យល់ស្របការផ្ទេរមុខងារ រវាងបរិស្ថាន និងកសិកម្ម, បញ្ជាមន្ត្រីមូលដ្ឋានបន្តបង្ក្រាបបទល្មើសព្រៃឈើ
នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្នុងពិធីសម្ពោធ «អគារមរតកតេជោ» និងពិធីបើកសន្និបាត បូក សរុបលទ្ធផលការងារឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ នៃក្រសួងបរិស្ថាន, សម្តេច តេជោ ហ៊ុន សែន បានកោតសរសើរឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថាន ថាជារដ្ឋមន្រ្តីទី ១ ដែលបានសុំឲ្យមានការផ្ទេរមុខងារ និងធ្វើប្រតិភូកម្មការងារ។ លោករដ្ឋមន្ត្រី បានស្នើអោយរាជរដ្ឋាភិបាលប្រគល់ និងផ្ទេររាល់គម្រោងអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្ម ទៅឲ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រង ហើយក្រសួងបរិស្ថានសុំយកតំបន់អភិរក្ស តំបន់ការពារ និងតំបន់បម្រុងទុក ពីក្រសួងកសិកម្មមកគ្រប់គ្រងវិញ។ សម្តេចតេជោបង្ហាញក្តីសង្ឃឹមថា រដ្ឋមន្រ្តីផ្សេងទៀត នឹងបញ្ឈប់ការអោបក្រសោប ដណ្តើមការងារ និងអំណាច ដែលជាញឹកញយ ពេលមានបញ្ហា តែងមកសុំការអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ដូចដែលអតីតរដ្ឋមន្រ្តីបរិស្ថាន ធ្លាប់បានធ្វើពីមុនមក។ ទាក់ទងនឹងបញ្ហាព្រៃឈើ សម្តេចតេជោ បានបន្តថា មិនឯកភាពនឹងការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែ ការកាប់ព្រៃឈើល្អិតល្អោច ដើម្បីយកដីមកធ្វើកសិកម្ម ឬដាំដំណាំឧស្សាហកម្ម ដូចជា កៅស៊ូ…