សម្តេចតេជោអំពាវនាវដល់វិនិយោគិនជប៉ុន មករកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ដោយសម្តេចធានានូវបរិស្ថានអំណោយផល ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសចូលរួមក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា, សម្តេចបានអំពាវនាដល់វិនិយោគិនជប៉ុន ឲ្យមករកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ហើយសម្តេចជាអ្នកធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរចំពោះវិនិយោគជប៉ុននៅកម្ពុជាថា ជាសុទ្ធសឹងតែជាការវិនិយោគប្រកបដោយគុណភាព ផ្ដល់តម្លៃបន្ថែមខ្ពស់ និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរ ជូនដល់កូនក្មួយកម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ធុរជន និងអ្នកវិនិយោគជប៉ុន ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគី រវាងកម្ពុជា និងជប៉ុន»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ…