ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរងចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។
ចំណុចទី ១ ៖ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់ ២១ វេលាម៉ោង ២១:០០ នាទី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ចំ ថ្ងៃ ច័ន្ទ ៥ កើត ខែ អាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយ ឧបត្ថម្ភក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ដោយសារប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពមានជម្លោះប្រដាប់អាវុធជាមួយគ្នា វៀតណាមលំបាកបែងចែករវាងជនភៀសខ្លួន និងទាហានខ្មែរក្រហមដែលមានបំណងចូលទៅវាយឆ្មក់។ ដោយបានគិតដល់បញ្ហានេះជាមុន សមមិត្ត ហ៊ុន សែន បានសម្រេចចិត្តយកតែមនុស្សបួននាក់ទេទៅជាមួយ ព្រោះក្រុមធំមួយនឹងបង្កការយល់ច្រឡំថា ជាក្រុមវាយឆ្មក់របស់ ប៉ុល ពត អាចបណ្តាលអោយការវាយប្រហារពីវៀតណាម។
ធម្មជាតិក៏បានចូលរួមចំណែកក្នុងការធ្វើដំណើរ ដោយចន្លោះវេលាម៉ោង ២២:០០ នាទី ដល់វេលាម៉ោង ០១:០០ នាទី រំលងអាធា្រត្រ មានភ្លៀងផ្លេកបន្ទោរ និងផ្គរលាន់ ម្យ៉ាងត្រូវការពុះពារទ្រាំទ្រនឹងអាកាសធាតុដ៏លំបាក ប៉ុន្តែម្យ៉ាងទៀតក៏អាចធ្វើអោយមានសុវត្ថិភាពការពារខ្លួនក្នុងពេលធ្វើដំណើរនេះ។
ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា កឺនៅត្រង់ពាំងខ្ត័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្កឹមស្កៃនៅក្បែរនោះ។ នៅទល់ខាងមុខគឺជាស្រុកទុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម ។ មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាទាំងទឹកភ្នែក ដោយនិយាយក្នុងចិត្តថាអាយុ ១៣ ឆ្នាំ បែកពីស្រុកកំណើត ដោយអត់សាលារៀន អាយុ២៥ឆ្នាំបែកពីប្រទេសដោយពួកឃាតក។
ចំណុចទី ២ ៖ វេលាម៉ោង ០២:០០ នាទី ទាបភ្លឺ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នាក៏បានសម្រាក រងចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទាននោះឡើយ។
សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ? តើអាចត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺតើវៀតណាមអាចចាប់បញ្ជូនមកអោយ ប៉ុល ពត វិញឬទេ?
ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ ៥ ខែ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយាដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។ នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ ១៩៧៥។
ដោយនៅមានភ្លៀងតិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសអោយចំ ដោយពុំមានត្រីវិស័យ ដូចនេះ ត្រូវរងចាំរហូតដល់ពេលភ្លឺច្បាស់ថ្ងៃរះ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨:០០ នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុមបានសម្លឹងមើលទៅទិសដែលព្រះអាទិត្យរះ នោះគឺទិសខាងកើតជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់ប្រទេសវៀតណាម។
ចំណុចទី ៣ ៖ ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាមបានប្រមាណជិត ៦ គីឡូម៉ែត្រ វេលាម៉ោង ១១:០០ នាទី ជិតថ្ងៃត្រង់ក្រុមសមមិត្ត ហ៊ុន សែន បានទៅជួបផ្លូវលំមួយក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុងដៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម។
ហេតុអ្វីបានជាក្រុមសមមិត្តសម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួន? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះអោយតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារព្រំដែនវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ។
ចំណុចទី ៤ ៖ វេលាម៉ោង ១៤:០០ នាទី ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៩៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូវៀតណាមដែលកំពុងធ្វើដំណើរ សមមិត្ត ហ៊ុន សែន ដើរសំដៅហើយកម្មករនោះ ក៏អោយក្រុមសមមិត្តរងចាំនៅទីនោះសិន។
បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ដោយមានអាវុធមកជាមួយផង ។ ដំបូង វៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះថា ជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។
ចំណុចទី ៥ ៖ ក្រោមពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែនជាក្រុម វាយឆ្មក់របស់ ប៉ុល ពត ទេ ភាគីវៀតណាមក៏បានដាំបាយឆ្នាំងលេខ ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស ៥នាក់ ដែលធ្លាប់តែហូបបបរជាង ១ ឆ្នាំហើយ។ ក្រោយពីបានទទួលទានរួច ជនកម្ពុជាទាំងប្រាំរូបត្រូវ គេនាំធ្វើដំណើរចម្ងាយ ៤ គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦:៤៥ នាទី។
ចំណុចទី ៦ ៖ ជនកម្ពុជាទាំងប្រាំត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកង អនុសេនាធំម្នាក់របស់វៀតណាម។
វេលាម៉ោង ១៧:១៥ នាទី ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៧៧ អ្នកទាំងប្រាំត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ ម៉ាក GMC ពីភូមិឡាំងជីនទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង ១៨:០០ នាទី។
ចំណុចទី ៧ ៖ ក្រោយពីបរិភោគអាហារថ្ងៃល្ងាចរួច ដែលមានបាយ និងបន្លែត្រកួនហើយ សមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំងបួននាក់ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មាន សាជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។
នោះគឺជាពេលវេលា ដែលតានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំងបួនដែលធ្វើដំណើរ មកជាមួយ ដោយគិតថាគេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិន ឃើញត្រឡប់មកវិញ។ ពួកគាត់ទាំងបួនមានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់ មិនល្ហើយ និងរងចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូល ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៧៧។ ដោយសារការសាកសួរដេញដោលព័ត៌មាន ធានាតាមលំដាប់ថ្នាក់ ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើអោយភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជន ពីរបបប្រល័យពូជសាសន៍។
នាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ១ ៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំងបួននាក់ បានចេញដំណើរ ទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអុស។
វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំហើយ មិនមែនជាក្រុមដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។
ពីទីតាំងកោះថ្មនារាត្រីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែនបានចាប់ផ្តើមដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕