FN ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២នាព្រឹកថ្ងៃនេះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្លាតរវាងរាជធានីភ្នំពេញ និងខេត្តកាន់តែខិតជិតគ្នាបន្តិចម្តងៗតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទៃដីរាជធានីភ្នំពេញ បានរីករហូតដល់ជិត ៧០ម៉ឺនគីឡូម៉ែត្រក្រឡា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអ្នករស់នៅ និងធ្វើការជិត៣លានគ្រឿង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានយានយន្តជិត២លានគ្រឿង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកាន់តែល្អប្រសើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនប្រជាពលរដ្ឋ ជាហេតុនាំឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន និងសម្បូរបែប។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាធំសម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន គឺកង្វះចំណតរថយន្ត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តកាន់តែទំនើប និងសម្បូរបែប។ ដរាបណាកម្ពុជារក្សាបានសុខសន្តិភាព ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែទំនើប។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសិង្ហបុរី មានច្បាប់កំណត់បរិមាណប្រើប្រាស់រថយន្ត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា មានការផ្តួចផ្តើមគំនិតហាមមិនឱ្យនាំរថយន្តចាស់ចូលប្រទេស តែសម្តេចច្រានចោល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ច ដែលបានរួមគ្នាបង្ក្រាបគ្រឿងញៀន និងក្រុមក្មេងទំនើង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវហ៊ានស្រមៃថា រាជធានីភ្នំពេញ នឹងមានប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនលើពិភពលោកនាពេលបច្ចុប្បន្ន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគកន្លែងធ្វើចំណតរថយន្តទំនើប។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរគិតគូរជាមុនឱ្យបានច្បាស់លាស់ ពាក់ព័ន្ធការសាងសង់ផ្លូវ ទាំងចិញ្ចឹមផ្លូវ ដាក់លូ និងគន្លងផ្លូវជាដើម។ ជាពិសេសការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគិតគូរឱ្យហើយសម្រាប់គន្លងផ្លូវរថយន្តក្រុងសាធារណៈ នៅតាមបណ្តាញផ្លូវធ្វើថ្មីតាមជាយក្រុង ឬក្រុងរណប។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្កាស និងអគ្គិភ័យជាដើម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យតំបន់អភិវឌ្ឍន៍បឹងទំពន់និងតំបន់ផ្លូវ៦០ម៉ែត្រ គិតគូររៀបចំតំបន់បៃតង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំរដ្ឋាភិបាលរាជធានី ខេត្ត ត្រូវត្រៀមដីរៀបចំឧទ្យានជាតិបៃតង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ត្រូវគិតគូរបិរស្ថាន និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជា មិនមែនជាកង្កែបនៅក្នុងអណ្តូងនោះទេ ប៉ុន្តែមកពីអ្នកនៅក្រៅអណ្តូង មិនព្រមមើលនូវអ្វីដែលអភិវឌ្ឍន៍នៅក្នុងអណ្តូង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព២ គឺ១) បង្កើនល្បឿនការ អភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការ វិនិយោគស្រប តាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥ និង២) ផ្តើមគិតពីកិច្ចការសាងសង់ សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ, ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារ សាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ,
ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និង គម្រោង «ស្ពានអាកាសមរតកតេជោ» ជាដើម។ - សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្តាញលូ អណ្ដូងលូ និងប្រឡាយរំដោះទឹក ព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ចំពោះករណីជំនន់ទឹកភ្លៀង និងប្រធានសក្ដិនានា ដែលអាច កើតមានជាយថាហេតុ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និង ក្មេងទំនើងទាំងតាមសាលារៀន និងក្នុងសហគមន៍ ។ល។) ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរពោលគឺ ត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និង កាត់បន្ថយការកកស្ទះចរាចរណ៍ សំដៅកាត់បន្ថយថ្លៃនៃការធ្វើដំណើរ (ចំណេញពេល និង សេដ្ឋកិច្ច), បង្កើនសេវាកម្មជិះរថយន្តក្រុង និងកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុង ជាមួយនឹងការបង្កើនសម្រស់របស់រាជធានីយើង។ បន្ថែមលើនេះ, ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងទៅ និង ចេញពីបម្រើការងារ (Rush Hours), រដ្ឋបាលរាជធានី ភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់ មកសភាពធម្មតាវិញទើបកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរាចរធ្វើដំណើររបស់ប្រជាពលរដ្ឋ។