ជូនពរឆ្នាំថ្មី Muharram ដល់សហគមន៍ខ្មែរឥស្លាម

ក្នុងសារផ្ញើជូនពលរដ្ឋខ្មែរឥស្លាម ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥ ត្រូវនឹង ថ្ងៃទី ០១ ខែ មូហារ៉ាម មហាម៉ាត់ (Muharram) សករាជ ១៤៣៧ សម្តេចតេជោ ហ៊ុន សែន បាន រំលឹកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គាំទ្រ និងលើកតម្កើងសិទ្ធិសេរីភាពជំនឿសាសនា សិទ្ធិប្រកបការងារ សិទ្ធិចូលរួម កិច្ចការសង្គមទូទៅ និងបានចាត់ទុកបងប្អូនខ្មែរឥស្លាមជាសាច់ឈាម ខ្មែរតែមួយ។ សម្តេចបានក្រើនរំឮកដល់បងប្អូនខ្មែរឥស្លាមទាំងអស់ អោយប្រុងប្រយ័ត្នចំពោះការឃោសនា ញុះញង់ របស់គណបក្សនយោបាយនានា ពីការផ្លាស់ប្តូរ ដែលអាចប្រឈមនឹងវាសនាដូចសាសនិកឥស្លាម

សារជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពីនាយសមុទ្រ

នៅព្រឹក ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៥ នេះ ស្របពេលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងម៉ាកាវ និងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដល់ព្រះសង្ឃ គ្រប់ព្រះអង្គ និងជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ដោយរំឮកថា នេះគឺជាលើកទី ២ ហើយ ដែលសម្តេចមិនបាននៅចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលលើកទី ១ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ នេាះសម្តេចត្រូវទៅទទួលយាងព្រះរាជសពរបស់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ ពីទីក្រុងប៉េកាំង មកមាតុប្រទេសវិញ។

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រៀងច្បាប់ទូរគមនាគមន៍

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥, កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន បានអនុម័ត ១) សេចក្ដីព្រៀងច្បាប់ ស្ដីពីទូរគមនាគមន៍ ២) សេចក្ដីព្រៀងអនុក្រឹត្យ ស្ដីពីការបោះពុម្ព សារព្រមានលើកញ្ចប់ផលិតផលថ្នាំជក់ និងសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ក្នុងឱកាស នោះ សម្តេចតេជោ បានលើកឡើងផងដែរ អំពីសេចក្តីថ្លែងការណ៍ និងការអធិប្បាយ កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៥ ដើម្បីបំភ្លឺដល់ជនរួមជាតិកម្ពុជា ស្តីពី ផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយបានចែកជូនឯកសារនោះដល់សមាជិក/កា នៃអង្គប្រជំុ គណៈរដ្ឋមន្ត្រី។