FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះនិស្សិតជយលាភីមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រទាំងអស់ បន្ទាប់ពីបានខិតខំសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកទៅដល់ក្រសួងសុខាភិបាលឱ្យពិនិត្យដោយយកចិត្តទុកដាក់ ដោយមិនត្រូវឱ្យមានគ្រូពេទ្យគ្មានការទទួលស្គាល់ច្បាស់លាស់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា សាកលវិទ្យាល័យដែលបណ្តុះបណ្តាលលើវេជ្ជសាស្ត្រក៏ត្រូវតែធ្វើការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាឱ្យនិស្សិតដែលចេញពីសាកលវិទ្យាល័យរបស់ខ្លួនមានការទទួលស្គាល់ត្រឹមត្រូវ។
* សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សង្គមជាតិ និងពង្រឹងសមត្ថភាពនៅតាមស្ថាប័ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមុនឆ្នាំ១៩៧០ ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ការបណ្តុះបណ្តាលធនធានមនុស្ស មានការយកចិត្តទុកដាក់ខ្លាំង ហើយស្ថានភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានភាពល្អប្រសើរ។ តែភាពល្អប្រសើរនេះ ត្រូវបានបំផ្លាញដោយសារតែសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា លុះក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាស្ត្រកម្ពុជាត្រូវប្រឹងប្រែងទប់ស្កាត់សង្គ្រាមផង និងបណ្តុះបណ្តាលធនធានមនុស្សផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា ប្រជាពលរដ្ឋដែលមានវណ្ណៈកណ្តាលមានការកើនឡើងច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានមោទនភាព ដោយសារបប្រជាពលរដ្ឋបានយកចិត្តទុកដាក់ក្នុងការជំរុញឱ្យកូនៗបានសិក្សារៀនសូត្រ ខណៈរាជរដ្ឋាភិបាលខិតខំក្នុងការពង្រាយសាលា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធាននេះ មិនអាចពឹងផ្អែកតែលើគោលនយោបាយរបស់រាជរដ្ឋាភិបាលបាននោះទេ គឺត្រូវតែទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋជាអាណាព្យាបាលផ្ទាល់តែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ឱ្យជួយជំរុញ និងលើកទឹកចិត្តដល់កូនៗបានរៀនសូត្រខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍប្រទេសជាតិត្រូវពឹងផ្អែកជាសំខាន់ទៅលើធនធានមនុស្ស ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដាំកៅស៊ូកុំអាលបោះបង់កៅស៊ូរបស់ខ្លួន ដោយសារការធ្លាក់ថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសម៉ាឡេស៊ី ប្រើប្រាស់អង្ករពីកម្ពុជាច្រើនជាងគេ។ សម្តេចតេជោ បានបញ្ជាក់ផងដែរ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីនៅថ្ងៃមុននេះ ម៉ាឡេស៊ីបានអះអាងថា នឹងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនដល់ក្រសួងកសិកម្មឱ្យយកចិត្តទុកដាក់លើការដាំដុះរបស់ប្រជាពលរដ្ឋឱ្យប្រើជីធម្មជាតិ ចៀសវាងការប្រើជីគីមី។ សម្តេចតេជោ បានអះអាងថា លទ្ធភាពប្រកួតប្រជែងអង្កររបស់កម្ពុជានាពេលបច្ចុប្បន្នដោយសារតែការដាំដុះមិនប្រើជាតិគីមី។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់កសិករដាំដុះបន្លែបង្ការគ្មានជាតិគីមី ហើយអ្នកទិញចូលរួមគាំទ្របន្លែបង្ការគ្មានជាតិគីមី។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា នំបញ្ចុកជាអត្តសញ្ញាណរបស់ជាតិ មិនមែនជារបស់បក្សនយោបាយណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានសរសើរឡាវ ដែលតែងតែបង្ហាញអាហារអត្តសញ្ញាណរបស់ខ្លួន «បាយដំណើប» សម្រាប់ទទួលភ្ញៀវរួមទាំងសម្តេចផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងពិចារណាយកម្ហូបអាហារអត្តសញ្ញាណខ្មែរដើម្បីទទួលភ្ញៀវរួមទាំងនំបញ្ចុកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពិធីរៀបចំហូបនំបញ្ចុកនៅថ្ងៃទី០៩ ខែមិថុនា មិនត្រូវរៀបចំតែនៅខាងក្រៅនោះទេ ត្រូវរៀបចំនៅតាមវត្តផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការហូបនំបញ្ចុកនឹងជួយបង្កើនទីផ្សារអង្ករ និងបន្លែបង្ការផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឱ្យមានការប្រយ័ត្នប្រយែងកុំឱ្យមានករណីពុលនំបញ្ចុក ដែលអាចនាំឱ្យមានការទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ ទោះយ៉ាងណាសម្តេចតេជោ រំពឹងថា នឹងមានបញ្ហាអ្វីកើតឡើងនោះទេ ឱ្យតែធ្វើឱ្យមានអនាម័យ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការរៀបចំនំបញ្ចុកជូនកម្មករ កម្មការិនីផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ផ្ទះជួលឱ្យរៀបចំនំបញ្ចុកជូនអ្នកជួលផ្ទះ ជួលបន្ទប់ផងដែរ។ សម្តេចតេជោ បានថ្លែងថា សម្តេចអរគុណជាមុនចំពោះម្ចាស់ផ្ទះ ម្ចាស់បន្ទប់ជួលដែលរៀបចំនំបញ្ចុកជូនអ្នកជួលផ្ទះ ជួលបន្ទប់។
* សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យតាមរោងចក្រនានារៀបចំនំបញ្ចុកជូនកម្មករ កម្មការិនីផងដែរ។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការពិនិត្យម្ហូបអាហាររបស់សម្តេច ត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៧៩ ក្នុងពេលសម្តេចធ្វើជារដ្ឋមន្ត្រីការបរទេសមកម្ល៉េះ ដើម្បីធានាដល់សុវត្ថិភាព។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នរដ្ឋទាំងអស់ឱ្យរៀបចំម្ហូបអាហារអត្តសញ្ញាណរបស់ខ្មែរទទួលភ្ញៀវបរទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ហូបនំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិនៅថ្ងៃទី០៩ មិថុនា នឹងលុបបំបាត់ការលាបពណ៌គ្នា និងជំរុញឱ្យមានចលនាប្រើរបស់ខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាគណបក្សនយោបាយនិយមកណ្តាលតំបន់អាស៊ីនៅឆ្នាំ២០១៩នេះ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកឱ្យសមាជិកបក្សប្រជាជនកម្ពុជា ឱ្យទៅចូលរួមហូបនំបញ្ចុកជាមួយបក្សនយោបាយដទៃបើគេអញ្ជើញ ហើយក៏ត្រូវអញ្ជើញឱ្យគេមកហូបជាមួយផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កុំមានការភ័ន្តច្រឡំថា នឹងមានការសម្របសម្រួលនយោបាយតាមរយៈព្រឹត្តិការណ៍ហូបនំបញ្ចុកនេះឱ្យសោះ។