FN ៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីសំណាក់សមភាគីនាយករដ្ឋមន្ត្រីហុងគ្រី លោក វីទ័រ អូបេន (Viktor Orban) នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស ដែលជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី)។
ក្នុងជំនួបកំពូលដ៏មានតម្លៃនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសទាំង២ ឲ្យកាន់តែខ្លាំងក្លា និងស្អិតរមួតបន្ថែមទៀត។
បន្ទាប់ពីបញ្ចប់ជំនួបកំពូលរួមមកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៣រួមមាន៖
ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ទី២៖ កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាងក្រសួងអប់រំយុវជន និងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២។
ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ជាមួយសាកលវិទ្យាល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បានចុះហត្ថលេខាផងដែរ។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ក្នុងរយៈពេលនោះគឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់ ក្នុងប្រតិបត្តិការសន្តិភាពនៅកម្ពុជា។
នៅក្នុងទំនាក់ទំនងទ្វេភាគីនោះដែរ ហុងគ្រីបានផ្តល់ថវិកាចំនួន១០០លានហ្វ័ររីនហុងគ្រី ដល់រដ្ឋាភិបាលនៃអតីតរដ្ឋកម្ពុជា ក្នុងការសាងសង់មជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា បារាំង ហុងគ្រី កំពង់កន្តួត ខេត្តកណ្តាល និងនៅឆ្នាំ១៩៩៧ កាកបាទក្រហមហុងគ្រី បានផ្តល់ជំនួយថ្នាំពេទ្យ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លាអាមេរិក ដល់ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។
លើការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ ១៩៩១ហុងគ្រី បានរួមចំណែកបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន១៩៥នាក់។ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៨ និស្សិតកម្ពុជាចំនួន៥០នាក់ បានទទួលអាហារូបករណ៍ក្រោមកម្មវិធី Sripendium Hungarian Program ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើមុខវិជ្ជាកសិកម្ម មនុស្សសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត ធម្មជាតិ។ល។ ដោយឡែកក្នុង ឆ្នាំ២០១៩នេះ មាននិស្សិតកម្ពុជាចំនួន២៩នាក់ កំពុងបន្តការសិក្សានៅប្រទេសហុងគ្រី។
សូមបញ្ជាក់ដែរថា លើការបណ្តុះបណ្តាលធនធានមនុស្សនេះដែរ ឥស្សរជនជាន់ខ្ពស់កម្ពុជាចំនួន៣រូបធ្លាប់ បានសិក្សានៅប្រទេសហុងគ្រី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្នុងនោះរួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ឡុង វីសាលោ និងលោក ស សុវណ្ណ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕