អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងការសោកស្តាយជ្រាលជ្រៅ ចំពោះមរណភាពរបស់កងទ័ពមួកខៀវកម្ពុជាទាំង ៤រូប
FN ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើលិខិតចូលរួមរំលែកមរណៈទុក្ខ និងសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការស្លាប់បាត់បង់ជីវិតរបស់កងទ័ពមួកខៀវកម្ពុជាទាំង៤រូប ដោយសារការវាយប្រហារពីក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល។ បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា លិខិតចូលរួមរំលែកមរណៈទុក្ខរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើជូនឯកអគ្គរាជទូតតំណាអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងការសោកស្តាយខ្លាំងចំពោះមរណភាពវីយុទ្ធជនរបស់កម្ពុជាទាំង៤រូប និងបានថ្លែងអំណរគុណចំពោះការលះបង់របស់វីរៈយុទ្ធទាំង ៤រូប ដែលបានចូលរួមក្នុងបេសកកម្ម ដើម្បីបុព្វហេតុសន្តិភាពនៅប្រទេសអាហ្រ្វិកកណ្តាល។ សូមបញ្ជាក់ថា សពវីរៈយុទ្ធជនកម្ពុជាទាំង ៤រូប ដែលបានរងការវាយប្រហារដោយក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្តាល ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ដោយមានការអញ្ជើញទទួលសពដោយផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ មន្រ្តីអនុព័ន្ធយោធ ឯកអគ្គរាជទូត រដ្ឋទូត ក្រុមគ្រួសារ និងកងកម្លាំងរួមអាវុធជាច្រើននាក់ផ្សេងទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។…