FN ៖បើគ្មានអ្វីប្រែប្រួលទេ នោះសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២ នៅក្នុងឆ្នាំ២០១៧នេះ ដែលរារាំងមិនឲ្យទណ្ឌិត ឬ អ្នកទោសទៅជាប់ពាក់ព័ន្ធ និងធ្វើសកម្មភាពជាមួយគណបក្សនយោបាយនោះ នឹងត្រូវសមាជិករដ្ឋសភាលើកដៃអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋសភានាថ្ងៃចន្ទ ទី១០ ខែកក្កដា សប្តាហ៍ក្រោយនេះហើយ។
គេនៅចាំបានថា កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានធ្វើវិសោធនកម្មរួចម្តងមកហើយ ព្រមទាំងត្រូវបានចូលជាធរ មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីមានការចុះហត្ថលេខាពីប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ។
ការធ្វើវិសោធនកម្មលើកទី១នេះ បានធ្វើឲ្យលោក សម រង្ស៊ី ដែលក្លាយជាទណ្ឌិតតាមអំណាចតុលាការកំពូល ក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហើយកំពុងរត់គេចខ្លួននៅប្រទេសបារាំងនោះ ត្រូវបង្ខំចិត្តលាលែងចេញពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហើយសូម្បីតែជាសមាជិកធម្មតា នៅក្នុងគណបក្សប្រឆាំងមួយនេះ ក៏មិនសេសសល់ដែរ។
វិសោធនកម្មលើកទី១នេះ បើទោះបីលោក សម រង្ស៊ី ត្រូវបាត់បង់តំណែងពីបក្សយ៉ាងណាក្តី តែក៏ហាក់នៅមានក្តីអនុគ្រោះខ្លះដែរ សម្រាប់ អ្នកនយោបាយពូកែ រត់រូបនេះ ព្រោះលោកនៅមានឱកាសបង្ហាញមុខកាន់ដៃជាមួយលោក កឹម សុខា នៅលើស្លាកគណបក្ស ហើយរាល់ពេលមានពិធីប្រជុំ ឬ វេទិកាជួបជាមួយ ប្រជាពលរដ្ឋម្តងៗ លោកតែងតែបង្ហាញវត្តមានជាប់ជានិច្ចតាមវីដេអូខុនវើរិន។
ផ្ទុយទៅវិញសម្រាប់ការធ្វើវិសោធនកម្មលើកទី២នេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជារណាំងដែកថែបដ៏រឹងមាំរារាំង និងបិទបាំងគ្រប់សកម្មភាពរបស់លោក សម រង្ស៊ី មិនឲ្យមកពាក់ព័ន្ធជាមួយគណបក្សសង្រ្គោះជាតិទៀតនោះឡើយ។ កុំថាឡើយការផ្តល់ឱកាសឲ្យលោក សម រង្ស៊ី បង្ហាញមុខតាមវីដេអូខុនហ្វើរិន នៅពេលមានកិច្ចប្រជុំ ឬ វេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ សូម្បីតែរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ក៏នឹងមិនអនុញ្ញាតឲ្យមានវត្តមាន នៅលើស្លាកគណបក្សសង្រ្គោះជាតិទៀតនោះឡើយ។ បើដូច្នោះមែនទាំងរូបកាយ និងព្រលឹងរបស់លោក សម រង្ស៊ី នឹងរសាត់កាន់តែឆ្ងាយពីគណបក្សសង្រ្គោះជាតិ និងពីអ្នកគាំទ្ររបស់លោក ហើយអាចនឹងឈានដល់ការភ្លេចភក្រ្តាមេបក្សប្រឆាំងជើងមិនជាប់ដីរូបនេះថែមទៀតផង។
គេថាលទ្ធផលស្ថិតលើទេវតាជាអ្នកកំណត់ និងសម្រេច ប៉ុន្តែការងារគឺជាមនុស្សជាអ្នកចាត់ចែង និងជាអ្នកធ្វើ។ ការធ្វើឲ្យលោក សម រង្ស៊ី កាន់តែបាត់មុខ បាត់សំឡេង និងបាត់អំណាចពីជំរំព្រះអាទិត្យ មើលមួយភ្លែតទៅដូចជាមេជំរំទេវតា ជាអ្នកកម្ចាត់។ តែបើធ្មិចដួងនេត្រាទាំងទ្វេ ហើយនឹកគិតមួយស្របក់ទៅ យើងនឹងយល់យ៉ាងប្រចក្សថា វាគ្រាន់តែជាឆាកល្ខោនមួយ ដែលមេជំរំទេវតា សម្តេចតេជោ ហ៊ុន សែន បំពេញតាមសន្យាជួយលោក កឹម សុខា អតីតមេជំរំដួងចន្ទ លេបយកជំរំព្រះអាទិត្យតែប៉ុណ្ណោះ។
និយាយដល់ការជ្រោមជ្រែងរបស់មេជំរំទេវតា ជួយឲ្យមេជំរំដួងចន្ទ លេបយកជំរំព្រះអាទិត្យ គេក៏នឹកឃើញដល់សារសន្ទនាតាមទូរស័ព្ទរវាងមេជំរំទេវតាសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ ក្នុងសារសន្ទនាដែលគេទម្លាយនោះ សម្តេចតេជោ ហ៊ុន សែន ដែលគេដឹងថា ធ្លាប់ជួយជ្រោមជ្រែងលោក កឹម សុខា បង្កើតគណបក្សសិទ្ធិមនុស្សតាំងពីដំបូងក្នុងឆ្នាំ២០០៧ បានបង្ហាញការរៀបចំផែនការមួយចំនួន ដើម្បីឲ្យលោក កឹម សុខា ដណ្តើមយកគណបក្សសង្រ្គោះជាតិមកគ្រប់គ្រងតែឯង។
នៅក្នុងសារដែលបែកធ្លាយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំមិនបំផ្លាញសង្រ្គោះជាតិចោលទេ តែខ្ញុំរកដៃគូនៅក្នុងសង្រ្គោះជាតិ ហើយខ្ញុំសំឡឹងឃើញ ថា ខាឯងអាចធ្វើការជាមួយខ្ញុំបាន។ ឥឡូវឱកាសមានហើយ ដែលខាឯងក្តាប់យកកម្លាំង»។ ក្រោយកិច្ចសន្ទនាដ៏ផ្អែមល្អែមនោះរួចមក បុរសខ្លាំងសម្តេចតេជោ ហ៊ុន សែន ក៏ចាប់ផ្តើមជួយបើកផ្លូវ និងជ្រោមជ្រែងឲ្យលោក កឹម សុខា ពង្រីកអានុភាពនៅក្នុង គណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់។
លោក កឹម សុខា ត្រូវបានបើកផ្លូវឲ្យចេញពីទីស្នាក់ការគណបក្សជាលើកដំបូងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីឃុំខ្លួនឯងអស់ជាង ៦ខែនៅស្នាក់ការ បក្ស។ នៅព្រឹកថ្ងៃនោះ លោក កឹម សុខា ដែលពេលនោះនៅជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចេញទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លុះដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យព្រះរាជទាន លើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន។
ក្រោយពីទទួលព្រះរាជទានលើកលែងទោស នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបើកការជួបជជែក ដោយចំហរជាមួយលោក កឹម សុខា នៅវិមានរដ្ឋសភា ក្រោមការយកព័ត៌មានជាច្រើនពីក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ។ កាយវិការនេះជាការបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន កំពុងផ្តល់អនុភាពទៅឲ្យលោក កឹម សុខា ជាដៃគូថ្មីក្នុងកិច្ចពិភាក្សានយោបាយជំនួសលោក សម រង្ស៊ី។
ក្រៅពីដើរតួជាឥសីផ្តល់វេទមន្ត និងអនុភាពឲ្យលោក កឹម សុខា ហើយនោះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានដើរតួជាយក្ខកម្ចាយលោក សម រង្ស៊ី ដើម្បីដណ្តើមជំរំព្រះអាទិត្យជូនលោក កឹម សុខា ថែមទៀតផង តាមរយៈការផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយមិនឲ្យទណ្ឌិតធ្វើជាប្រធានគណបក្ស។
វិសោធនកម្មនេះបានបង្ខំឲ្យលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏ធ្វើឲ្យ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ថ្មីៗនេះ បន្ទាប់ពីសមាជិក ជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជសមាជវិសាមញ្ញ។
រយៈពេលជិតកន្លះឆ្នាំចាប់តាំងពីក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានក្លាយជាតួអង្គមេបក្សប្រឆាំងដែល មានឥទ្ធិពលនៅក្នុងបក្ស និងបានសាងប្រជាប្រិយភាពច្រើនណាស់ផងដែរ។ ទោះជាយ៉ាងណា គេក៏បានមើលឃើញថា លោក សម រង្ស៊ី នៅតែប្រើអំណាចស្រមោលនៅក្នុងបក្ស ហើយមិនដែលបានចាត់ទុកលោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិនៅក្នុងកែវភ្នែកនោះឡើយ។
គេអាចកត់សម្គាល់បាននៅលើទំព័រ Facebook របស់លោក សម រង្ស៊ី គ្រប់សំណេរដែលលោកបានសរសេរពាក់ព័ន្ធជាមួយលោក កឹម សុខា គឺមិនដែលបាន រំលេចពីតួនាទីរបស់លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិនោះទេ។ មួយវិញទៀតនៅក្នុងវេទិកាទាំងផ្ទៃក្នុងបក្ស និងវេទិកាសាធារណៈ លោក សម រង្ស៊ី នៅតែបង្ហាញវត្តមានដដែល ជាហេតុនាំឲ្យលោក កឹម សុខា ក្នុងនាមជាប្រធានបក្សមិនសូវជារីករាយនោះឡើយ។
ប្រហែលប្រការទាំងអស់នេះហើយ ទើបត្រូវបង្ខំឲ្យលោក កឹម សុខា ត្រូវតែដាក់សំណើឲ្យសម្តេចតេជោ ហ៊ុន សែន ត្រូវដើរតួជាយក្ខម្តងទៀត ដើម្បីកម្ចាយលោក សម រង្ស៊ី ឲ្យខ្ចាត់ខ្ចាយពីគណបក្សសង្រ្គោះជាតិ តាមរយៈការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាថ្មី។
បើតាមសេណារីយ៉ូ ដែលបានរៀបរាប់ខាងលើនេះ ការឲ្យតម្លៃលោក កឹម សុខា ជាអ្នកនយោបាយមានភាពវ័យឆ្លាតពីអ្នកនយោបាយ និង អ្នកតាមដានបញ្ហា នយោបាយនៅកម្ពុជានោះ គឺពិតជាមិនខុសនោះឡើយ។ លោក កឹម សុខា ផ្តើមពីការយកបក្សក្មេងខ្ចីរបស់ខ្លួន និងមានអ្នកគាំទ្រតិចតួចទៅវិនិយោគជាមួយលោក សម រង្ស៊ី ទីបំផុតបានពង្រីកអានុភាពរបស់ខ្លួន និង លេបយកបក្សទាំងមូល។ ជាពិសេស លោក កឹម សុខា អាចកម្ចាត់លោក សម រង្ស៊ី ដែលជាគូសង្រ្គាម នយោបាយកាលពីអតីតកាលឲ្យខ្ទាតចេញពីសង្វៀននយោបាយ ដោយមិនឲ្យខូចឈ្មោះជាសុភាពបុរសរបស់លោកបន្តិចនោះឡើយ។
នៅពេលការធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយលើកទី២នេះ ចូលជាធរមាន លោក សម រង្ស៊ី នឹងត្រូវក្លាយជាអ្នកនយោបាយ ដែលចាញ់ក្នុងល្បែង នយោបាយយ៉ាងអាម៉ាស់ សូម្បីតែរូបភាពលោកតាមវីដេអូខុនវើរិនក្នុងវេទិកាសាធារណៈ និងកិច្ចប្រជុំរបស់បក្ស នឹងមិនអាចបង្ហាញវត្តមានទៀតនោះឡើយ។ លើសពីនេះទៀតរូបភាពរបស់លោកនៅតាមស្លាកគណបក្សសង្រ្គោះជាតិ ក៏លែងមានវត្តមានទៀតដែរ ហើយមិនយូរប៉ុន្មានប្រជាពលរដ្ឋក៏ប្រហែលលែងចាំផងដែរថា លោក សម រង្ស៊ី ជានរណា? ព្រោះរាល់សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ នឹងលែងភ្ជាប់ជាមួយឈ្មោះទណ្ឌិត សម រង្ស៊ី ទៀតហើយ។
ថាចិត្តគំនិតទៅជាមរតកឈាមពីឪទៅកូន! តែពេលនេះសូម្បីតែការធ្វើនយោបាយរវាងលោក សម សារី និងលោក សម រង្ស៊ី ដែលកូនប្រុសពៅក៏ដូចគ្នាដែរ គឺ «ជនបរាជ័យយ៉ាងអាម៉ាស់ក្នុងសង្វៀននយោបាយ»។ ថាមិនត្រូវសូម្បីតែដង្ហើមចុងក្រោយរបស់លោក សម រង្ស៊ី ក៏ប្រហែលជួបវាសនាដូចឪពុករបស់លោកដែរ គឺមិនអាចបញ្ចប់នៅលើដីកំណើតរបស់ខ្លួននោះឡើយ៕