សុន្ទរកថានិងប្រសាសន៍អធិប្បាយ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាយុត្តិធម៌
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាយុត្តិធម្ម” ដែលជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដែលជាការរួមចំណែក ក្នុងការធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសម័យនោះ កម្ពុជាបានបង្កើតឱ្យមាន “តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង” ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ ១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា “តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង”។ នៅឆ្នាំ ១៩៨៥ “តុលាការប្រជាជនកំពូល” និង “មហាអយ្យការអមតុលាការប្រជាជនកំពូល” ត្រូវបានបង្កើតឡើង ដោយក្រឹត្យឆ្នាំ ១៩៨៥។…