FN ៖ ប្រទេសកម្ពុជាបានក្លាយជាប្រធានក្រុមប្រឹក្សាវប្បធម៌ «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៊ី» ហៅកាត់ថា ICAPP (International Conference of Asia Political Parties) ខណៈប្រទេសចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន។ សមាជិកអចិន្ត្រៃយ៍របស់ ICAPP គឺមាន៣៤គណបក្សនយោបាយមកពី២៣ប្រទេស ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។
ការប្រកាសនេះបានធ្វើឡើងកិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី ដែលរៀបចំធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បួង ។
ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum (AEPF) ខណៈលោក ហ៊ុយ វណ្ណៈ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP Media Forum’s Bureau មានអាណត្តិ២ឆ្នាំម្តង។
គួរបញ្ជាក់ថា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូមួយចំនួនទៅចូលរួមកិច្ចប្រជុំ សំខាន់ចំនួន៣នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។
កិច្ចប្រជុំទាំង៣នោះ រួមមាន៖
ទី១៖ កិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី។
ទី២៖ កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្រ្តៃយ៍អាយកាប ដែលមានប្រទេសជាសមាជិកចំនួន២១ ក្នុងចំណោមសមាជិក២៣ នៅតំបន់អាស៊ីចូលរួម។
និងទី៣៖ កិច្ចប្រជុំលើកទី១ នៃវេទិកានយោបាយអាស៊ី អឺរ៉ុប ដែលក្នុងនោះ លោក ហោ ណាំហុង នឹងត្រូវបានស្នើ ធ្វើជាសហប្រធាននៃវេទិកានយោបាយអាស៊ី អឺរ៉ុប ជាមួយ លោក Geoffrey Van Orden ៕