គ.ជ.ប នៅតែមិនអនុញ្ញាតឱ្យហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ប៉ុន្តែពិចារណាលើសំណើបក្សប្រឆាំង ចំពោះការចែកខិត្តបណ្ណ និងចាក់មេក្រូ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារ៍នេះ នៅតែមិនអនុញ្ញាតឱ្យគណបក្សប្រឆាំង ឬគណបក្សណាមួយ ហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា គ.ជ.ប នឹងពិចារណាបន្ថែមទៀត ចំពោះសំណើសុំចែកខិត្តបណ្ណ និងចាក់ក្បាលមេក្រូ នៅទីតាំងហាមឃាត់ រួមទាំងការប្រមូលផ្តុំនៅទីសាធារណៈ។ ការបញ្ជាក់ជំហររបស់គ.ជ.ប បានធ្វើឡើងជាថ្មី នៅក្រោយកិច្ចប្រជុំមួយរវាងតំណាង គ.ជ.ប ដែលដឹកនាំដោយ លោក សោម សូរិដា អគ្គលេខាធិការរងគ.ជ.ប ជាមួយ តំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនោះ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សសង្រ្គោះជាតិ បានស្នើសុំចំនួន៤ចំណុច រួមមានបញ្ហាពាក់ព័ន្ធនឹងការហាមឃាត់មិនឱ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ បញ្ហាលើកស្លាកគណបក្សនយោបាយ បញ្ហាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត បញ្ហាបញ្ចាំអត្តសញ្ញាណបណ្ណរបស់ប្រជាពលរដ្ឋ និងការផ្សាយអំពីគោលនយោបាយតាមវិទ្យុ និងទូរទស្សន៍ជាដើម។ លោកបានបញ្ជាក់ថា ចំពោះការហែក្បួននៅទីតាំងដែលអាជ្ញាធររាជធានីភ្នំពេញហាមឃាត់នោះ…