សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានគួរអនុវត្តន៍វិធានការចំនួន៤ ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ានគួរតែអនុវត្តន៍វិធានការចំនួន៤ ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ផ្សេងៗ។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដូច្នេះក្នុងពេលឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។ វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាមឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី៤»។ ស្របតាមប្រធាននេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចរន្ដនៃការរីកចម្រើនវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាដែលហៅថាបដិវត្ដន៍ឧស្សាហកម្មទី៤ បានក្លាយទៅជាកត្ដាគន្លឹះមួយកំណត់នូវនិន្នាការវិវត្ដនៃសង្គម-សេដ្ឋកិច្ច ក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលនុវត្ដភាព ទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។ សម្តេចបន្តថា បដិវត្ដន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្ដាផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), ការប្រើប្រាស់មនុស្សយន្ដ (Robot), ការបោះពុម្ភ 3D, ការប្រើប្រាស់បច្ចេកទេសវិទ្យាជីវវិទ្យា (Biotech) -ល-។ ដែលបច្ចេកវិទ្យាទាំងនេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងលឿននូវក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុខមកក្នុងវិស័យផលិតកម្ម, អប់រំ,…