ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២
FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសមួយ ដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ១៩៤ដុល្លារ ទោះបីជាកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក៏ដោយ។ ការប្រកាសដំឡើងប្រាក់ឈ្នួលនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានប្រជុំលើកចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីបោះឆ្នោតកំណត់តួលេខដំឡើងប្រាក់ឈ្នួល លើតួលេខ៣ដែលស្នើដោយភាគីពាក់ព័ន្ធ មានដូចជា ១៨៨ដុល្លារ, ២០៤ដុល្លារ និង១៩២ដុល្លារ ដោយក្នុងនោះតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង។ តាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា «ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…