FN ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងតម្លើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិល ដែលត្រូវដល់អាយុចូលនិវត្តន៍ទាំងអស់ មិនឲ្យតិចជាង៤៨០,០០០រៀលក្នុងមួយខែ នៅឆ្នាំ២០១៨ ខាងមុខនេះ នោះឡើយ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងសារជាថ្មីនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីអំពីលក្ខខណ្ឌបែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិ នាថ្ងៃនេះ លោក សំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិ សន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល បានថ្លែងឲ្យដឹងថា កិច្ចប្រជុំបានសម្រេចពីនីតិវិធី និងបែបបទក្នុងការតម្លើងប្រាក់សោធនិវត្តន៍ដល់មន្ត្រីរាជការស៊ីវិលនៅឆ្នាំ២០១៨ មិនឲ្យតិចជា៤៨ម៉ឺនរៀល ក្នុងមួយខែ និងបន្តខិតខំក្នុងការកាត បន្ថយគម្លាតរវាងអ្នកទទួលបាន សោធនខ្ពស់ និងទទួលបានសោធនទាបឲ្យកៀក និងប្រហាក់ប្រហែងគ្នា។
លោក សំហេង បុរស បានសង្កត់ធ្ងន់ថា ការសិក្សាក្នុងការតម្លើងរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍នៅឆ្នាំ២០១៨ មិនឲ្យតិចជាង៤៨ម៉ឺនរៀល ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយសម្តេចបានយកចិត្តទុកដាក់ចំពោះបងប្អូន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារ៕