ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីសំណួរចម្លើយ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន
[ចម្លើយទី ១] តាមការយល់ដឹងរបស់ខ្ញុំ យើងមិនមែនស្ថិតនៅក្នុងស្ថានភាពដូចជាបាក់ទំនប់ ឬក៏រត់បុកជញ្ជាំងនោះទេ រវាងបដិវត្តន៍ដែលយើងកំពុងស្ថិតនៅ ថាចូលទៅក្នុងបដិវត្តន៍ឧស្សាកម្មទី ៤។ ការពិត លើស្ថានភាពជាក់ស្តែង វាកំពុងបាន និងកើតរួចស្រេចទៅហើយ។ សព្វថ្ងៃនេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលដូចជា ការធ្វើចរាចរណ៍មួយពីផ្លូវដែលតូចល្មម ទៅកាន់ផ្លូវធំជាងតែប៉ុណ្ណោះ។ ដូច្នេះ វាមិនមានហានិភ័យណាមួយកើតឡើងរបៀបជាការបាក់ទំនប់នៅប្រទេសឡាវ ឬបាក់ទំនប់នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ព្រោះលើការជាក់ស្តែង ក្នុងប៉ុន្មានឆ្នាំមុននេះ តើយើងផ្ញើសារជូនគ្នាតាមរបៀបណា? ឥឡូវ យើងផ្ញើសារជូនគ្នាតាមរបៀបណា? សូម្បីតែការដោះស្រាយបញ្ហាមួយចំនួន យើងបាន និងកំពុងស្ថិតនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ រួចស្រេចទៅហើយ។ ដូច្នេះ ខ្ញុំគិតថា វាមិនមានការផ្លាស់ប្ដូរទស្សនៈណាមួយកើតឡើង ឬការផ្លាស់ប្ដូរណាមួយក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស រវាងប្រទេសជិតខាង និងប្រទេសជិតខាង និងជាមួយនឹងបណ្ដាប្រទេសនៅក្រៅតំបន់នោះទេ។ ផ្ទុយទៅវិញ អ្វីដែលយើងបាន និងកំពុងមាន វាកំពុងទៅតាមសម្រួល គ្រាន់តែយើងរត់ឲ្យទាន់ជាមួយនឹងសភាពការណ៍ទាំងអស់នោះ ដែលខ្ញុំមើលឃើញថា សម្រាប់បណ្តាប្រទេសនៅក្នុងមេគង្គ ឬអាចហៅថា ACMECS បញ្ហាសំខាន់របស់យើងជាអាទិភាព នៅតែជាបញ្ហាតភ្ជាប់ ដើម្បីធានាថា ធ្វើឲ្យប្រទេសរបស់យើងទាំងអស់ ទៅមករកគ្នាក្នុងស្ថានភាពមួយដោយងាយស្រួល គឺយើងតភ្ជាប់ទាំងផ្នែករូបវ័ន្ត តភ្ជាប់ទាំងផ្នែកទេសចរណ៍ ហើយក្នុងនោះទៀត អ្វីដែលសំខាន់ជាងនេះទៀតគឺការតភ្ជាប់ពាក់ព័ន្ធជាមួយនឹងការសម្រួលទិដ្ឋភាពផ្លូវច្បាប់។…