សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២២
ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ; ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២២ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម មូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមជាមួយនឹងនិន្នានាការសកលថ្មីៗ បាននិងកំពុងជំរុញឱ្យមានគម្លាតសង្គម និងជាតិសាសន៍ក៏ដោយ, អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅតែអាចរក្សាបាននូវចំណងមិត្តភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា។ ក្នុងស្មារតីនេះ, កម្ពុជាសូមគាំទ្រ យុទ្ធសាស្ត្រគោលនយោបាយភាគខាងត្បូងថ្មីបូក ដែលផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៧ ស្របតាមយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន និងសូមស្វាគមន៍ការអនុម័ត សេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជាក៏សូមស្វាគមន៍គំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានាធិបតី មូន ចេ-អ៊ីន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខភាពសាធារណៈ ជាពិសេស ការប្រយុទ្ធនឹងជំងឺកូវីដ-១៩…