FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសហុងគ្រី លោក យ៉ាណូស អាឌែរ (Janos Ader) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះប្រទេសហុងគ្រី ដែលផ្តល់ការគាំទ្រ និងយុត្តិធម៌ដល់ប្រទេសកម្ពុជា ពាក់ព័ន្ធការការពារប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងប្រធានាធិបតីហុងគ្រី ថា «សម្ដេចតេជោ បានអរគុណ ហុងគ្រី ចំពោះការគាំទ្រលើប្រព័ន្ធអនុគ្រោះពន្ធ EBA។ សម្ដេចបានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺចង់ឲ្យសហភាពអឺរ៉ុបផ្ដល់ យុត្តិធម៌ចំពោះកម្ពុជា»។
ក្នុងជំនួបសំខាន់នោះ លោកប្រធានធិបតីហុងគ្រី បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន និងចាត់ទុកថាទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់សម្តេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្រ្ដីថាបានចូលរួមយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រី។
លោកប្រធានាធិបតីបានគូសបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរថា ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃទាំងពីរ មានសមិទ្ធផលជាច្រើនលេចជារូបរាងឡើង ជាពិសេសការចុះកិច្ចព្រមព្រៀងចំនួន៣ ដែលបានចុះហត្ថលេខារវាងប្រទេសទាំង២។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការជួបជាមួយលោកប្រធានាធិបតីនោះពេលនេះ ហើយនេះជាទស្សនកិច្ចដំបូងរបស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្រ្ដី ប៉ុន្ដែសម្ដេចធ្លាប់បានមកប្រទេសហុងគ្រីកាលពី៣៣ឆ្នាំមុន ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំង២។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសហុងគ្រីធ្លាប់ជួយប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៩ ដែលបានជួយដល់កម្ពុជា ក្នុងពេលដែលលំបាកនោះ ហើយកាលសម្ដេចមកទស្សនកិច្ចលើកដំបូង គឺសម្ដេចជា រដ្ឋមន្រ្ដីកាលបរទេសវ័យក្មេង ដើម្បីរកជំនួយការគាំទ្រពីប្រទេសហុងគ្រី។
សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារប្រទេសយើងមានទំនាក់ទំនងការទូត យើងបានបើកស្ថានទូតរវាងប្រទេសទាំងពីរ តែដោយសារមានការផ្លាស់ប្ដូរកាលពីមុនមកនោះ យើងបានបិទស្ថានទូត ប៉ុន្តែពេលនេះយើងមានបំណងបង្កើតស្ថានទូតឡើងវិញ នៅខួបទី៦៥ នៃទំនាក់ទំនងការទូតនៃប្រទេសទាំង២ នៅឆ្នាំ២០២១ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២។ ពិសេសនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ ប្រទេសទាំង២ បានចុះហេត្ថលេខាទៅលើកិច្ចព្រមព្រៀង៣ រួមទាំងការពង្រឹងទំនាក់ទំនងទៅលើក្របខណ្ឌបក្សផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ចំពោះទំនាក់ទំនងទ្វេភាគីវិញ គឺយើងបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ជំរុញលើវិស័យមួយចំនួនរួមមាន៖ វប្បធម៌, អប់រំ, ទេសចរណ៍ ជាពិសេសវិស័យអប់រំដែលយើងបានធ្វើកិច្ចសហប្រតិបត្តិការតាំងពីទស្សវត្ស៦០, ៧០ និង៨០ រហូតមកដល់ពេលនេះ។
សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរថា ជំនួយរបស់ប្រទេសហុងគ្រីមកប្រទេសកម្ពុជា ក្រោយពីឆ្នាំ១៩៧៩ គឺការបង្កើតនូវមជ្ឈមណ្ឌលក្មេងកំព្រាកម្ពុជា-ហុងគ្រី ដើម្បីជួយដល់ក្មេងកំព្រាក្នុងប្រទេសកម្ពុជា។
នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីវិញ សម្ដេចតេជោ ហ៊ុន សែន បានអរគុណប្រទេសហុងគ្រី ដែលបានគាំទ្រប្រទេសកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ឹម នៅឆ្នាំ២០២០ នៅប្រទេសកម្ពុជាខាងមុខ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានអញ្ជើញលោក ប្រធានាធិបតីហុងគ្រី មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមព្រះកុរណា ព្រះមហាក្សត្រនៃកម្ពុជា សម្ដេចបានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពរដល់លោកប្រធានាធិបតី និងបានគោរពអញ្ជើញប្រធានាធិបតី ធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងវិលត្រឡប់មកទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី នៅខែតុលាឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលទឹកពិភពលោក។
លោកប្រធានាធិបតី បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្ដី ពិសេសចំពោះការពាំនាំនូវការជូនពររបស់ព្រះមហាក្សត្រនៃកម្ពុជា និងថ្វាយអំណរគុណដល់ព្រះករុណា ព្រះមហាក្សត្រ។
លោកប្រធានាធិបតីក៏បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ទៅទស្សនកិច្ចនៅកម្ពុជា នៅពេលខាងមុខ។ លោកបានគូសបញ្ជាក់ទស្សនកិច្ចរបស់ សម្ដេច តេជោលើកនេះ គឺពិតជាចូលរួមពង្រឹងទំនាក់ទំនងនៃប្រទេសទាំង២ ហើយការបើកស្ថានទូត នៅប្រទេសទាំង២ គឺជាកត្តាសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយជាពិសេសគឺការចូលរួមនៃកិច្ចប្រជុំកំពូលទឹកពិភពលោក នៅខែតុលាខាងមុខនេះ។
លោកប្រធានាធិបតីរំពឹងថា នឹងទទួលសម្ដេចតេជោសាជាថ្មីម្ដងទៀតនៅខែតុលាខាងមុខនេះ នៅពេលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទឹក ពិភពលោកនៅទីក្រុង ប៊ុយ ដាប៉េស ប្រទេសហុងគ្រី។
លោកប្រធានាធិបតីបានបញ្ជាក់ថា ចំពោះកិច្ចប្រជុំទឹកពិភពលោកនេះ យើងបានអញ្ជើញពីមជ្ឈដ្ឋានផ្សេងៗដូចជាខាងពាណិជ្ជកម្ម វិទ្យាសាស្រ្ដាអប់រំ និង នយោបាយផងដែរ ដែលក្នុងន័យនេះលោកចង់ឃើញការតាំងពិព័រណ៍នៃបច្ចេកវិទ្យា ដែលជាដំណោះស្រាយសម្រាប់ការប្រឈមបញ្ហាទឹកពិភពលោក។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតីមានមតិផ្លាស់ប្ដូរ ជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្ដី ពាក់ព័ន្ធនឹងការប្រឈម នៃបម្រែប្រួលអាកាសធាតុ ពិសេសការគ្រប់គ្រង ធនធានធម្មជាតិ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានឆ្លើយតបអំពីកត្តាប្រឈមពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ គឺប៉ះពាល់ដល់ប្រទេសទាំងអស់រួមទាំង កម្ពុជាដូចជា៖ បញ្ហាទឹកជំនន់, គ្រោះរាំងស្ងួត, ខ្យល់កន្រ្ដាក់ជាដើម។
សម្ដេចបានគូសបញ្ជាក់ផងដែរថា កម្ពុជា និងហុងគ្រី គួរតែមានការផ្លាស់ប្ដូរមតិយោបល់គ្នា ដើម្បីឆ្លើយតបនឹងការបប្រែប្រួលអាកាសធាតុ៕