FN ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានប្រាប់ទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡាទូទាំងប្រទេស ត្រូវធ្វើការផ្សព្វផ្សាយ លេខទូរស័ព្ទ២ខ្សែ ០៣១ ២០ ១២៣ ៤៥ និង០៣១ ៦០ ១២៣ ៤៥ ជាបន្ទាន់របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន (សាលាមតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ពាក់ព័ន្ធករណីចាប់សិស្សសាលា ដូចព័ត៌មានបានផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook នាពេលថ្មីៗនេះ។
យោងតាមលិខិតរបស់រដ្ឋមន្ដ្រីអប់រំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលថ្មីៗនេះ មានការបង្ហោះព័ត៌មាននៅប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Facebook ពាក់ព័ន្ធនឹងបញ្ហាចាប់សិស្សសាលាបឋមសិក្សា ពេលចេញពីសាលារៀនទៅផ្ទះ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់សិស្សសាលា ពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជន។ ដើម្បីចូលរួមចំណែកសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្ការ ទប់ស្កាត់ និងធ្វើអន្ដរាគមន៍ឲ្យទាន់ពេលវេលា នាយកដ្ឋានកណ្ដាលសន្ដិសុខ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានស្នើមកក្រសួងជួយធ្វើការផ្សព្វផ្សាយ នៅលេខទូរស័ព្ទបន្ទាន់ចំនួន២ខ្សែ ដូចខាងក្រោម ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន»។
ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃដដែលនេះ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ដោយបានអំពាវនាវឲ្យអាណាព្យាបាលសិស្សទាំងអស់ សូមកុំមានការព្រួយបារម្ហ ជុំវិញករណីចាប់ក្មេងសិស្សសាលាបឋមសិក្សា ពេលចេញពីសាលារៀនទៅផ្ទះ ពីព្រោះថាចំពោះករណីនេះ សមត្ថកិច្ចកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានត្រៀមលក្ខណៈ ក្នុងការធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួង សូមជម្រាបជូនដល់មាតា បិតា អ្នកអាណាព្យាបាល សាធារណជនទាំងអស់ជ្រាបថា ក្រសួង និងអាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសនាយកដ្ឋានកណ្ដាលសន្ដិសុខ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានតាមដានយ៉ាងយកចិត្តទុកដាក់ព្រមទាំងបានត្រៀម លក្ខណៈក្នុងការធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ក្នុងករណីមានសេចក្ដីរាយការណ៍ពីសកម្មភាពសង្ស័យផ្សេងៗ ដែលនឹងឈានទៅធ្វើសកម្មភាពចាប់សិស្សសាលាជាក់ស្ដែង កើតមានឡើង»។
សូមបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ ក៏បានប្រកាសលេខទូរស័ព្ទចំនួន២ខ្សែផងដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ ទៅលេខទូរស័ព្ទរបស់នាយកដ្ឋានទាំង២ខ្សែនេះផងដែរ៕