Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិត ចំនួន ៣.១៥០ នាក់ នៅវិទ្យាស្ថានវ៉ាន់ដា។ សូមអភ័យទោស ចំពោះការលើកពេលព្រឹកមកកាន់ពេលល្ងាច ហើយខ្ញុំគិតថា នៅដំណាក់កាលក្រោយៗទៀត នៅវិទ្យាស្ថានមួយចំនួន ប្រហែលជាយើងលើកពេលមកចែកជូនសញ្ញា បត្រនៅពេលល្ងាច ព្រោះថាពេលព្រឹក និងពេលល្ងាច មិនមានអីខុសគ្នាទេ ក្នុងដំបូលម៉ាស៊ីនត្រជាក់ ដដែលដូចគ្នា។ កាលពីសម័យដើម សម័យដែលយើងជួលរោងការ សម្រាប់ការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិគ្រប់គ្រង នោះ គឺវាលំបាកបន្តិច ជួនកាលវាភ្លៀង ជួនកាលវាក្តៅ ប៉ុន្តែនេះ ទោះបីព្រឹកក៏នៅតែប៉ុណ្ណឹង ថ្ងៃត្រង់ក៏ នៅតែប៉ុណ្ណឹង ល្ងាចក៏នៅប៉ុណ្ណឹង ចែកយប់ក៏នៅតែប៉ុណ្ណឹង។ ប៉ុន្តែ ការលំបាកបន្តិច លំបាកនៅត្រង់ថា ក្រុមគ្រួសារដែលជូនមកអបអរសាទរ ដែលខ្ញុំឃើញនៅខាងក្រៅអម្បាញ់មិញ ប្រហែលជាក្តៅបន្តិច បើប្រៀបធៀបទៅពេលព្រឹក។ ប៉ុន្តែ យ៉ាងណាក៏ដោយ ដោយសារតែកម្មវិធីរបស់ខ្ញុំវាច្រើនពេក ច្រើនហួស ជួនកាលអ្នកដែលស្នើសុំកម្មវិធីឲ្យស្រូត ហើយក៏យើងជៀសវាមិនបាន គេដាក់មកយឺតពេល ចុងកម្មវិធីមួយប្រឹបទៅ ដល់កម្មវិធីនោះមកក្រោយ មិនដឹងធ្វើម៉េច មានតែយកមកពេលល្ងាច។ ម្យ៉ាងទៀត អាទិត្យនេះ ក៏ដូចជាអាទិត្យមុន មានរួចហើយ…
ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រព សិល្បៈយុវជនទូទាំងប្រទេសលើកទី ៣ នាឱកាសនេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏មានសារសំខាន់របស់ជាតិ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងន័យបំផុសមនសិការ និងស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបរបស់ខ្មែរយើង ឱ្យជ្រាបចូលក្នុងស្រទាប់ប្រជាជាតិខែ្មរគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុង និងក្រៅប្រទេស ពិសេសក្មួយៗយុវជនដែលជាអ្នកបន្តវេនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ។ ការប្រារព្ធទិវានេះគឺជា ចលករមួយជំរុញលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនជនរួមជាតិ រួមគ្នាផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិ បង្កើនការចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ខ្មែរ ដែលជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។ ដូចបានបានគូសបញ្ជាក់មុននេះថា ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះ គឺនៅតែរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំមុនៗដែរ ក្នុងគោលបំណងជំរុញឱ្យយុវជន ដែលជាអ្នកបន្តវេនបានចូលរួមដោយផ្ទាល់កាន់តែស៊ីជម្រៅ និងកាន់ថែមទៀត ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ។ បនែ្ថមលើសកម្មភាពមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលបានប្រារព្ធ និងត្រូវបិទនាពេលនេះ ខ្ញុំក៏សូមថ្លែងនូវការគាំទ្រចំពោះការរៀបចំឱ្យយុវជន…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ថៃ្ងនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុង សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៧ ដែល ផ្តោតលើប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម, កំណើន និងការអភិវឌ្ឍ ក្នុងសម័យឌីជីថល»។ នេះគឺជាលើកទី ១១ ហើយដែលខ្ញុំបានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទប្រចាំឆ្នាំដ៏សំខាន់នេះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ ដោយបានអញ្ជើញថ្នាក់ដឹកនាំមកពីខាងរាជរដ្ឋាភិបាល, វិស័យឯកជន, មជ្ឈដ្ឋានសិក្សាស្រាវជ្រាវ, អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍអន្តរជាតិនានាមកជួបជុំគ្នា ធ្វើការពិនិត្យពីសមិទ្ធផលក្នុងពេលកន្លងមក និងពិនិត្យលើបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកវិធីធ្វើការជាមួយគ្នា ឈានទៅសម្រេចគោលដៅអភិវឌ្ឍ និងបានជាប្រយោជន៍ដល់ប្រទេសកម្ពុជាយើង។ ជាប្រពៃណី នៅក្នុងពិធីនេះ ខ្ញុំតែងតែយកឱកាស ដើម្បីចែករំលែកជូននូវស្ថានភាពសេដ្ឋកិច្ច និងចែករំលែកនូវទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ និងក្នុងឆ្នាំបន្ទាប់។ ជារួម ចាប់ពីឆ្នាំ ២០១៤ មកដល់ពេលនេះ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជាសម្រេចបានតាមការគ្រោងទុក។ ក្នុងនោះ កំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់ ៧% រយៈពេលបីឆ្នាំចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០១៤ និង…