ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការជូនដំណើរសម្ដេចតេជោឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី ២៤ នេះ
សម្តេច ឯកឧត្តម លោកជំទាវ ដែលជាឧបនាយករដ្ឋមន្រ្តី ក៏ដូចជាសមាជិករាជរដ្ឋាភិបាលបានជ្រាបដោយសារតែបញ្ហាកូវីដ-១៩ ក៏ដូចជាយើងកំពុងបិទទីក្រុងភ្នំពេញផង។ ការចេញដំណើររបស់ខ្ញុំលើកនេះចេញទៅក្រៅប្រទេសពុំមានការចាំបាច់ដើម្បីនឹងជូនដំណើរពីសម្តេច ឯកឧត្តម លោកជំទាវ ដែលជាឧបនាយករដ្ឋមន្រ្តីដូចពេលមុននោះទេ។ ខ្ញុំឲ្យពិធីការជូនដំណឹងទៅសម្តេច ឯកឧត្តម លោកជំទាវ ហើយខ្ញុំក៏ចង់ជម្រាបបន្ថែមថា ហេតុផលគឺងាយយល់គឺថាយើងកំពុងបិទទីក្រុងទី ១។ ទី ២ បញ្ហាកូវីដ-១៩ គឺជាបញ្ហាសំខាន់នៅត្រង់ថា ខ្ញុំធ្វើដំណើរទៅគឺត្រឡប់មកវិញគឺត្រូវធ្វើចត្តាឡីស័ក។ អញ្ចឹងប្រសិនបើសម្តេច ឯកឧត្តម លោកជំទាវ ទៅទទួលខ្ញុំក៏អាចនឹងធ្វើចត្តាឡីស័កដូចគ្នា ដូច្នេះធ្វើឲ្យកម្លាំងដឹកនាំនៅតាមស្ថាប័នរាជរដ្ឋាភិបាល នឹងជួបការលំបាកកាន់តែខ្លាំង។ អញ្ចឹងទេខ្ញុំទៅពេលព្រឹក ហើយយប់តាមអ្វីដែលជាព័ត៌មាននៃការប្រជុំអាចនឹងយប់បន្តិចខ្ទង់រំលងម៉ោង ៩យប់ គឺខ្ញុំនឹងត្រឡប់មកដល់ប្រទេសវិញ ហើយពេលមកដល់ប្រទេសគឺពុំមានការធ្វើសន្និសីទកាសែតដូចកាលពីពេលមុនដោយឯកឧត្តម កៅ គឹមហួន នោះទេ គឺពុំមានការធ្វើសន្និសីទសារព័ត៌មាននោះទេប៉ុន្តែជំនួសវិញដោយការយកសំណាកដើម្បីធ្វើតេស្តរកកូវីដ-១៩ ទៅវិញទេ។ ដូច្នេះហើយបានជាខ្ញុំស្នើដូរទម្រង់នៃការចាកចេញរបស់ខ្ញុំដោយគ្មានអ្នកជូន និងអ្នកទទួលដំណើរ ហើយការវិលត្រឡប់របស់ខ្ញុំ និងគណៈប្រតិភូក៏មិនចាំបាច់មានអ្នកជូនដំណើរ។ ដោយឡែកសម្រាប់ខាងផ្នែកពិធីការ ឬក៏អ្នកសារព័ត៌មានក៏ត្រូវនៅឲ្យឆ្ងាយៗដើម្បីចៀសវាងនូវបញ្ហាការជាប់ធ្វើចត្តាឡីស័ក ហើយការប្រើប្រាស់សំលៀកបំពាក់ ការថែទាំអនាម័យ ក៏ត្រូវតែបានធ្វើគ្រប់មនុស្សទាំងអស់ បើទោះបីថាជាគណៈប្រតិភូជាន់ខ្ពស់ទាំងមានរបៀបការពារខ្លួនក៏ដោយ ក៏ប៉ុន្តែយើងមិនប្រាកដថា ការការពារខ្លួនរបស់យើងអាចរួចផុតអំពីកូវីដ-១៩ ដែលយើងមើលមិនឃើញនោះទេ។ ដូច្នេះសុំសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីធ្លាប់ជូនដំណើរហើយជាទេសរដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីមួយចំនួនធ្លាប់ជូនដំណើរគឺផ្អាកការជូនចុះ។…