FN ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ បានអញ្ជើញចូលរួមក្នុងពិធី បិទវគ្គបណ្តុះបណ្តាលសិស្សមន្ត្រី និងកម្មសិក្សាការី ដែលជាជ័យលាភីបានបញ្ចប់ការសិក្សា ដោយជោគជ័យនៅឆ្នាំ២០២៣ និងពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំសិក្សា ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យដ៏ធំនេះសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និងការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពីសំណាក់ស្វាមី ឬ ភរិយា និងក្រុមគ្រួសារ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យលាភីនៅថ្ងៃនេះ គឺជាធនធានមនុស្ស និងមូលធនមនុស្សបន្ថែម សម្រាប់កម្ពុជា ដែលមានសមត្ថភាព, គុណភាព, ចំណេះដឹង និងចំណេះធ្វើ, តាមរយៈការបណ្ដុះបណ្តាលនៅ សាលាភូមិន្ទរដ្ឋបាលដោយជោគជ័យ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់អ្វីៗទាំងអស់ មិនអាចដំណើរការ បានប្រកបដោយគុណភាព ប្រសិទ្ធភាព និង ផលិតភាពឡើយ បើពុំមានធនធានមនុស្សដែលមានគុណវុឌ្ឍខ្ពស់, ទាំងជំនាញរឹង និង ទន់, និង កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមជាតិកម្ពុជាទំនើប និងរឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានចំណេះដឹងរឹងមាំ នឹងនាំមកនូវសមិទ្ធកម្មការងារកាន់តែប្រសើរ និងភាពជោគជ័យនៃការងារ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារៀងរាល់អាណត្តិ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់អាទិភាពខ្ពស់ដល់ការកសាង និង អភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស លើគ្រប់វិស័យ ក្នុងគោលដៅអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយស្នូលនៃ «យុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១» គឺការពង្រឹងអភិបាលកិច្ច។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីធ្វើឱ្យអភិបាលកិច្ចមានភាពល្អប្រសើរ ត្រូវការកត្តាសំខាន់ចំនួនពីរ គឺយន្តការ និងមនុស្ស។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា តាំងពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍មក រាជរដ្ឋាភិបាលមានគោលបំណងតែមួយ គឺប្រទេសមានភាពរឹងមាំ ជីវភាពប្រជាពលរដ្ឋកាន់តែល្អ និង លើកកម្ពស់សមត្ថភាពបម្រើរបស់មន្ត្រីរាជការកាន់តែល្អប្រសើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើទំនើបកម្មការផ្តល់សេវា គឺជាការយកចិត្តទុកដាក់ខ្ពស់មួយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការ នឹងធ្វើឱ្យសម្រេចបាន៥០ភាគរយ តែភាពជោគជ័យ គឺអាស្រ័យលើកការអនុវត្តរបស់មនុស្ស ដែលមានភាពបត់បែន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាក្រសួងស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ បើគ្មានស្តង់ដារក្រមប្រតិបត្តិ និងកិច្ចសហការគ្នា មិនអាចធ្វើឱ្យមានប្រសិទ្ធភាពការងារនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជនដែលប្រព្រឹត្តពុករលួយក្នុងការជ្រើសរើសមន្ត្រីរាជការសាធារណៈ នឹងប្រឈមការចាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីដែលជ្រើសរើសហើយ មិនចុះធ្វើការនៅតាមខេត្ត ហើយប្រមូលផ្តុំតែនៅភ្នំពេញ នឹងបង្កើតឱ្យរូបភាព «ខ្វះតែលើស លើសតែខ្វះ»។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាភូមិន្ទរដ្ឋបាល គួរមានស្តង់ដារវិន័យមួយខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិស្សសាលាភូមិន្ទរដ្ឋបាល ដែលសុទ្ធតែជាមន្ត្រី មិនគួរចាំបាច់សាលាអនុវត្តន៍វិធានការវិន័យនោះទេ។ សិស្ស គួរតែមានស្មារតីនៃការអនុវត្តវិន័យឱ្យបានខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារាជរដ្ឋាភិបាល មិនចង់អនុវត្តអភិក្រមទី៥នោះទេ តែមន្ត្រីត្រូវប្រឹងប្រែងអនុវត្តអភិក្រម៤ខាងដើមជាចាំបាច់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រៀនមិនមែនដើម្បីទទួលបានការប្រថាប់ត្រានោះទេ គឺរៀនដើម្បីបានចំណេះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិត្តិយស វិន័យ និងតម្លៃរបស់សាលា អាស្រ័យលើគុណភាពចំណេះ និងការអនុវត្តរបស់សិស្សនៅពេលបញ្ចប់ការសិក្សា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មាននរណាល្អឥតខ្ចោះនោះទេ តែត្រូវដាក់ចិត្តប្រឹងប្រែងធ្វើឱ្យខ្លួនឯងល្អឥតខ្ចោះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បម្រើរាស្ត្រ គឺប្រៀបដូចបម្រើខ្លួនឯង និងគ្រួសារ គឺត្រូវការការផ្តល់សេវាសាធារណៈមួយដែលល្អប្រសើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់គ្នាមិនចង់បានការផ្តល់សេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចានោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តួនាទី និងកៅអីមន្ត្រី បានមកដោយសារពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការទទួលខុសត្រូវ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹងភាព ជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព, ការពង្រឹងប្រព័ន្ធដឹកនាំគ្រប់គ្រង និង ប្រតិបត្តិការការងារ, ការកសាងវប្បធម៌ផ្តល់សេវាល្អ, ការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ, និង ការកែប្រែឥរិយាបទរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្នុងការផ្តល់ សេវាសាធារណៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ, មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈល្អ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្ដល់ឱកាស និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ក្នុងការចូលរួមផ្តល់ការបណ្តុះបណ្តាល និង កម្មវិធីចែក រំលែកចំណេះដឹងដល់សិស្សមន្ត្រី កម្មសិក្សាការី និង សិក្ខាកាមរបស់សាលាភូមិន្ទរដ្ឋបាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ការរៀបចំក្របខ័ណ្ឌសមត្ថភាពមន្ត្រី ក្នុងមុខតំណែងនីមួយៗជាមូលដ្ឋានក្នុង ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអនុវត្តមុខងារ និង ភារកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច, គណនេយ្យភាព និង ការទទួលខុសត្រូវ ច្បាស់លាស់ គាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសាធារណៈ ឈរលើ ទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបានរៀបចំ និងដាក់ឱ្យ អនុវត្តជាបណ្តើរៗ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមុខងារសាធារណៈ ត្រូវគិតគូរដល់ការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ ការអភិវឌ្ឍសមត្ថភាពមន្ត្រីក្នុងរដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទីចង្អុល ផ្លូវសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ផ្តើមចេញពីការពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃការកសាងសមត្ថភាពមន្តី សាធារណៈ, ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រព័ន្ធដោយឈរលើ គោលការណ៍គុណភាពនៃការបណ្តុះបណ្តាល និងប្រសិទ្ធភាពចំណាយ, ការរៀបចំកម្មវិធីសិក្សាប្រកប ដោយគុណភាពឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្ដែង,
ការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយនឹងប្រសិទ្ធភាពការងារ និង ការអភិវឌ្ឈ អាជីពមន្ត្រី, ការរៀបចំក្របខ័ណ្ឌគុណវុឌ្ឍិគ្រូឧទ្ទេស, ការពង្រឹងកិច្ចសហការរវាង គ្រឹះស្ថានបណ្តុះបណ្តាលជាដើម។ - សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមុខងារសាធារណៈត្រូវបន្ត ជំរុញការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីតាមប្រព័ន្ធឌីជីថលឱ្យកាន់តែមាន លក្ខណៈពេញលេញ និងសមស្រប ដើម្បីធានាបាននូវការគ្រប់គ្រង និង ការធ្វើ បច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យ និង គុណវុឌ្ឍិមន្ត្រីជាក់ស្ដែងនៅតាមអង្គភាព របស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់បម្រើដល់គោលដៅន ការគ្រប់គ្រង និង អភិវឌ្ឍសមត្ថភាពមន្រ្តីឱ្យបានពិតប្រាកដ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំសាលាភូមិន្ទរដ្ឋបាល ត្រូវបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និង ប្រតិបត្តិការឱ្យកាន់ តែមានប្រសិទ្ធភាព ព្រមទាំងបន្តលើកកម្ពស់សមត្ថភាព និង គុណភាពនៃការ បណ្តុះបណ្តាល និង ការសិក្សាស្រាវជ្រាវ ក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះ- បណ្ដាលឱ្យស្របតាមការវិវត្តនៃវិស័យសាធារណៈ ពិសេស តាមរយៈការពិនិត្យ ឡើងវិញ និង ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ខ្លួន ដើម្បីអភិវឌ្ឍ សមត្ថភាពឱ្យឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការវិវត្តក្នុង
តំបន់ និងពិភពលោក។ - សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំសាលាភូមិន្ទរដ្ឋបាល ត្រូវបន្តជំរុញថែមទៀតក្នុងការរៀបចំឱ្យមានកម្មវិធី និង វេទិកានានា ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធឱ្យកាន់តែទូលំទូលាយ ពាក់ព័ន្ធនឹង នវានុវត្តន៍, ឧត្តមានុវត្ត និង ភាពជាអ្នកដឹកនាំគំរូក្នុងរដ្ឋបាលសាធារណៈ, ការចងក្រង និងផ្សព្វផ្សាយករណ៏សិក្សា ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន, ដូចជាការលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាព ការងារក្នុងរដ្ឋបាលសាធារណៈ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញទន់ជាដើម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំសាលាភូមិន្ទរដ្ឋបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពបណ្ដុះបណ្តាល ដោយការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា, រួមមានការអភិវឌ្ឍថ្នាលបណ្តុះបណ្តាលឌីជីថលសម្រាប់គាំទ្រ និងពង្រីកសមត្ថភាពបណ្ដុះបណ្តាល និងការផ្ដល់កាលានុវត្តភាពថ្មីបន្ថែម ទៀត ដល់មន្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិការណ៍នៃបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ជំរុញ និងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការទទួលយកការសម្របខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីម៉្យាងបង្កើនផលិតភាព និងប្រសិទ្ធការងារ និងម៉្យាងទៀត ធានាបាននូវការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលទទួលបានជោគជ័យ និង ផលជាវិជ្ជមានពិតប្រាកដ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំសាលាភូមិន្ទរដ្ឋបាល ត្រូវបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាល
ដោយរៀបចំវគ្គបណ្តុះបណ្ដាលផ្អែកលើការវាយតម្លៃសេចក្តីត្រូវការច្បាស់លាស់ និងពិតប្រាកដ នៃការងារនៅតាមអង្គភាពនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវមានការពិនិត្យ និងវាយតម្លៃឱ្យបានទៀងទាត់អំពីផលន ការបណ្តុះបណ្តាលលើការអនុវត្តការងារនៅតាមអង្គភាព។