FN ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) លោក ស៉ិក ប៊ុនហុក បានចេញលិខិតផ្លូវការមួយ ដើម្បីថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ថាប័នជាតិ រាជរដ្ឋាភិបាល កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមធ្វើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ ព្រមទាំងមានកាសាទរ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ប្រធាន គ.ជ.ប ចាត់ទុកជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ «គឺជាជោគជ័យដ៏ធំធេងមួយរបស់ ប្រជាពលរដ្ឋខ្មែរ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។
សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានគណបក្សនយោបាយចំនួន១២ ចូលរួមប្រកួតប្រជែង៕