FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបដិសេធថា ពាក់ព័ន្ធរឿង ធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតនោះ គ.ជ.ប គ្មានសមត្ថកិច្ចស្នើទៅរដ្ឋសភាបានទេ ព្រោះផ្ទុយពីបទបញ្ញត្តិច្បាប់ជាធរមាន ការងារទាំងអស់ គឺ គ.ជ.ប អនុវត្តទៅតាមច្បាប់សុទ្ធសាធ ហើយលោកបានចង្អុលប្រាប់ថា អ្នកដែលមានសិទ្ធិតាមច្បាប់នោះ គឺក្រុមអ្នកតំណាងរាស្រ្ត។
លោកប្រតិកម្មបែបនេះ បន្ទាប់ពីអំឡុងពេលថ្មីៗនេះ មានមជ្ឈដ្ឋានសាធារណៈ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ចេះតែទទូចឲ្យ ស្ថាប័ន គ.ជ.ប ស្នើទៅកាន់រដ្ឋសភា សុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីឲ្យ គ.ជ.ប ចុះឈ្មោះបោះឆ្នោតឲ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស និងតម្រូវឲ្យពួកគាត់ មានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេស បានដូចប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបកស្រាយនូវចម្ងល់មួយចំនួន ដែលបានលើកឡើងកន្លងមក ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត អ្នកនៅក្រៅប្រទេស ខ្ញុំសូមឆ្លើយ ឲ្យហើយ ដើម្បីកុំឲ្យមានការស្រពិចស្រពិល ព្រោះការដឹកនាំ គ.ជ.ប បច្ចុប្បន្ននេះ ជាការដឹកនាំមួយដែលអនុវត្ត ទៅតាមរដ្ឋធម្មនុញ្ញ ទៅតាមច្បាប់បោះឆ្នោត ហើយនិងទៅតាមច្បាប់ជាធរមាននានា មិនអាចប្រាសចាសបានទេ នេះហើយជាការកម្រិតសកម្មភាពរបស់ គ.ជ.ប ធ្វើតាមបច្ចេកទេសស្របទៅតាមច្បាប់»។
លោកបានអះអាងថា គ.ជ.ប មិនបានបំបិទសិទ្ធិប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ តែវាជាការអនុវត្តទៅតាមច្បាប់សុទ្ធសាធ ពិសេសគឺអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកប្រធានបានលើកឡើងពី ទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា ដែលសុទ្ធតែកំណត់នូវសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋ និងស្ថាប័ន គ.ជ.ប ផ្ទាល់ ហើយបានបញ្ជាក់ថា បើនៅតែទទូចឲ្យ គ.ជ.ប ធ្វើសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់ទៅរដ្ឋសភាទៀតនោះ ដូចឲ្យ គ.ជ.ប ប្រព្រឹត្តខុសច្បាប់យ៉ាងអីចឹង ព្រោះការស្នើធ្វើវិសោធនកម្មច្បាប់ណាមួយ មានតែក្រុមអ្នកតំណាងរាស្រ្តទេ ដែលមានសិទ្ធិ និងសមត្ថកិច្ចផ្លូវច្បាប់ធ្វើកិច្ចការនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៧នេះ ត្រូវបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ។
ជាមួយគ្នានោះ លោក ស៊ិក ប៊ុនហុក ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បាន ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោតហើយ ប៉ុន្តែបានផ្លាស់ប្ដូរទៅលំនៅ ឬទីសំណាក់ថ្មី ត្រូវត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨។
គ.ជ.ប ធ្លាប់បានបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកគ្រប់យូរហើយតែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅ ឬទីសំណាក់ថ្មីនោះ មានប្រមាណជាង ២លាននាក់។
ចំណែកឯការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕