អ្នកសង្កេតការណ៍៖ ការហែក្បួនឃោសនាបោះឆ្នោត២ថ្ងៃនេះ មានភាពចាស់ទុំ!
RFI ៖ ការហែក្បួនព្យុហយាត្រាឃោសនាបោះឆ្នោត ចំនួន២ថ្ងៃនេះ គឺមានភាពចាស់ទុំ មានការគោរពវិន័យ និងយោគយល់អធ្យាស្រ័យគ្នាបានល្អ! វាគឺជាការបង្ហាញសញ្ញាណវិជ្ជមាននៃដំណើរការបោះឆ្នោត។ នេះគឺជាការមើលឃើញរបស់គ.ជ.ប. និងអ្នកសង្កេតការណ៍របស់សង្គមស៊ីវិល។ អ្នកនាំពាក្យបន្ទប់ស្ថានការណ៍ ដែលជាបណ្តុំអង្គការឃ្លាំមើលការបោះឆ្នោត លោក សម គន្ធាមី បានបង្ហាញការសង្កេត៣ចំណុច ប្រាប់វិទ្យុបារាំង RFI ថា ទី១ បក្សនយោបាយនិងសកម្មជន មានវិន័យ មានរបៀបរយ និងមានក្រមសីលធម៌ច្រើនជាងការឃោសនាអាណត្តិមុនៗ។ ទី២ ការនិយាយឃោសនា ស្រែកជ័យឃោស គឺមិនប៉ះពាល់បក្សផ្សេងៗ ហើយទី៣ ការហែក្បួនជាទូទៅ មានសណ្តាប់ធ្នាប់និងសន្តិសុខល្អ។ អ្នកជំនាញការបោះឆ្នោតរូបនេះ បញ្ជាក់ថា ទាំងនេះគឺជាសញ្ញាណល្អ ហើយស្តែងឲ្យឃើញថា បក្សនយោបាយទាំងអស់មានភាពចាស់ទុំច្រើន។ ដូចគ្នានេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសង្កេតឃើញថា បក្សនយោបាយដែលផ្តើមហែក្បួននិងធ្វើយុទ្ធនាការបោះឆ្នោត នៅក្នុងដំណាក់កាលថ្ងៃដំបូងៗនេះ គឺមានភាពយល់ដឹងច្រើន ពីបទបញ្ជា និងគោរពនីតិវិធីរបស់ច្បាប់បោះឆ្នោត។ អ្នកនាំពាក្យគ.ជ.ប. បណ្ឌិត ហង្ស ពុទ្ធា សង្កត់ធ្ងន់ថា គ.ជ.ប. អំពាវវនាវឲ្យគ្រប់គណបក្សត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងក្រុមការងាររបស់ខ្លួន, ផ្តល់ការអធ្យាស្រ័យរវាងក្រុមគ្នាឯងក្នុងបក្ស ហើយយោគយល់អធ្យាស្រ័យរវាងបក្សនយោបាយផ្សេងៗ ដែលមាននិន្នាការផ្ទុយគ្នា។…