FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញមោទនភាពចំពោះស្នាដៃឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការមនុស្សធម៌ ដើម្បីសេចក្តី និងជីវភាព រស់នៅរបស់ប្រជាកម្ពុជានៅទូទាំងប្រទេស រហូតទទួលស្គាល់ជាសកលលើស្នាដៃពីសាកលវិទ្យាល័យខេត្តក្វាងស៊ី ប្រទេសចិន។
ការបង្ហាញមោទនភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សសាស្រ្តពីសាកលវិទ្យាល័យខេត្តក្វាងស៊ី ប្រទេសចិន នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លើទំព័រ Facebook របស់សម្តេចថា «ថ្ងៃនេះ ខ្ញុំមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងលះបង់គ្រប់យ៉ាងដោយគ្មានការនឿយហត់របស់ឧត្តមភរិយានៅក្នុងកិច្ចការមនុស្សធម៌ដើម្បីសេចក្តីសុខ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ រហូតមានការទទួលស្គាល់ជាសកលថ្ងៃនេះពីសាកលវិទ្យាល័យក្វាងស៊ី ប្រទេសចិន»។
សម្តេចតេជោ ហ៊ុន សែន ក្រៅពីសម្តែងការអបអរសាទរ និងបង្ហាញមោទនភាពចំពោះឧត្តមភរិយារបស់សម្តេចហើយនោះ សម្តេចតេជោ ក៏បានថ្លែងសរសើរភរិយារបស់សម្តេចផងដែរថា ជាឧត្តមភរិយាដ៏ល្អបំផុតរបស់សម្តេច។ សម្តេចបញ្ជាក់ដូច្នេះ «ភរិយាខ្ញុំមិនត្រឹមតែខិតខំប្រឹងប្រែងដឹកនាំកាកបាទក្រហមកម្ពុជាអោយបានល្អតែប៉ុណ្ណោះទេ តែគាត់ជាម្តាយល្អ ជាជីដូនល្អ និងជាឧត្តមភរិយាដ៏ល្អបំផុតរបស់ខ្ញុំ។ ខ្ញុំសូមអរគុណគណៈគ្រប់គ្រងសាកលវិទ្យាល័យក្វាងស៊ី និងសូមអរគុណបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗយុវជនដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការកាកបាទក្រហមកម្ពុជា»។
តំណាងឲ្យក្រុមគ្រួសារទាំងមូល សម្តេចតេជោ ហ៊ុន សែន បានជូនពរភរិយាជាទីស្រឡាញ់របស់សម្តេច ឲ្យនៅតែមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អរឹងមាំ ដើម្បីបន្តដឹកនាំការងារកាកបាទក្រហមកម្ពុជាជួយសង្គមជាតិឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕