូវផែនការសកម្មភាពទីក្រុងម៉ានីល ដែលបានពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពថ្មីចំនួន ៣ បន្ថែមទៀត ដើម្បីបន្ដជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីគំនិតផ្ដួចផ្ដើមអភិវឌ្ឍនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ២០១៨-២០២២។ ទាំអស់នេះ គឺបានឆ្លុះបញ្ជាំងយ៉ាងច្បាស់នូវភាពរឹងមាំនៃដំណើរការ និងគុណតម្លៃនៃវេទិកានៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងការធានាឱ្យបាននូវយន្តការមួយដែលមានប្រសិទ្ធភាពខ្ពស់ដើម្បីវិបុលភាពសម្រាប់តំបន់របស់យើងទាំងអស់គ្នា។ ២) សង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតឡើង គឺបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចសកល ជាពិសេសបង្កើតជាហានិភ័យខ្ពស់ដែលរារាំងដល់ការសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ប្រទេសកំពុងអភិវឌ្ឍ។ ក្នុងបរិការណ៍នេះ ប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាគួរលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួន តាមរយៈការពង្រឹងនូវយន្ដការកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបើកចំហ សុឆន្ទៈ និងការប្ដេជ្ញាខ្ពស់ក្នុងការឆ្លើយតបដោះស្រាយបញ្ហាប្រឈមសកលនេះ ដើម្បីរក្សាបរិយាកាសវិនិយោគ ក៏ដូចជាបង្កើនការទុកចិត្តក្នុងវិស័យពាណិជ្ជកម្ម, ហិរញ្ញវត្ថុ និងឧស្សាហកម្មផងដែរ។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយសកលភាវូបនីយកម្ម និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី។…