សម្តេចតេជោ – ជន ឃែរី៖ គួរពង្រីកទំហំពាណិជកម្មទ្វេភាគី, ជំរុញ COC លើបញ្ហាសមុទ្រចិនខាងត្បូង
ថ្ងៃទី ២៦ ខែ មករា ក្នុងឱកាសចូលជួបប្រាស្រ័យការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ឯកឧត្តម ជន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទទួលស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបាននូវការរីកចម្រើនគួរឱ្យកត់សំគាល់ ជាពិសេស ភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ ក្រៅពីលើកឡើងថា កម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង និងមានឱកាសច្រើនសម្រាប់ជនជាតិអាមេរិកមកវិនិយោគនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការសន្តិភាពក្នុងពិភពលោក ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមអះអាងថា “កម្ពុជាជាប្រទេសតូចមួយ ហើយការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យជាទីបំផុត”។ ឯកឧត្ដម ជន ឃែរី ជម្រាបសម្ដេចតេជោ ពីគោលបំណងនៃទស្សនកិច្ចថា ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែ កុម្ភៈ ខាងមុខនេះ និងស្វែងរកវិធីដើម្បីក្ដាប់ឱកាសឱ្យកាន់តែធំធេងឡើងសម្រាប់ប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់ត្រឡប់មកវិញនូវរូបចម្លាក់បុរាណរបស់កម្ពុជា ហើយក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិក បន្តសកម្មភាពជួយដល់កម្ពុជា បើមានករណីដូចនេះទៀត និងបន្ថែមថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីការជួយ…