សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និង អន្តរជាតិ បងប្អូនជនរួមជាតិទាំងអស់ជាទីនឹករឭក ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា–វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម» ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាប់ជាមួយនឹងស្រុកឡុងប៊ិញ ខេត្តឤងយាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយរំដោះប្រជាជន និង ប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការ ប្រកបដោយភាតរភាព ដោយបានចែករំលែកធនធានរបស់ខ្លួនចូលរួមវិភាគទានដ៏ថ្លៃថ្លា ក្នុងការជួយស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់រហូតមក។ ជាមួយនេះ កម្ពុជាសូមអបអរសាទរចំពោះការអភិវឌ្ឍសង្គមជាតិវៀតណាម ដែលតាមរយៈការរីកចម្រើននេះ ក៏នឹងអូសទាញបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជិតខាង ដូចជាកម្ពុជាផងដែរ។ ជាការពិត ពិធីនេះក៏ជាការរំឭកខួបអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលមកដល់ឆ្នាំ ២០១៧ នេះ មានរយៈពេល ៥០ ឆ្នាំមកហើយ (១៩៦៧-២០១៧) ។ តាមរយៈនេះ យើងឤចនិយាយបានថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាចំណងដៃមួយនៃឱកាសខួបលើកទី…