FN ៖ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ បានសម្តែងនូវការថ្លែងអំណរគុណចំពោះការរៀបចំ និងស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ដំណើរ ទស្សនកិច្ចរបស់លោក និងភិរយាមកកាន់ប្រទេសកម្ពុជា និងសូមអបអរសាទរចំពោះកម្ពុជា ដែលក្លាយជាគោលដៅទេសចរណ៍ល្អផ្តាច់គេនៅពិភពលោក ឆ្នាំ២០១៦ ហើយសិង្ហបុរីបន្តត្រៀមខ្លួនជានិច្ចក្នុងការជម្រុញអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នេះបើយោងតាមលិខិតរបស់ប្រធានាធិបតីសិង្ហបុរី ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ។
លោកប្រធានាធិបតីសិង្ហបុរី បានលើកឡើងយ៉ាងដូច្នេះថា៖«សិង្ហបុរី និងកម្ពុជា បានចែករំលែកនូវចំណងមិត្តយ៉ាងកក់ក្តៅ និងយូរអង្វែង។ ការរីកចំរើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋានដ៏ល្អដើម្បីជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមសម្តែងនូវការ អបអរសាទរជូនចំពោះប្រទេសកម្ពុជា ដែលទើបទទួលនូវសមិទ្ធិផលដ៏គាប់ប្រសើរគឺ «គោលដៅទេសចរណ៍ល្អផ្តាច់គេ នៅលើពិភពលោក ប្រចាំឆ្នាំ២០១៦» ដែលត្រូវបានប្រគល់ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា និងប្រឹងប្រែង ដ៏មុះមុតរបស់កម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ព្រមទាំងការរក្សាឲ្យបាននូវនយោបាយបើកចំហជើងមេឃ»។
លោកប្រធានាធិបតីបានបន្តថា៖ ប្រទេសសិង្ហបុរីនឹងបន្តត្រៀមខ្លួនជានិច្ច ក្នុងការជម្រុញឲ្យមានការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា និងស្វែងរកឱកាស សម្រាប់ការទទួលបានផលប្រយោជន៍ពីសំណាក់ក្រុមហ៊ុននានារបស់សិង្ហបុរី៕
សូមជំរាបថា លោក តូនី តាន់ កេងយាំ ប្រធានាធិបតីទី៧ របស់សាធារណរដ្ឋសិង្ហបុរី ដែលកាន់តំណែងតាំងពីឆ្នាំ២០១១នោះ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ។
នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានេះ អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជរាំង និងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ៕