FN ៖ ពេលកំណត់នៃការធ្វើយុទ្ធនាការ ស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ បានឈានមកដល់ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២ ដែលបានចុះឈ្មោះប្រកួតប្រជែង គេសង្កេតឃើញមានតែគណបក្សនយោបាយធំៗចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សក្រៅរដ្ឋាភិបាល បានធ្វើសកម្មភាពទ្រង់ទ្រាយធំ។
គណបក្សប្រជាជនកម្ពុជា បានធ្វើការជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ មុននឹងបែងចែកកម្លាំងទៅបណ្តាសង្កាត់នានា ដែលចូលរួមដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រីឯគណបក្សសង្រ្គោះជាតិ ធ្វើការជួបជុំលើវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅវិថី ៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គណបក្សប្រជាជនកម្ពុជា មិនធ្វើទ្រង់ទ្រាយធំនោះទេ។ ការមិនធ្វើទ្រង់ទ្រាយធំនេះ គឺគោរពទៅច្បាប់ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំណត់ឲ្យការដង្ហែក្បួនឃោសនា ធ្វើឡើងត្រឹមឃុំ សង្កាត់ ដែលបានចុះឈ្មោះប្រកួតប្រជែង។
លោក សុខ ឥសាន្ត បានបញ្ជាក់ផងដែរថា ដោយសារតែថ្ងៃទី២០ ខែឧសភា ចំថ្ងៃនៃទិវានៃការចងចាំដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតែងតែធ្វើរៀងរាល់ឆ្នាំនោះ ដូច្នេះនៅថ្ងៃទី២០ ខែឧសភា ដែលជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធពិធីព្រមៗគ្នានៅទូទាំងប្រទេស ដោយភ្ជាប់ជាមួយការប្រារព្ធទិវាចងចាំនេះផងដែរ។
ទិវាចងចាំ គឺជាទិវារំលឹកដល់ភាពខ្លោចផ្សា ការរងទុក្ខវេទនា និងការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ នៅក្នុងទិវានេះ អ្នកចូលរួមបានឈរស្មឹងស្មាធិ៍ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ហើយក៏មានការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈបង្ហាញពីអំពើយង់ឃ្នងរបស់ខ្មែរក្រហមផងដែរ។
សម្រាប់គណបក្សសង្រ្គោះជាតិវិញ បើតាមការជូនដំណឹងរបស់ខ្លួននៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ខ្លួនធ្វើឡើងតែនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ។
យោងតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ ក្នុងរយៈពេល ១៤ថ្ងៃនេះ គណបក្សនយោបាយទាំងអស់អាចដង្ហែក្បួនឃោសនានៅតាមឃុំ សង្កាត់ ដែលចុះឈ្មោះប្រកួតប្រជែងបានតែពីរដងប៉ុណ្ណោះ។
កម្លាំងសមត្ថកិច្ចរាប់ម៉ឺននាក់ ក៏ត្រូវបានគេដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ទាំងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងពេលបោះឆ្នោត។ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលនេះ។
លោក សុខ ឥសាន្ត បានអំពាវនាវ និងសម្តែងការរំពឹងទុកថា គ្រប់គណបក្សនយោបាយទាំងអស់នឹងគោរពទៅតាមច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការរៀបចំរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីបញ្ចៀសបាននូវបញ្ហា រួមទាំងអំពើហិង្សាផ្សេងៗ ដែលនាំដល់អសន្តិសុខនៅក្នុងសង្គម៕