FN ៖ កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានប្រារព្វពិធីបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយលោក អ៉ីម៉ូម៉ាលី រ៉ាហម៉ុន (EMomali Rahmon) ប្រធានាធិបតីតាជីគីស្ថានរួចហើយ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២៨ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួនទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើប្រធានបទ ចក្ខុវិស័យរួមដើម្បីសន្តិសុខ និងវិបុលភាព នៃតំបន់ CICA។
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃតំបន់ CICA បានបញ្ចាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងនិយាម និងគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់ជាសកល ក្នុងការលើកកម្ពស់គោលដៅ និងគោលការណ៍របស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីគោលការណ៍ណែនាំ ក្នុងទំនាក់ទំនងរបស់រដ្ឋជាសមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និងច្បាប់អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃតំបន់ CICA បានឈានទៅចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកទី៥ ក្នុងនោះនោះរួមមានបន្តគាំទ្រដល់ដំណើរការរបស់ CICA ដោយផ្តោតលើការគោរពគោលការណ៍សមភាព អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សន្តិសហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងការអត់ធ្មត់ពីការប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ។
គាំទ្រដំណើរការបន្តកំណែទំរង់ នៃប្រព័ន្ធអង្គការសហប្រជាជាតិ ដែលមានគោលបំណងជំរុញសមត្ថភាពដោះស្រាយ បញ្ហាប្រឈមជាសារវ័ន្ត ក្នុងពេលបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់ក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង លើការគំរាមកំហែងសន្តិសុខ បង្កឡើងដោយអំពើភេរវកម្ម និងអំពើជ្រុលនិយមគ្រប់ទំរង់ និងគ្រប់រូបភាពទាំងអស់ ពិសេសផ្កោលទោសដោយ ឥតលក្ខខណ្ឌចុះពោះការវាយប្រហារ ភេរវកម្មនៅទូទាំងពិភពលោក រួមទាំងការវាយប្រហារបណ្តាប្រទេសតំបន់ CICA។
មេដឹកនាំទាំងអស់ បានសង្កត់ធ្ងន់ថា រាលទង្វើភេរវកម្មគឺមិនអាចលើកលែងបានឡើយ ទោះពេលណា កន្លែងណា និងដោយនណាក៏ដោយ។ មេដឹកនាំទាំងអស់ ក៏បានសំដែងនូវការជឿជាក់ក្នុងការធ្វើការ ជាមួយគ្នា នៅក្នុងវិស័យមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ការរំសាយសព្វាវុធ និងការគ្រប់គ្រងអាវុធ ព្រមទាំងការសហការជាមួយដៃគូទាំងអស់ ក្នុងការចូលរួមចំណែកថែរក្សាសុវត្តិភាព និងសន្តិសុខពិភពលោកឲ្យកាន់តែប្រសើរឡើងថែមទៀត។ មេដឹកនាំទាំងអស់ ក៏បានជឿជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព វិបុលភាព ក៏ដូចជាការលុបបំបាត់ នូវអនក្ខរភាព និងភាពក្រីក្រ ក្នុងចំណោមវិធានការ ដ៏មានប្រសិទ្ធភាពបំផុតនោះ គឺជាការលុបបំបាត់ នូវមូលដ្ឋានដែលបង្កើតឲ្យមានអំពើភេរវកម្ម និងអំពើជ្រុលនិយម។
ជាមួយគ្នានេះ បណ្តាមេដឹកនាំនៃប្រទេសទាំងអស់ របស់CICA បានទទួលស្គាល់ពីសារសំខាន់ នៃភាពជាដៃគូសកល ក្នុងការប្រមូលធនធានហិរញ្ញវត្ថុ និងវិនិយោគ ដើម្បីឈានទៅសំរេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បង្កើនការដាក់ពង្រាយ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប កាត់បន្ថយចំហេះកំរិតទាបលើហ្វូស៊ីលឥន្រ្ទនះ ថាមពលកកើតឡើងវិញ និងការបង្កើនប្រសិទ្ធភាពថាមពល គឺមានសារសំខាន់ក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុ និងការធ្វើឲ្យសម្រេចបាន នូវគោលដៅទី៧ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG7)។
ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅ នូវគំនិតផ្តួចផ្តើមរបស់រដ្ឋជាសមាជិកទាំងអស់ ក្នុងការជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម ការដឹកជញ្ជូន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក្នុងភូមិសាស្រ្តរបស់ CICA ក្នុងកម្រិតទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់ កិច្ចសហប្រតិបត្តិការរួម ធានានូវភាពងាយស្រួល និងកាសរគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាព ដើម្បីឈានទៅសម្រេចគោលដៅអភិ វឌ្ឍន៍ប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់បានធ្វើការពិភាក្សាគ្នា ផ្តោតសារសំខាន់នៃសេដ្ឋកិច្ចពិភពលោកបើកចំហ ការតភ្ជាប់ប្រទេស និងប្រជាជនទាំងអស់ ក្នុងការចែករំលែកផលប្រយោជន៍ នៃសកលភាវូបនីយកម្មដែលនឹងត្រូវតែប្តេជ្ញាយ៉ាងមោះមុត ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្តោតលើគោលការណ៍ច្បាប់ តម្លាភាព គ្មានការរើសអើង ប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយបរិយាប័ន្ន និងបើកចំហ ដោយផ្អែកលើ WTO ជាស្នូល។
មេដឹកនាំទាំងអស់ ក៏បានសង្កត់ធ្ងន់ពីកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលើកកម្ពស់ការតភ្ជាប់តំបន់ ជាពិសេសប្រព័ន្ធឡូជីស្ទីកនិងដឹកជញ្ជូន ដែលត្រូវបានធ្វើសមាហរណកម្ម និងការប្រកួតប្រជែង និងជួយសម្រេចបាននូវ ការប្រើប្រាស់កាលានុវត្តភាព ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព រវាងរដ្ឋសមាជិក និងពន្លឿនកិច្ចសហប្រតិបត្តិការឆ្លងកាត់ និងដឹកជញ្ជូនក្នុងតំបន់ និងអន្តរជាតិ។
មេដឹកនាំទាំងអស់ ក៏បានចាត់ទុកពិពិធកម្មវប្បធម៌ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ CICA ដោយថា ពិពិធកម្មនេះ រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ គឺជាទ្រព្យមួយដែលត្រូវបានទ្រទ្រង់ ដោយមនុស្សទាំងអស់គ្នា ពោលវាគឺជាកត្តានៃការនាំមកនូវសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិទាំងអស់។ នៅក្នុងសេចក្តីប្រកាសរួមមេដឹកនាំទាំងអស់ ក៏បានបានឯកភាពក្នុងការស្វែងយល់ ពីលទ្ធភាពនៃការបង្កើតព្រឹត្តិការណ៍ CICA សមស្របសម្រាប់អ្នកតំណាងរាស្រ្ត សាកលវិទ្យាល័យ បណ្ឌិតសភា វិទ្យាស្ថានស្រាវជ្រាវ អ្នកបង្កើតអាជីវកម្ម យុវជន សិល្បះករ ក្រុមវប្បធម៌ វិទ្យាស្ថានបណ្ណាសារ សាលារៀន បណ្ណាល័យ និងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយ ពិសេសសង្កត់ធ្ងន់លើតម្រូវការ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងការធ្វើឲ្យរស់ឡើងវិញនូវ ប្រពៃណី ទំនៀមទម្លាប់ចាស់ៗជាច្រើន តាមផ្លូវជំនួញសូត្របុរាណដែលបានប្រើប្រាស់ក្នុងការតភ្ជាប់ និង សម្របសម្រួលការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ជាមួយគ្នានេះនៅក្នុងសេចក្តីប្រកាសនោះដែរ មេដឹកនាំទាំងអស់បានបញ្ជាក់ពីសារសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងទំនាក់តំនងខាងក្រៅរបស់ CICA និងអង្គការ វេទិកាអន្តរជាតិ និងវេទិកាផ្សេងៗទៀត ពិសេសបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បណ្តាប្រទេសសម្របសម្រួល និងសហសម្របសម្រួល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ នៅក្នុងផ្នែកផ្សេងៗ នៃវិធានការកសាងទំនុកចិត្ត។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន មេដឹកនាំទាំងអស់បានស្វាគមន៍ចំពោះ សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្ការ ដែលបានចូលជាសមាជិកថ្មីរបស់ CICA។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានឯកភាពរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស CICA លើកទី៦ និងកិច្ចប្រជុំកំពូល CICA លើកទី៦ នៅឆ្នាំ២០២២។
ដូចគ្នានឹងបណ្តាប្រទេស CICA ដទៃទៀតដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់ កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើប្រធានបទ ចក្ខុវិស័យរួមដើម្បីសន្តិសុខ និងវិបុលភាព នៃតំបន់ CICA ក្នុងខ្លឹមសារទាំងស្រុងដូចតទៅ៖