សាររំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកជំទាវ អានី សុខអាន
FN ៖ នៅមុននេះបន្តិចនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកមរណភាពទុក្ខជូនលោកជំទាវ អានី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។ នៅលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ «សូមសម្តែងនូវសមានទុក្ខ ស្តាយស្រណោះអាឡោះអាល័យ និងក្តីសង្វេគអនេកប្បការ ព្រោះថាមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ឧត្តមស្វាមីប្រកបដោយភក្តីភាពបំផុត ចំពោះភរិយា ហើយក៏ជាការបាត់បង់លោកឪពុក និងជីតាពោរពេញដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះ បុត្រាបុត្រី បុត្រាបុត្រីប្រសា និងចៅៗទាំងអស់ជាស្រឡាញ់ លើសពីនេះទៀត នេះក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើម របស់ជាតិមួយរូប ដែលបានបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានធ្វើពលិកម្មសព្វបែបយ៉ាង»។