សម្តេចតេជោ ហ៊ុន សែន ចាត់ចែងរឿងសំខាន់ៗពីរ សម្រួលដល់ជនរួមជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះបីជាមិនបានមានវត្តមានក្នុងប្រទេស ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋ ក៏សម្តេចបានចាត់ចែងការងារសំខាន់ៗចំនួន២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ កិច្ចការសំខាន់ៗដែលសម្តេចបានចាត់ចែងនោះ គឺចេញរថយន្តក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយមិនគិតថ្លៃ និងមួយទៀត គឺជំរុញដំឡើងប្រាក់ឈ្នូលជូនកម្មករឱ្យច្រើនជាងមុន ព្រមទាំងបើកប្រាក់ខែកន្លះខែមុន នៅឱកាសបុណ្យជាតិនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ «ព្រោះតែកាតព្វកិច្ចដើម្បីបុព្វហេតុជាតិ ភ្ជុំបិណ្ឌឆ្នាំនេះខ្ញុំមិនបាននៅធ្វើបុណ្យទាននៅវត្តជាមួយបងប្អូនជនរួមជាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឡើយ។ ប៉ុន្តែខ្ញុំបានចាត់វិធានការតាមរយៈសាលារាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូន ក្មួយៗ ចំណាកស្រុកមកភ្នំពេញ អាចធ្វើដំណើរទៅស្រុកជួបឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារជាទីស្រឡាញ់បានដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព»។ សម្តេចបានបន្តថា «ចំពោះក្មួយៗ ជាកម្មករ កម្មការីនី ពូបានរៀបចំឱ្យក្មួយៗទទួលបានប្រាក់ខែកាន់តែច្រើនជាងឆ្នាំមុន និងបានឱ្យថៅកែបើកប្រាក់ខែកន្លះខែម្តង។ ពូសង្ឃឹមថា ភ្ជុំលើកនេះ ក្មួយៗនឹងបានសប្បាយរីករាយជាមួយគ្រួសារដោយធូរធារជាងមុន។ ចំពោះក្មួយៗដែលជ្រើសរើសមិនទៅស្រុក ដោយការចាំបាច់ណាមួយនោះសូមក្មួយកុំអាក់អន់ចិត្តត្បិតពូក៏អត់បានមកស្រុកដែរ»។ យ៉ាងណាក៏ដោយ ទាំងចំពោះក្មួយៗ ដែលជាប់ភារកិច្ច និងក្មួយៗដែលបានទៅលេងស្រុក ទាំងបងប្អូនជនរួមជាតិទាំងអស់ សម្តេចបានជូនពរឱ្យទាំងអស់គ្នាបានសប្បាយរីករាយក្នុងពេលភ្ជុំបិណ្ឌ…