FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៦កន្លែង សរុបទុនវិនិយោគជាង៦០លានដុល្លារអាមេរិក។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះ គម្រោងវិនិយោគទាំង៦នោះរួមមាន៖
១៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ (បម្រើការសាងសង់) ពីថ្មម៉ាប ឬថ្មក្រានីត របស់ក្រុមហ៊ុន MIKOL STONE CO., LTD. តែពុំមានការលើកទឹកចិត្តនោះទ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥៧កន្លែង។
២៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SAAB PHNOM PENH CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ និងកែច្នៃម៉ូតសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកំបោរ សង្កាត់ឪទ្បោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០២៨កន្លែង។
៣៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SHAN HAI JING (HONG KONG) HANDICRAFT MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រផលិតផ្កា និងផ្លែឈើសិប្បនិម្មិត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។
៤៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន YONG DE XIN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង។
៥៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន VENICE HOLIDAY HOTEL CO., LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួយ ២២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦១កន្លែង។
៦៖ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន KOL VEASNA INVESTMENT CO., LTD គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០២៨កន្លែង៕