FN ៖ ការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជានាសម័យបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់មនុស្សលើគ្រប់វិស័យបូករួមទាំងការសិក្សាផងដែរ។ ទន្ទឹមនឹងការរីករាលដាលប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញសង្គមផ្សេងៗរួមទាំង Facebook គឺបានធ្វើឲ្យការអានសៀវភៅរបស់យុវជនខ្មែរ សិស្សនិស្សិត និងប្រជាពលរដ្ឋមានការថមថយផងដែរ គ្រាដែលកម្រិតអំណាននៅកម្ពុជាមានកម្រិតទាបស្រាប់នោះ។ ក្នុងពិធីបើកទិវាជាតិអំណានក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងសកលលោកនាពេលបច្ចុប្បន្ន ព្រោះតែការរីករាលដាលនៃប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឲ្យការអានសៀវភៅបានថមថយយ៉ាងខ្លាំង។ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងមើលឃើញដូចគ្នាថា នៅសម័យបច្ចុប្បន្នអាណាព្យាបាលបានទម្លាប់ទិញសម្ភារៈទំនើបដូចជាស្មាតហ្វូន iPade និង Tablet ជាដើម ឲ្យកូនៗរបស់ពួកគេជំនួសការទិញសៀវភៅជូនកូន ជាទិសដៅអវិជ្ជមានមួយក្នុងសង្គម ដែលមិនបានជួយជំរុញលើកទឹកចិត្តដល់កូនៗនោះឡើយ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បណ្តាញសង្គម Facebook និង Youtube គឺគ្រាន់តែជាកន្លែងផ្តល់ដំណឹងមួយផ្នែកតែប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ចំណេះដឹង និងពុទ្ធិថ្មីៗ ដូចការអានសៀវភៅនោះឡើយ។…