សម្តេចតេជោ៖ មន្ត្រីជញ្ជីងត្រូវបើកភ្នែកមើល អ្វីបំផ្លាញស្ពាន/ថ្នល់ និងសុវត្ថិភាពសាធារណៈ

ដោយសង្កេតឃើញថា គ្រោះថ្នាក់បង្កឡើងដោយរថយន្តតូចធំ រថយន្តសណ្តោងដឹកទំនិញលើសកំណត់ ដូចជាករណីដឹកកាត់ស្ពានអ្នកលឿង(ទ្សឹបាស្សា) បានបណ្តាលឲ្យខូចខាតស្ពាន រហូតមានបានករណីរថ​យន្តដឹកដីខ្នាតធំបុកម៉ូតូយុវសិស្ស បណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផង, ក្នុងសារតាមហ្វេសប៊ុកព្រឹកថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០១៦, ក្រៅពីបញ្ជាក់ថា ទម្ងន់បែបនេះអាចនឹងកំទេច​ស្ពាន បើបណ្តោយអោយ​ឆ្លង​កាត់​រាល់​ថ្ងៃ ដោយអាជ្ញាធរ និងសមត្ថកិច្ចប្រាកដជាបានឃើញ​ពេលរថយន្ត​ខ្នាត​យក្ស​ដឹក​សណ្តោង​លើស​កំ​ណត់​តោន ជាពិសេសសមត្ថកិច្ចដែលយាមនៅគល់ស្ពាន សម្តេចតេជោ ហ៊ុន សែន បានព្រមានទាំ​ង​អ្នក​បើកបរ ទាំងក្រុមហ៊ុន ថា សម្តេចនឹងមិនឲ្យជនល្មើសណា ដែលបង្កការ​ខូច​ខាតដល់ស្ពានថ្នល់ បង្កគ្រោះ​​ថ្នាក់​ដល់ប្រជាពលរដ្ឋ​ហើយ​​រត់គេចមិនទទួលខុសត្រូវ បានរួចខ្លួនតទៅ​ទៀត​ឡើយ។ ស្របនឹងបានចេញបញ្ជាឲ្យក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់បំ​ផុតទៅលើជនទាំងនោះ សម្តេចតេជោ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក្រុមហ៊ុនដឹកអ្នក​ដំ​ណើរ និងក្រុមហ៊ុនដឹកទំនិញ ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំដឹកលើសទម្ងន់ ចៀសវាងគ្រោះ​ថ្នាក់ ធានាបានសុវត្ថិភាពខ្ពស់ និងការថែរក្សាគុណភាពស្ពានថ្នល់បានយូរអង្វែង។ «ក្រុមមន្រ្តីជញ្ជីងត្រូវ​បើក​ភ្នែកមើលអោយឃើញ អ្វីដែលកំពុងបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ ព្រោះត្រូវទទួលទោស​ដូច​គ្នា» សម្តេចបញ្ជាក់៕